កាសល ស៊ីនួន ជនជាតិដើមភាគតិចចារ៉ាយដំបូងគេ ក្នុងសហគមន៍​​ បានរៀនដល់សាកលវិទ្យាល័យ
09/08/2022 12:00 pm ភ្នំពេញ

ដោយ តេង​ យ៉ាលីរ៉ូហ្ស៊ី
 
 កាសល ស៊ីនួន ជាយុវតីជនជាតិដើមភាគតិចចារ៉ាយជំនាន់ទីមួយ ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងសហគមន៍របស់ខ្លួនក្នុងខេត្តរតនគិរី។ បច្ចុប្បន្ន ស៊ីនួន កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញអភិវឌ្ឍសហគមន៍នៅសាកលវិទ្យាល័យមួយកន្លែង នៃរាជធានីភ្នំពេញ។ ក្រៅតែពីសិក្សាជំនាញ​ហើយនោះ យុវតីវ័យ២៤ឆ្នាំរូបនេះ ក៏កំពុងសិក្សាលើការផលិតភាពយន្តឯកសារ ផងដែរ។


ក្នុងសហគមន៍ជនជាតិដើមភាគតិចចារាយមួយកន្លែង ស្ថិតក្នុងឃុំកិចុះ ស្រុកបរកែវ ខេត្តរតនគីរី មានយុវតីតែ២នាក់ប៉ុណ្ណោះ បានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យបរកែវ ដោយជោគជ័យ កាលពីឆ្នាំ២០១៨។ ក្នុងចំណោមយុវតីទាំង២នាក់នេះ គឺមានតែ កាសល ស៊ីនួន ទេ ដែលបានឱកាសមកបន្តការសិក្សានៅភ្នំពេញ ខណៈយុវតីម្នាក់ទៀតសម្រេចរៀបអាពាហ៍ពិពាហ៍ បន្ទាប់ពីប្រលងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)។​
 
ប៉ុន្តែទម្រាំ ស៊ីនួន បានមករៀននៅភ្នំពេញមកទល់សព្វថ្ងៃនេះ​ នាងបានចំណាយអស់ពីរឆ្នាំ ដើម្បីស្វែងរកអាហារូបករណ៍នៅតាមសាកលវិទ្យាល័យនានា ព្រោះតែគ្រួសារគ្មានលទ្ធភាពផ្គត់ផ្គង់ការសិក្សារបស់នាង។ ការព្យាយាមរបស់ស៊ីនួន បានជោគជ័យ ដោយទទួលបានអាហារូបករណ៍​សិក្សាលើជំនាញអភិវឌ្ឍសហគមន៍នៅសាកលវិទ្យាភូមិន្ទភ្នំពេញ​ ជាមួយនឹងក្ដីសង្ឃឹមពាំនាំការអភិវឌ្ឍន៍ទៅកាន់សហគមន៍របស់នាងវិញ។
 
«មូលហេតុដែលខំតស៊ូបំផុត មិនមែនដើម្បីតែខ្លួនឯងទេ! សំខាន់បំផុតនោះគឺសហគមន៍របស់ខ្ញុំ»។ នេះជាលើកឡើងរបស់យុវតីជនជាតិដើមភាគតិចចារាយសម្បូរសរូបនេះ ដោយបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ខ្ញុំគិតថានៅពេលដែលខ្ញុំបានរៀនសូត្រ មានចំណេះ, ចេះដឹងបានវែងឆ្ងាយ បានការងារធ្វើ វាក៏ជាគម្រូល្អដល់សហគមន៍ ក៏ដូចជាគ្រួសាររបស់ខ្ញុំដែរ»។ 
 
កាលនៅរៀនវិទ្យាល័យ ស៊ីនួនត្រូវស្នាក់នៅសាលារៀន ដោយសារភូមិរបស់នាងមានចម្ងាយពីសាលារៀនរហូតដល់១៥គីឡូម៉ែត។ នាង រស់នៅជុំគ្នាជាមួយសិស្សដទៃទៀត និងត្រូវជួយចេញថ្លៃទឹក ថ្លៃភ្លើង។ មួយអាទិត្យទើបក្មេងស្រីរូបនេះទៅលេងផ្ទះម្ដង ប៉ុន្តែពេលមកលេងអ្នកផ្ទះម្ដងៗ អ្នកភូមិរបស់នាងតែងតែប្រាប់ស៊ីនួនជារឿយឱ្យឈប់រៀន មករកស៊ី ឬរៀបការមានគ្រួសារ ដើម្បីមើលថែឪពុកម្ដាយ និងប្អូនៗ។ អំឡុងពេលនោះ គ្រួសារស៊ីនួនជួបបញ្ហាសេដ្ឋកិច្ច ដែលឪពុកម្ដាយរបស់នាង ត្រូវធ្វើការបន្ថែមពីការដាំដំឡូង គឺដើររកទំពាំង ដើម្បីរកលុយ មកផ្គត់ផ្គង់ការសិក្សារបស់ស៊ីនួន និងគ្រួសារទាំងមូល។ 
 
«ជនជាតិដើមភាគតិចនៅតាមភូមិ បើជំរុញកូនរៀនសូត្រគឺ​មិនសូវមានទេ។  កាលខ្ញុំនៅរៀន ក៏មានភាពរកាំរកូស ដែរ»។ ស៊ីនួន រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)បែបនេះ​ ដោយបន្តនិយាយទាំងទឹកមុខ​ក្រៀមក្រំដូច្នេះ៖«ឪពុកម្តាយខ្ញុំ[ធ្លាប់និយាយ]ថា បើសិនជាខ្ញុំឈប់រៀនអាចនឹងល្អ ដោយសារតែមិត្តភក្តិជំនាន់ខ្ញុំឈប់រៀនអស់ហើយ។ ពួកគេមានគ្រួសារ ពេលគេមានគ្រួសារ គេអាចជួយឪពុកម្ដាយ។ ពេលខ្ញុំទៅផ្ទះម្ដងៗ អ្នកភូមិ-អ្នកជិតខាង តែងតែស្ដីថាឱ្យខ្ញុំមិនព្រមឈប់រៀនទៅ មានគ្រួសារ ជួយឪពុកម្ដាយព្រោះពួកគាតចាស់ហើយ។
 
ទោះជារងសម្ពោធពីគ្រួសារ ពីអ្នកភូមិ និងមជ្ឈដ្ឋានជុំវិញខ្លួនយ៉ាងណាក្តី ក៏ ស៊ីនួន បានជម្នះរាល់បញ្ហា រហូតក្លាយជា យុវតីជំនាន់ទីមួយក្នុងភូមិរបស់ខ្លួនដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយបន្តការសិក្សាថ្នាក់បរិញ្ញបត្រនៅរាជធានីភ្នំពេញ។​ លើសពីការសិក្សាថ្នាក់បរិញ្ញបត្រ ស៊ីនួន ក៏បានសិក្សាជំនាញ ផលិតកុន នៅមជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា ផងដែរ។
 
និស្សិតឆ្នាំទី៣នៅសាកលវិទ្យាភូមិន្ទភ្នំពេញរូបនេះ មានបំណងលើកកម្ពស់ការយល់ដឹងពីតម្លៃនៃការសិក្សានៅក្នុងសហគមន៍របស់នាង ដោយនាងបានផលិតវីដេអូឯកសារមួយមានចំណងជើងថា «គ្រាប់ជាសុបិន»។ វីដេអូឯកសារនេះ គឺបានឆ្លុះបញ្ចាំងពី អំពើហិង្សាក្នុងគ្រួសាររបស់ជនជាតិដើមភាគតិចមួយ ដែលប៉ះពាល់ដល់ការសិក្សារបស់កូនស្រីវ័យ១២ឆ្នាំម្នាក់។​ 
 
បើតាមស៊ីនួន គោលដៅនៃការផលិតវីដេអូឯកសារនេះ គឺជាការដាស់តឿន ការនាំយកផលប៉ះពាល់ដែលមានចំពោះសមាជិកគ្រួសារ នៅពេលដែលមានគ្រួសារមួយមានបញ្ហាជីវភាពផង ហិង្សាផង ការសេពគ្រឿងស្រវឹងផង។ សម្រាប់ភាពយន្តឯកសារដំបូងរបស់យុវតីរូបនេះ ក៏ត្រូវបានចាក់ផ្សាយក្នុងមហោស្របភាពយន្តលើកទី១១ ផងដែរ។
 
ស៊ីនួន បានបញ្ជាក់ថា៖«បញ្ហាក្នុងគ្រួសារក៏ជះឥទ្ធិពលដល់ការអប់រំ ដែរ!»។ នាងបន្តនិយាយដូច្នេះ៖ « ​គ្រួសារមួយដែលមានបញ្ហាហិង្សា តើកូនគាត់អាចនឹងរៀនបានចប់! ទទួលការអប់រំបានល្អអត់! នៅពេលដែលគ្រួសារតែងតែមានការឈ្លោះទាស់ទែងគ្នាចឹង!។  កូនៗគាត់អត់មានអារម្មណ៍រៀនទេ សឹងតែពេលខ្លះពួកគាត់ចង់ចេញពីផ្ទះហើយ»។ 
 
សម្រាប់ លោក ទីង ដាន់ ដែលជាឪពុករបស់ស៊ីនួន បានបង្ហាញនូវមោទកភាពលើកូនស្រីរបស់ខ្លួនជាខ្លាំងដែលបានជម្នះរាល់ឧបសគ្គ ដើម្បីការសិក្សាជាមួយនឹងគោលដៅច្បាស់លាស់មួយដែលចង់លើកកម្ពស់ការសិក្សានៅក្នុងសហគមន៍។ លោក និយាយថា  ស៊ីនួនជាក្មេងស្រីដែលស្រឡាញ់ការសិក្សាតាំងពីកុមារភាព ទើបរូបលោកក៏មិនបដិសេធ និងមានតែជំរុញកូនស្រីបន្ថែមនូវអ្វីដែលជាក្តីស្រម៉ៃរបស់នាង។
 
«ខ្ញុំរំភើបចិត្តមែនទែនដែលកូនហ្នឹងស្គាល់គេ ស្គាល់ឯង។ យើងជាជនជាតិដើមភាគតិច យើងរៀនបានខ្ពស់ប្រហាក់ប្រហែងនឹងគេឯងដែរ ខ្ញុំសប្បាយ និងមានកេត្តិយសដែរ»។ នេះជាការលើកឡើងរបស់ លោក ដាន់ ដោយបន្ថែមថា ៖«បើយើងអត់បណ្តុះកូន អត់ជំរុញកូនទេ យើងនឹងស្ដាយក្រោយ។ ដូចខ្ញុំផ្ទាល់យើងអត់ចេះ, អត់មានចំណេះ, អត់ដឹងអីសោះ តែសម្រាប់កូនខ្ញុំ ចង់ឱ្យ[ចេះដឹង]ដូចគេដូចឯងដែរ។ បើយើងផ្ដល់កេត្តិយសឱ្យកូន​ ផ្ដល់អទិភាពឱ្យកូន ផ្ដល់កម្លាំងចិត្តឱ្យកូន លើកទឹកចិត្តកូន កូននឹងមានចិត្តប្រឹងប្រែង និងខំរៀន»។
 
ជាមួយគ្នានេះ លោក សល់ ឌន់ អតីតមេភូមិលើហន់នៃឃុំកិចុះ ស្រុកបរកែវ ដែលបច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភូមិ បានលើកឡើងថា ក្មេងក្នុងភូមិមួយចំនួនគឺមិនសូវខ្វល់ខ្វាយ យកចិត្តទុកដាក់នឹងការសិក្សាប៉ុន្នាននោះទេ បើទោះបីជាមានការជំរុញក៏ដោយ។ ដោយឡែក ករណីរបស់ ស៊ីនួន លោកបញ្ជាក់ថា គឺដោយសារនាងជាក្មេងដែលចង់រៀន ចង់ចេះខ្លាំង និងតែងតែស្វះស្វែងរកចំណេះវិជ្ជាដាក់ខ្លួនជានិច្ច។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោកប្រធានក្រុមប្រឹក្សាភូមិរូបនេះ និយាយដូច្នេះ៖ «ក្មេងខ្លះគេស្រលាញ់ យកចិត្តទុកដាក់ខ្លាំង[ក្នុងការរៀនសូត្រ] ប៉ុន្តែតែឪពុកម្ដាយខ្វះលុយ តិចតួច វាអត់តស៊ូរៀនទេ។ ពិបាកណាស់ក្មេងឥឡូវ ពិសេសពួកក្មេងប្រុស ធ្វើពួកម៉ាក់ជាមួយពួកខិលខូច ជក់ម៉ា ស៊ីផឹក ភ្លេចសាលាអស់អាលិញ។ [យើង] ជំរុញឱ្យវាស្គាល់សាលាខ្លះ វាមិនស្ដាប់។ យើងគំរាមក៏មិនកើត ជំរុញវាមិនស្ដាប់។ វាពិបាកអ៊ីចឹង»។
 
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក សល់ ឌន់ នៅតែបេ្តជ្ញាចិត្តខិតខំជំរុញការសិក្សាយុវជនក្នុងភូមិ និងស្នើសុំឱ្យរដ្ឋាភិបាល ក៏ដូចជាអង្គការពាក់ព័ន្ធនានា បន្តផ្ដល់ជំនួយ និងការលើកទឹកចិត្តទៅដល់ក្មេងៗ និងយុវជនជានជាតិភាគតិចឱ្យទទួលបានឱកាសសិក្សាពេញលេញដូចយុវជនទូទៅផងដែរ៕ 

ព័ត៌មានទាក់ទង