ផ្ទៃដីជាង៣០០០០ ហិកតាក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន មានព្រៃ៤ប្រភេទផ្សេងៗគ្នា
25/07/2022 5:00 pm ឧត្តរមានជ័យ

ដោយ៖ ប៉ូ សុភា

ឧត្តរមានជ័យ៖ ព្រៃសង្ឃសហគមន៍រុក្ខាវ័នមានផ្ទៃដី ៣ ០២៥៤ហិកតា ក្នុងនោះមានទាំងផ្ទៃដីគោក និងផ្ទៃទឹក។ ព្រៃក្នុងសហគមន៍នេះមានចម្រុះដោយដើមឈើច្រើនប្រភេទ និងជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃច្រើនប្រភេទ រួមទាំងសត្វប្រភេទកម្រ។ ព្រៃឈើនៅក្នុងសហគមន៍នេះត្រូវបានបែងចែកជា៤ប្រភេទ។  

ព្រៃសង្ឃសហគមន៍រុក្ខាវ័នមានផ្ទៃដី ត្រូវបានបែងចែកព្រៃ៤ ប្រភេទ មាន គឺតំបន់ ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ព្រៃល្បោះ និងព្រៃបៃតង។ លោក ម៉ា ប៊ុនធឿន គណៈកម្មការកណ្ដាលព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានពន្យល់ថា ព្រៃ៤ប្រភេទនៅក្នុងសហគមន៍នេះ គេអាចសម្គាល់បានដោយការសង្កេតដូចជា «ព្រៃពាក់កណ្ដាលស្រោង» មិនសូវមានដើមឈើធំៗខ្ពស់ៗដុះអមជាមួយទេ។ ស្ថានភាពព្រៃមានសភាពរង្វើលៗ ឃ្លាតៗពីដើមមួយទៅដើមមួយឆ្ងាយគ្នា និងស្រឡះល្អ។



ចំពោះ «ព្រៃស្រោង» មានដើមឈើធំដុះជិតៗគ្នាច្រើន ក្នុងងងឹត មិនសូវមានពន្លឺចូលដល់ខាងក្រោមដូចព្រៃពាក់កណ្ដាលស្រោងឡើយ។ ចំណែកឯ «ព្រៃរបោះ» ដុះដាច់ពីគ្នា ស្រឡេះផ្នែកខាងក្រោម មានពន្លឺចាំងចូលគ្រប់គ្រាន់ និង «ព្រៃបៃតង» ជាព្រៃមានទេសភាពត្រកាល មានពណ៌បៃតងស្រស់គ្រប់រដូវ។ ភាគច្រើនព្រៃប្រភេទនេះ ជាទីចាប់អារម្មណ៍ស​ម្រាប់អ្នកទស្សនា ដែលត្រូវការផ្តិតយករូបភាពបៃតងស្រស់ បែបធម្មជាតិ។  



បើតាម លោក ម៉ា ប៊ុនធឿន ព្រៃទាំង៤ប្រភេទនេះ បានក្លាយជាជម្រក​ និងទីតាំងរកចំណីដ៏សំខាន់សម្រាប់សត្វព្រៃ និងជាប្រភពចំណូលសម្រាប់ពលរដ្ឋរស់នៅក្នុងសហគមន៍ជុំវិញ អាស្រ័យផល។ លោក អះអាងដូច្នេះ៖ « ព្រៃនេះជាជម្រកសម្រាប់សត្វស្ទើរគ្រប់ប្រភេទ។ អត់តែសត្វតោ​ និងដំរីប៉ុណ្ណោះ ក្រៅពីនេះមានទាំងអស់។ ក្រៅពីជាជម្រកសម្រាប់សត្វព្រៃ ទីនេះក៏ជាកន្លែងដែលពលរដ្ឋអាចចូលមកបោចវល្លិ រកទំពាំង​ និងដកផ្សិតលក់ផងដែរ។ ព្រៃនេះអាចចាត់ទុកជាប្រភពចំណូលទីពីរ ក្រៅពីរបរស្រែចម្ការរបស់ពលរដ្ឋ។ 

គណៈកម្មការកណ្ដាលព្រៃសង្ឃសហគមន៍រុក្ខាវ័ន រូបនេះ ក៏បានលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបចូលរួមការពារ និងអភិរក្សព្រៃនៅក្នុងខេត្តឧត្តរមានជ័យ និងទីតាំងផ្សេងៗទៀតឱ្យបានគង់រង្ស ដើម្បីក្លាយជាផលប្រយោជន៍ សម្រាប់ពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា និងភពផែនដីទាំងមូលផងដែរ៕ 







 

ព័ត៌មានទាក់ទង