រដ្ឋាភិបាល ចែកពូជស្រូវ៥៦តោន ដល់កសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តត្បូងឃ្មុំ 
05/08/2022 11:00 am ត្បូងឃ្មុំ
ដោយ៖ ឈុំ ចន្ថា
 
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចែកពូជស្រូវចំនួន ៥៦តោន ដល់កសិករ ៧៥២គ្រួសារ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានខូចខាតស្រូវប្រមាណ ៥៤២ហិកតា ដោយសារជំនន់ទឹកភ្លៀង។

 
តាមការចេញផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ រដូវវស្សាឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ ចាប់តាំងពីដើមខែឧសភាមក គួបផ្សំ ទឹកហូរពីផ្នែកខាងលើផង បានធ្វើឱ្យស្រូវពង្រោះរបស់កសិករមួយចំនួន រងការជន់លិច និងខូចខាតទាំងស្រុង។ ស្របពេល វិបត្តិកូវីដ-១៩ ក៏ជាផ្នែកមួយនាំឱ្យកសិករខ្វះខាតពូជស្រូវ សម្រាប់បង្កបង្កើនផលនៅពេលទឹកស្រុកទៅវិញ។ 
 
ចំពោះមុខ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាឱ្យរដ្ឋបាលស្រុកពញាក្រែក សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះវាយតម្លៃផលប៉ះពាល់ និងខូចខាត។ ក្នុងនោះ មានកសិកររងគ្រោះ ចំនួន ៧៥២គ្រួសារ លើផ្ទៃដី៥៤ ២៥៨ហិកតា ដែលត្រូវការគ្រាប់ពូជសរុបចំនួន ៥៦ ៥៥០ គីឡូក្រាម។ 
 
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នស្រុកចំនួន៣ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន ស្រុកពញាក្រែក អូររាំងឪ និងត្បូងឃ្មុំ។ មកដល់ពេលនេះ លោក មិនទាន់ដឹងពីទំហំខូចខាតស្រូវប៉ុន្មានហិកតានៅឡើយ៕  

ព័ត៌មានទាក់ទង