ក្រសួងកិច្ចការនារី និងអុកស្វាម បង្កើតវេទិកាលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ
08/09/2022 3:30 pm ភ្នំពេញ
ដោយ៖ ញឹក ស្រីល័ក្ខ (Nhek Sreyleak)

ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងអង្គការអុកស្វាមនៅកម្ពុជា បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី «ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ» កាលពីថ្ងៃទី៧ កញ្ញា ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនៅកម្ពុជានាពេលអនាគត។ នេះបើតាមក្រសួងកិច្ចការនារី។


វេទិកាថ្នាក់ជាតិស្ដីពី «ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ» បង្កើតឡើងដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជា និងអាស៊ាន ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនៅកម្ពុជានាពេលអនាគត។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់កាន់តែស៊ីជម្រៅ លើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខណ្ឌអាស៊ាន និងនៅក្នុងតំបន់ តាមរយៈការចែករំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស។ លើសពីនេះ វេទិកានេះ នឹងជួយដល់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ ប្រមូលនូវព័ត៌មាន និងមតិយោបល់ មករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅអនុវត្តបាននាពេលអនាគត។


លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ រូបភាពពីក្រសួងកិច្ចការនារី

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បញ្ជាក់ថា គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ មានសារៈសំខាន់ ក្នុងការជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា ជាពិសេសក្នុងចំណោមពលរដ្ឋជាស្រ្តី។ នាយិការូបនេះ បន្តថា អង្គការអុកស្វាម និងអង្គការដៃគូ នឹងបន្តជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។   


លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។ រូបភាពពីក្រសួងកិច្ចការនារី

ក្នុងវេទិកាជាតិនេះ មានវត្តមានលោកស្រី Lenny N. Rosalin អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសមភាពយេនឌ័រ ក្រសួងផ្តល់ភាព អង់អាច ដល់ ស្ត្រី និងគាំពារកុមារ ប្រទេសឥណ្ឌូណេស៊ី និង ជាប្រធានគណៈកម្មការធិការអាស៊ានស្តីពីស្ត្រី ទៅលើប្រធានបទ៖ «ការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះវិស័យសេដ្ឋកិច្ចថែទាំ»។ ជាមួយគ្នានេះ ក្នុងវេទិកានេះ ក៏មានការពិភាក្សាតុមូលទៅលើប្រធានបទស្តីពីការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្ត្រីក្នុងតំបន់អាស៊ានតាមរយៈគោលនយោបាយគាំពារគ្រួសារ និងគាំពារសង្គម ពីវាគ្មិនកិត្តិយសសំខាន់ចំនួន៥រូបផងដែរ៕

ព័ត៌មានទាក់ទង