ភ្ញៀវទេសចរកើនឡើងជិត ៥០ភាគរយ នាចុងសប្តាហ៍ទី៣ នៃខែកញ្ញា
21/09/2022 10:00 am ភ្នំពេញ

ដោយ៖សែម ប្រាក់ដាវ
ភ្នំពេញ៖ ចុងសប្តាហ៍ទី៣នៃខែកញ្ញា ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានដើរកម្សាន្តទូទាំងប្រទេសកម្ពុជា។ ទិន្នន័យនេះ កើនឡើងជិត ៥០ភាគរយ បើធៀបនឹងសប្ដាហ៍ទី២ នៃខែកញ្ញា។ គោលដៅទេសចរណ៍ដែលភ្ញៀវសម្រុកទៅកម្សាន្តច្រើនមាន រាជធានីភ្នំពេញ ព្រះសីហនុ កណ្ដាល សៀមរាប កំពត និងបាត់ដំបង។


យោងតាមទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ ភ្ញៀវដើរកម្សាន្តទូទាំងប្រទេសនៅថ្ងៃទី១៧-១៨ខែកញ្ញា ចំនួន ៣០០ ៣៨៥នាក់ ក្នុងនេះភ្ញៀវជាតិ២៤៦ ៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៣ ៤២៥នាក់។ ទិន្នន័យនេះ កើនឡើងចំនួន៤៧.៣ ភាគរយ បើធៀបនឹងសប្ដាហ៍ទី២ នៃខែកញ្ញា។ នាចុងសប្ដាហ៍ទី៣នេះ មានប្រជាពលរដ្ឋជាច្រើនបានចេញដំណើរទៅដាក់បិណ្ឌនៅតាមវត្តអារាម និងទៅកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានា។ 

យ៉ាងណាមិញ គោលដៅទេសចរណ៍សំខាន់ៗរួមមាន រាជធានីភ្នំពេញ ៦៩ ៤០៤នាក់, ខេត្តព្រះសីហនុ ២៩ ៤២២នាក់ ,ខេត្តកណ្ដាល ២៥ ០៩៣នាក់, ខេត្តសៀមរាប ២៤ ៥៧៧នាក់, ខេត្តកំពត ២២ ៥៥៥នាក់ និងខេត្តបាត់ដំបង ២០ ១៩០នាក់។ 

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ដល់មន្ទីរទេសចរណ៍ និងភ្នាក់ងារពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានពង្រឹងសេវាកម្មទេសចរណ៍ រក្សាតម្លៃ បរិស្ថានអនាម័យ នៅតាមគោលដៅទេសចរណ៍សំខាន់ៗនានាដែរ៕
 

ព័ត៌មានទាក់ទង