អភិបាលខេត្ត​កំពង់ធំ ស្នើ​​មន្ត្រីជំនាញបន្តពង្រឹងការអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់លើអ្នកកាប់ទន្ទ្រានដីសហគមន៍
16/08/2022 2:00 pm កំពង់ធំ

ដោយ៖ ស៊ុល រ៉វី
នៅ​ក្នុង​ពិធីរុក្ខទិវាដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ស្នើដល់មន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ លើអ្នកកាប់ទន្ទ្រានយកដីសហគមន៍។ ក្នុង​ពិធី​រុក្ខទិវានេះ អាជ្ញាធរខេត្តកំពង់ធំ រួមនឹងពលរដ្ឋ បាន ដាំកូនឈើចំនួន ២៥០០ដើម នៅលើផ្ទៃដី២ហិកតា ក្នុង​សហគមន៍វាលអូរក្ដី ស្រុកសន្ទុក។


កូនឈើធ្នង់ គ្រញូង បេង គគីរ និងឈើទាលចំនួន ២៥០០ដើម ត្រូវ​បាន​អាជ្ញាធរខេត្ត​កំពង់ធំ ដាក់ដាំនៅសហគមន៍វាលអូរក្ដី ស្រុកសន្ទុក។ ការដាំកូនឈើខាងលើនេះ ធ្វើឡើងនា ដោយមានការចូលរួមជាង ៥០០នាក់។

នាពិធីនោះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើដល់មន្ត្រីជំនាញបន្តសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ លើអ្នកកាប់ទន្ទ្រានយកដីសហគមន៍។ លោក លើកឡើងទៀតថា ព្រៃដែលទើបនឹងកាប់ គឺត្រូវតែដកហូតភ្លាម រីឯព្រៃដែលបានកាប់រានកន្លងមក ត្រូវផ្ទៀងផ្ទាត់ទិន្នន័យ និងផលប៉ះពាល់ផ្សេងៗ។ 

អភិបាលខេត្តរូបនេះ ក៏បានអំពាវនាវដល់ពលរដ្ឋចូលរួមដាំដើមឈើ ថែរក្សា និងការពារឱ្យបានល្អ ចៀសវាងការបំផ្លាញដោយសកម្មភាពមនុស្ស សត្វ ឬក៏តាមធម្មជាតិផ្សេងទៀត។ គួរជម្រាបផងដែរ សហគមន៍វាលអូរក្ដី មានទីតាំងស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ គ្របដណ្ដប់លើផ្ទៃដី ៤ ២១៨ហិកតា។ សហគមន៍នេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបង្កើត និងគ្រប់គ្រងតំបន់ព្រៃសហគមន៍វាលអូរក្ដី ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្នព្រៃសហគមន៍នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ និងសហគមន៍ ដើម្បីទទួលខុសត្រូវ៕

 

ព័ត៌មានទាក់ទង