មន្រ្តីបសុសត្វខេត្តសៀមរាប ជំរុញឱ្យពលរដ្ឋនាំគោក្របី ទៅចាក់វ៉ាក់សាំងបង្ការជំងឺ នារដូវវស្សា
25/07/2022 11:00 am សៀមរាប

ដោយ: អុីសា រ៉ហានី ( Isa Rohany )

សៀមរាប៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ជំរុញឱ្យពលរដ្ឋនាំសត្វចិញ្ចឹមមានគោ ក្របី ជាដើម ទៅទទួលវ៉ាក់សាំងបង្ការជំងឺនារដូវវស្សា។ ក្រៅពីនេះ ក៏ស្នើទៅពលរដ្ឋថែទាំគោក្របី ពិសេសគិតពីទីសុវត្ថិភាព និងផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ អំឡុងពេលអាកាសធាតុប្រែប្រួល មានធ្លាក់ភ្លៀងជោកជាំ ដែលងាយបង្កឱ្យសត្វចិញ្ចឹមឈឺ។


លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាប បង្ហាញការបារម្ភចំពោះជំងឺកើតលើសត្វចិញ្ចឹម ខណៈដែលបច្ចុប្បន្ននេះមានភ្លៀងធ្លាក់ជោកជាំទូទៅប្រទេស។ លោកថា បាតុភូតបម្រែបម្រួលអាកាសធាតុនេះ មានភាពងាយស្រួលដល់មេរោគវាយលុកសត្វគោក្របីរបស់ពលរដ្ឋ ប្រសិនបើពុំមានការថែទាំត្រឹមត្រូវ។ ជំងឺដែលឧស្សាហ៍កើតក្នុងរដូវវស្សានេះ ច្រើនជាសារទឹក និងអុតក្ដាមជាដើម។ យ៉ាងណា លោកបញ្ជាក់ថា កន្លងមកពុំមានការឆ្លងរាលដាលច្រើនទេ​ ព្រោះក្រសួងមានវ៉ាក់សាំងការពាររួចហើយ។


មន្រ្តីរូបនេះពន្យល់ថា៖« ដោយសារឆ្នាំនេះមានការប្រែប្រួលអាកាសធាតុ ភ្លៀងជោកជាំដើមរដូវ បច្ចុប្បន្នក៏ភ្លៀងគ្រប់កន្លែងនៅសៀមរាប គោក្រប្រីបញ្ហារឿងចំណី បងប្អូនប្រុងប្រយ័ត្ន កាលណាសុខភាពសត្វចុះខ្សោយក៏វាបណ្ដាលកើតជំងឺជាយថាហេតុដែរ។ ក្នុងករណីនេះ សូមឱ្យប្រយ័ត្នពីបញ្ហាថែទាំសុខភាពសត្វ ទីទួលសុវត្ថិភាព កុំឱ្យសត្វជោកជាំដោយភ្លៀង ចំណីឱ្យបានគ្រប់គ្រាន់ គួបផ្សំជំរុញការចាក់ថ្នាំការពារជំងឺសត្វ»។ លោក ព្រំ វិច បញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺសត្វគោក្របី ត្រូវបានផ្តល់ដោយអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្គត់ផ្គង់ជារៀងរាល់ឆ្នាំដល់ប្រជាពលរដ្ឋទូទៅ និងឥតគិតថ្លៃ។

ជាមួយគ្នានេះ លោក ព្រំ វិច ក៏ក្រើនរំឮកដល់អ្នកចិញ្ចឹមគោក្របីសម្រាប់កាប់លក់ផងដែរ ដោយត្រូវឱ្យសត្វទទួលបានចំណី ដេកគ្រប់គ្រាន់ ក៏ដូចជារៀបចំកន្លែងចិញ្ចឹមឱ្យទូលាយ កុំឱ្យជោកជាំដោយភក់ជ្រាំជាដើម ដែលអាចបង្កឱ្យសត្វឆាប់ស្រ្តេស ងាយឈឺផងដែរ។ លោកសំណូមពរឱ្យអ្នកចិញ្ចឹមទាំងអស់ ប្រសិនមានទឹកជន់ជោរគ្រប់ទិសទី ត្រូវរកទីទួលសុវត្ថិភាពដើម្បីដាក់សត្វ ទីជម្រកកុំឱ្យសើម បែកភក់ ផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ មានអនាម័យ ហើយក្នុងករណីសង្ស័យឬមានជំងឺ ត្រូវរាយការណ៍ដល់មន្រ្តីបសុពេទ្យដែលនៅជិត បាចកំបោរសម្លាប់មេរោគ និងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដល់សត្វជាដើម ដើម្បីបង្ការការខាតបង់ថវិកាពេលសត្វចិញ្ចឹមមានជំងឺ៕

ព័ត៌មានទាក់ទង