AFD ប្តេជ្ញាបន្តផ្តល់ជំនួយប្រចាំឆ្នាំដល់កម្ពុជា ពី១០០ទៅ ១២០លានអឺរ៉ូ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
22/09/2022 9:00 am ភ្នំពេញ

ដោយ: ធន់ សេងហុង

ភ្នំពេញ ៖ រដ្ឋាភិបាលបារាំង ប្តេជ្ញាបន្តផ្តល់ឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ ( ៩៩-១១៨លានដុល្លារ) សម្រាប់ចូលរួមចំណែកអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា ដែលផ្តោតលើបម្រែបម្រួលអាកាសធាតុ បង្កើតការងារដល់ពលរដ្ឋ អភិបាលកិច្ចល្អ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។



ការប្តេជ្ញាដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (Agence Française de Développement – AFD) ថ្មីប្រចាំតំបន់អាស៊ីអាគ្មេយ៍ នាថ្ងៃទី ២០ កញ្ញា ។
 
លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា​ និងអត្រាការប្រាក់, ការថមថយសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍ និងប្រទេសចិន, វិបត្តិសង្គ្រាមនៅអ៊ុយក្រែន, ព្រមទាំងបញ្ហានយោបាយក្នុងតំបន់ និងអន្តរជាតិ បានកំពុងបង្កផលប៉ះពាល់អវិជ្ជមាន ដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា​។
 


ជំនួយជាបន្តបន្ទាប់របស់បារាំង បានឆ្លើយតបក្នុងការធ្វើកំណែទម្រង់របស់កម្ពុជា ទៅលើវិស័យអាទិភាពមួយចំនួនដូចជា ឡូជីស្ទីក ថាមពល ជំនាញ ឌីជីថល សហគ្រាសធុនតូច និងមធ្យម កិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំងការកែលំអបរិយាកាសវិនិយោគ លើកកម្ពស់ការប្រកួតប្រជែង ជំរុញការនាំចេញជាដើម។ នេះជាការអះអាងរបស់លោក​ អូន ព័ន្ធមុនីរ័ត្ន ។ 
 
លោក Jean-Pierre Marcelli បានបញ្ជាក់ថា តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការ។ ជាពិសេសរដ្ឋាភិបាលបារាំង ប្តេជ្ញាបន្តផ្តល់ឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ (៩៩-១១៨លានដុល្លារ) សម្រាប់រួបចំណែកអភិវឌ្ឍ និងស្តារសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា និង យុទ្ធសាស្រ្តរបស់ AFD (Country Strategy 2022-2026)។ 
 
ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ តាមរយៈ AFD សាធារណរដ្ឋបារាំងបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨លានអឺរ៉ូ (៨៧៩លានដុល្លារ) ដល់កម្ពុជា ក្នុងនោះឥណទានសម្បទានចំនួន ៥៣៣លានអឺរ៉ូ (៥២៧លានដុល្លារ) និងហិរញ្ញប្បទានឥតសំណង ១៧៨លានអឺរ៉ូ (១៧៦លានដុល្លារ)។ កញ្ចប់ថវិកាទាំងអស់នេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល៕
 

ព័ត៌មានទាក់ទង