ភ្ជុំបិណ្ឌ៖ មន្ទីរទេសចរណ៍ខេត្តកំពត រំពឹងថាមានទេសចរច្រើន ប្រសិនបើអាកាសធាតុល្អ
22/09/2022 11:00 am កំពត

ដោយ៖ ជឿន ស្រីណយ

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅតែរំពឹងថាខេត្តកំពតនឹងមានទេសចរច្រើន ក្នុងពេលឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ទោះបច្ចុប្បន្នបណ្ដាខេត្តផ្សេងមានកន្លែងកម្សាន្តច្រើនក៏ដោយ។ យ៉ាងណាមិញ លោក សយ ស៊ីណុល បារម្ភពីបញ្ហាអាកាសធាតុអាចនឹងរាំងស្ទះការធ្វើដំណើររបស់ភ្ញៀវទេសចរ។



រដ្ឋបាលខេត្តកំពតកំពុងធ្វើឆ្នេរខ្សាច់ពីរកន្លែងក្នុងខេត្តដើម្បីត្រៀមទទួលទេសចរក្នុងឆ្នាំ២០២៣។ លើសពីនេះនៅតាមបណ្ដោយដងព្រែក ប្រតិបត្តិករមួយចំនួនបន្តសាងសង់រីសត កន្លែងស្នាក់នៅជាបន្តបន្ទាប់ខណៈសេវាកម្មនេះតែងខ្វះខាតពេលពិធីបុណ្យទាន។ ជាមួយគ្នានេះ រៀងរាល់ចុងសប្តាហ៍ខេត្តកំពតមានទេសចរទៅកម្សាន្តមិនចេះដាច់។

តាមរយៈផលិតផលទេសចរណ៍ដែលកំពុងកកើត និងមានស្រាប់ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រំពឹងថា ទេសចរជាតិ និងអន្តរជាតិនឹងទៅកម្សាន្តនៅកំពតច្រើននាពេលឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី ២៤ ដល់២៦កញ្ញា​នេះ។ បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះភ្ញៀវទេសចរភាគច្រើនទៅលេងនៅតាមតំបន់ដងព្រែក តំបន់ទឹកឈូរ​ និងតាមរីសតផ្សេងៗ។


លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកំពត

«យើងមានផលិតផលថ្មីច្រើនដូចជា តំបន់ទំនប់ម្លេច តំបន់ទំនប់ប្រទាក់ក្រឡា ដែលជាកន្លែងកសិទេសចរណ៍ដែលអាចជិះឡូរី មើលទេសភាពធម្មជាតិ និងតាមរីសត។ ឆ្នាំនេះបើមិនមានបញ្ហាអាកាសធាតុទេ យើងនឹងមានទេសចរច្រើន។ ប៉ុន្តែយើងមិនធៀបជាមួយឆ្នាំមុនទេ ព្រោះកូវីដ-១៩ តែយ៉ាងណាបច្ចុប្បន្នក៏យើងនៅគោរពវិធានសុវត្ថិភាព»។ នេះជាការលើកឡើងរបស់លោក សយ ស៊ីណុល។

ដោយឡែកសម្រាប់ភ្ញៀវទេសចរដែលមានបំណងទៅសម្រាកកម្សាន្តនៅខេត្តកំពត គួរកក់កន្លែងស្នាក់នៅយ៉ាងហោចណាស់មុន ១សប្តាហ៍។ ភ្ញៀវទេសចរដែលចង់កម្សាន្តនៅកន្លែងស្នាក់នៅតែម្ដងគួរស្នាក់នៅតាមរីសត ដែលស្ថិតនៅតាមដងព្រែង ឬតំបន់កសិទេសចរណ៍៕


ព័ត៌មានទាក់ទង