មានដឹងទេ! ថារូបិយវត្ថុជាក្រដាស និងរូបិយប័ណ្ណអេឡិចត្រូនិច ឬ«ប៊ីតខញ»ខុសគ្នាដូចម្តេច?
22/09/2022 4:00 pm ភ្នំពេញ

ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ «លុយ» ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជាតិនីមួយៗ។ បច្ចុប្បន្ន ទូទាំងពិភពលោក មានលុយប្រមាណ១៨០ប្រភេទខុសៗគ្នា។ ក្រៅពីរូបិយវត្ថុជាក្រដាស ក៏មានរូបិយប័ណ្ណអេឡិចត្រូនិច ឬ«ប៊ីតខញ»ផងដែរ។ តើរូបិយវត្ថុទាំងពីរនេះ មានភាពខុសគ្នាយើងដូចម្តេច?


បើតាមសៀវភៅខ្ញុំចង់ដឹង «ស្វែងយល់ពីលុយ» របស់អង្កការ Sipar   កាលពីមុនមក មេដឹកនាំនយោបាយបង្ហាញអំណាចរបស់ខ្លួនតាមរយៈលុយនេះឯង ដោយភាគច្រើនគេឆ្លាក់រូបស្តេចឬមហារាជនៅលើលុយដែលចរាចរទូទាំងចក្រភពក្រិក ដើម្បីបង្ហាញពីកិត្យានុភាពរបស់ព្រះអង្គ។ ក្រោយមកប្រទេសនីមួយៗបាននឹកគិតវិធីរៀងៗខ្លួនក្នុងការរចនា និងផលិតលុយរបស់ប្រទេសខ្លួនឱ្យខុសពីប្រទេសដទៃទៀត ដើម្បីសម្គាល់អត្តសញ្ញាណជាតិ។ 

ជាមួយគ្នានេះដែរ នៅគ្រប់បណ្ដាប្រទេសនីមួយៗមាននិមិត្តសញ្ញានៃលុយរៀងៗខ្លួន។ រៀល ជានិមិត្តសញ្ញាលុយកម្ពុជា ។ ដុល្លារ ជានិមិត្តសញ្ញាលុយអាមេរិក។ ផោន ជានិមិត្តសញ្ញាលុយអង់គ្លេស ចំណែក យ័ន ជានិមិត្តសញ្ញាលុយចិន។ រូពីជានិមិត្តសញ្ញាលុយឥណ្ឌា ឯយ៉េន ជានិមិត្តសញ្ញាលុយជប៉ុន។ គីប ជានិមិត្តសញ្ញាលុយឡាវ រីឯបាត ជានិមិត្តសញ្ញាលុយថៃ និង វ៉ុន ជានិមិត្តសញ្ញាលុយកូរ៉េខាងត្បូង។

ក្នុងនោះដែរ បណ្តាប្រទេសជាសហគមន៍អឺរ៉ុប មាន២៧ប្រទេសជាសមាជិក ហើយក្នុងនោះមាន១៩ប្រទេស ដែលប្រើប្រាស់លុយតែមួយដូចគ្នាគឺលុយ «អឺរ៉ូ»។ ការប្រើប្រាស់លុយដូចគ្នានេះ ដើម្បីឱ្យសម្ព័ន្ធភាពនៃបណ្ដាប្រទេសទាំងនេះរឹងមាំ ជាពិសេស ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ រវាងប្រទេសដែលប្រើប្រាស់លុយរួម។ 

ក្រៅពីនេះ ក៏មានរូបិយប័ណ្ណអេឡិចត្រូនិច ឬ«ប៊ីតខញ»។ «ប៊ីតខញ» ជាលុយអេឡិចត្រូនិចដំបូងគេ បង្កើតឡើងនៅឆ្នាំ២០០៩ ដោយវិស្វករព័ត៌មានវិទ្យាម្នាក់ ដែលមិនដឹងថាជានរណាឱ្យប្រាកដ។ វិស្វករដែលគេមិនស្គាល់ឈ្មោះនោះបាន បង្កើតប្រព័ន្ធបច្ចេកវិទ្យាពិសេសមួយ ដើម្បីចងភ្ជាប់«ប៊ីតខញ»ទាំងអស់ប្រកបដោយសុវត្ថិភាព ដែលហៅថា ប្លុកឆេន។ 

គួរបញ្ជាក់ដែរថា រូបិយប័ណ្ណអេឡិចត្រូនិច គឺជារូបិយប័ណ្ណមួយបែបថ្មីទៀតដែលមានឈ្មោះ និងតួលេខប៉ុណ្ណោះ។ វាជាលុយដែលគ្មានរូបរាង និងឆ្លងកាត់ការបោះពុម្ព ឬតម្កល់ទុកក្នុងធនាគារមានតែតួលេខ និងគ្រប់គ្រងដោយប្រព័ន្ធព័ត៌មានវិទ្យាដ៏ស្មុគស្មាញ៕

 

ព័ត៌មានទាក់ទង