ភ្លៀង និងសត្វល្អិតចង្រៃ កំពុងបំផ្លាញស្រូវពង្រោះជាច្រើនហិកតានៅត្បូងឃ្មុំ
24/06/2022 4:00 pm ត្បូងឃ្មុំ

ដោយ: ឈុំ ចន្ថា
ភ្នំពេញ៖ ការដាំដុះស្រូវវស្សារបស់កសិករខេត្តត្បូងឃ្មុំដែលចាប់ផ្ដើមតាំងពីខែមេសាមក ត្រូវបានរងការជន់លិច និងខូចខាតបន្តបន្ទាប់ដោយសារជំនន់ទឹកភ្លៀង។ លើសពីនេះ ដីស្រែមួយចំនួនទៀត ដែលមិនលិចលង់ ក៏ត្រូវរងការបំផ្លាញធ្ងន់ធ្ងរពីពពួកសត្វខ្មុលដី និងខ្យងមាសផងដែរ។


រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីណែនាំស្ដីពី «វិធានការបច្ចេកទេសក្នុងការកម្ចាត់សត្វខ្មុលដី ខ្យងមាស និងការដាំដុះស្ដារស្រូវឡើងវិញ» នឹងបានបញ្ជាក់បន្ថែមថា ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនខែមកនេះ ធ្វើឱ្យទឹកដក់ជាប់ក្នុងស្រែច្រើន។ ក្នុងនោះ មានភូមិសាស្រ្តខ្លះខ្វះប្រព័ន្ធរំដោះទឹក បានធ្វើឱ្យទឹកហូរធ្លាក់ពីផ្នែកខាងលើ មកជន់នៅផ្នែកខាងក្រោម បណ្ដាលឱ្យស្រូវវស្សាដែលទើបនឹងដុះចេញពន្លក់ រងការជន់លិចរលួយខូចខាតអស់ជាច្រើនហិកតា។ ចំណែក ដីស្រែមួយចំនួនដែលមិនលិចទឹក ក៏ត្រូវរងការបំផ្លាញធ្ងន់ធ្ងរពីពពួកសត្វខ្មុលដីរំលើងឫសផងដែរ។ រីឯស្រូវនៅតំបន់ដែលមានទឹកដក់ច្រើន ឬស្រែជម្រៅ ត្រូវបានខ្យងមាសស៊ីបំផ្លាញ។ 
 
សេចក្ដីណែនាំខាងលើ បានប្រាប់ឱ្យមន្រ្តីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទៅចុះពិនិត្យ វាយតម្លៃ និងផ្ដល់ការណែនាំ និងបច្ចេកទេសផ្សេងដល់កសិករ ដើម្បីទប់ស្កាត់សត្វល្អិតចង្រៃ ជាពិសេសពង្រឹងការដាំដុះស្រូវឡើងវិញ។  ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានណែនាំឱ្យកសិករប្រើអន្ទាក់ភ្លើងចាប់សត្វខ្មុលដីនៅពេលយប់។ លើសពីនេះ ត្រូវរៀបចំបង្គោលតម្រុយឈើក្នុងស្រែដើម្បីដាក់ឱ្យខ្យងពង រួចបេះខ្យងតាមបង្គោលតម្រុយ តាមដើមស្រូវ ឬតាមដើមរុក្ខជាតិផ្សេងទៀត យកទៅបំផ្លាញចោល។
 
ចំណែក ការស្ដារស្រូវឡើងវិញ កសិករត្រូវរៀបចំដីឱ្យបានរាបស្មើ សម្អាតស្មៅឱ្យបានស្អាត និងរៀបចំភ្លឺស្រែឱ្យបានរឹងមាំ ដើម្បីរក្សាទឹកឱ្យបានជាប់ នៅទឹកស្រកទៅវិញ។ កសិករ ត្រូវរៀបចំថ្នាលសំណាបឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមស្ទូងនៅពេលទឹកស្រក។ ដោយឡែក ស្រូវពង្រោះ ត្រូវបណ្ដុះគ្រាប់ពូជស្រូវឱ្យបែកមាត់ចាប់មុនយកទៅសាប ឬព្រោះក្នុងស្រែ ដើម្បីឱ្យស្រូវឆាប់ចាប់ឬស និងមានកម្លាំងលូតលាស់ល្អ។
 
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥កន្លងទៅថា ស្រូវ ៣ពាន់ហិកតានៅស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ត្រូវរងការខូចខាតទាំងស្រុង ដោយសារជំនន់ទឹកភ្លៀងនាប៉ុន្មានខែនេះ។ ស្រូវ ដែលប៉ះពាល់ខ្លាំងជាងគេ ភាគច្រើននៅតំបន់ទំនាប មានដូចជា ស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក៕

ព័ត៌មានទាក់ទង