AFD នឹងអនុម័តគម្រោងអភិវឌ្ឍវារីវប្បកម្មទឹកប្រៃ កៅស៊ូ និងផលិតកម្មពោតនៅចុងឆ្នាំនេះ 
21/09/2022 3:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ទីភ្នាក់ងារបារាំង  ដើម្បីអភិវឌ្ឍន៍(AFD) នឹងអនុម័តគម្រោងអភិវឌ្ឍកសិកម្មចំនួនពីរ ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះតទៅ។ ក្នុងនោះរួមមាន គម្រោងការអភិវឌ្ឍវារីវប្បកម្មទឹកប្រៃនិងការគ្រប់គ្រងតំបន់ឆ្នេរប្រកបដោយនិរន្តភាព គ្រោងអនុម័តនៅចុងឆ្នាំ២០២២ និងគម្រោង RAD4CAM ទាក់ទង់នឹងដំណាំកៅស៊ូ និងផលិតកម្មពោត អនុម័តនៅឆ្នាំ២០២៣។

គម្រោងទាំងពីរនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ថ្ងៃទី២០ ខែសីហា។ 

លោក វេង សាខុន បានសាទរចំពោះគម្រោងទាំងពីរនេះ ថែមទាំងឯកភាពគ្នាជំរុញ និងគាំទ្រគម្រោងនេះឱ្យទទួលបានការអនុវត្តពេញលេញនៅបំណាច់ឆ្នាំ២០២២ខាងមុខ។ 

បច្ចុប្បន្ន វិស័យកសិកម្មបានដើរតួរនាទីយ៉ាងសំខាន់ក្នុងបង្កើតការងារតាមជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធានាសន្តិសុខស្បៀង។ មកដល់ពេលនេះ ដំណើរការវិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា បានក្លាយជាប្រទេសមានសន្តិសុខស្បៀង និងការនាំចេញផលិផលកសិកម្ម ជាពិសេសស្រូវនិងអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ចេក ស្វាយ កៅស៊ូជាដើម។ 

យ៉ាងណា វិស័យកសិកម្មកម្ពុជា ត្រូវការកិច្ចសហការចាំបាច់ពីដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការវិនិយោគលើខ្សែច្រវាក់ផលិតកម្មកែច្នៃស្របតាមលក្ខខណ្ឌតម្រូវពីប្រទេសបញ្ជាទិញ ដែលទាមទារឱ្យមានការគាំទ្រទុន និងបច្ចេវិទ្យាទំនើប។ 

ដូច្នេះ រដ្ឋមន្រ្តីកសិកម្ម បន្តស្នើឱ្យ AFD ពិនិត្យ និងពិចារណាលើគម្រោងចាំបាច់ផ្សេងទៀត ដែលជួយលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតកម្មកសិករ ពិសេស ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ បម្រើដល់ការងារផលិត និងកែច្នៃ ដែលទាមទារឱ្យមានច្ចេកវិទ្យាកសិកម្មទំនើប។ ក្រៅពីនោះ ក្រសួងកសិកម្ម ក៏ត្រូវការការគាំទ្រ ជំនួយឧបត្ថម្ភ កិច្ចសហការពីដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងការផ្តល់ឥណទានដែលមានការប្រាក់ទាបសម្រាប់វិស័យឯកជនផងដែរ៕ 

 

 

 



 

ព័ត៌មានទាក់ទង