រដ្ឋបាលជលផលខេត្តកណ្ដាល ព្យាករថាទិន្នផលត្រីឆ្នាំនេះ នឹងកើនឡើងជាងឆ្នាំមុន
20/09/2022 5:00 pm កណ្តាល
ដោយ៖ ញឹក ស្រីល័ក្ខ

ភ្នំពេញ៖ «ទិន្នផលត្រីនាឆ្នាំនេះ នឹងមានការកើនឡើងជាងឆ្នាំមុន»។ នេះជាការសន្និដ្ឋានរបស់លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ដោយលោកសង្កេតឃើញថា កូនត្រីឆ្នាំនេះ កើនឡើងច្រើនជាងឆ្នាំមុន ដោយសារភ្លៀងធ្លាក់ដើមឆ្នាំច្រើនធ្វើឱ្យទឹកបឹង និងព្រែកមួយចំនួនក្នុងខេត្តកណ្ដាលមិនបានស្រកអស់។


ក្នុងបេសកកម្មចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅភូមិសាស្ត្រភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ កាលថ្ងៃទី១៩ ខែកញ្ញា លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល លើកឡើងថា៖«ផលត្រីឆ្នាំនេះ ខ្ញុំជឿថាកើន។ មិនមែនកើនតែចំនួនត្រីទេ គុណភាពក៏ល្អ។ ដោយសារឆ្នាំនេះ ទឹកមានតាំងពីដើមឆ្នាំ»។ 

បើតាមហ្វេសប៊ុកផេករដ្ឋបាលខេត្តកណ្ដាល ក្នុងបេសកកម្មចុះបង្រ្កាបសៃយ៉ឺនស្បៃមុងខាងលើ លោក ហេង សុភារិទ្ធិ សង្កេតឃើញមានកូនត្រីចម្រុះជាច្រើនប្រភេទ ដោយក្នុងមួយសៃយ៉ឺនស្បៃមុងមានកូនត្រីចម្រុះពី៣០ ទៅ៥០ គីឡូក្រាម។ នាប្រតិបត្តិការចុះបង្ក្រាប នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលរូបនេះ ក៏បានអំពាវនាវឱ្យប្រជានេសាទទាំងអស់ ត្រូវប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនអាជ្ញាធរមានសមត្ថកិច្ច។


រូបពីរដ្ឋបាលស្រុកពញាឮ

ការប្រគល់ឧបករណ៍នេសាទខុសច្បាប់ជូនអាជ្ញាធរមានសមត្ថកិច្ចនេះ លោក ហេង សុភារិទ្ធិ អះអាងថាដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផល ដែលអាចធ្វើឱ្យទិន្នផលត្រីនៅក្នុងខេត្តកណ្ដាលមាននិរន្តរភាព។ គួរបញ្ជាក់ថា ក្នុងការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ក្រុមការងារបានបង្ក្រាប សៃយ៉ឺនស្បៃមុង ចំនួន៥៥, មាត់លូ របាំងព្រោះស្បៃមុងប្រវែង ៤,២០០ម៉ែត្រ, បង្គោលតូចធំ ចំនួន ១,៤០០ដើម និងបានចាក់លែងកូនត្រីចម្រុះ ប្រមាណ ១៥០គីឡូក្រាម។ នេះបើតាមហ្វេសប៊ុកផេករដ្ឋបាលខេត្តកណ្ដាលខាងលើ៕

ព័ត៌មានទាក់ទង