ភ្លៀងនឹងធ្លាក់ខ្លាំងនៅតំបន់ជួរភ្នំដងរែក និង​ខ្ពង់រាបភាគឦសាន ពេញមួយសប្ដាហ៍
20/09/2022 10:00 am ភ្នំពេញ
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅជួរភ្នំដងរែក និង​ខ្ពង់រាប​ភាគឦសាន ដោយឡែកតំបន់ទំនាបកណ្ដាល និងមាត់សមុទ្រ នឹង​មាន​ភ្លៀងពី​មធ្យម​ទៅច្រើន។ នេះបើតាមការព្យាកររបស់​ក្រសួងធនធានទឹក និងឧតុនិយម។


ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធខ្ពស់ពីប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប ITCZ រំកិលចុះមកក្រាម អូសបន្ទាយកៀកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនខ្សោយទៅបង្គួរ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាលអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ កម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្ដាខេត្តក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 


​រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម

ចំណែកឯ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់កម្រិតមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។  តាមស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក អំពាវនាវដល់អាជ្ញាធរដែនដី និងពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំនន់ដែលអាចកើតមាន​ ដោយសារបរិមាណទឹកភ្លៀងច្រើនហួសកម្រិត Overflow និងទឹកជំនន់ភ្លៀង Flash Flood ដែលនឹងបន្តធ្លាក់បន្ថែមថ្មី។ ជាពិសេសតំបន់ជាប់ជួរភ្នំ ទំនាបជាប់ ឬក្បែរផ្លូវទឹក និងភូមិសាស្រ្តជាប់ព្រំដែនថៃជាដើម៕ 

ព័ត៌មានទាក់ទង