ស្រូវ ៣ពាន់ហិកតានៅខេត្តត្បូងឃ្មុំ ត្រូវខូចខាតដោយសារជំនន់ទឹកភ្លៀង
09/06/2022 9:00 am ត្បូងឃ្មុំ

ដោយ: ឈុំ ចន្ថា

ភ្នំពេញ៖ ស្រូវ ៣ពាន់ហិកតានៅស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ត្រូវរងការខូចខាតទាំងស្រុង ដោយសារជំនន់ទឹកភ្លៀងនាប៉ុន្មានខែនេះ។ ខេត្តត្បូងឃ្មុំ បានដាំដុះស្រូវជាង៤ម៉ឺនហិកតា ថយចុះប្រមាណ២ម៉ឺនហិកតា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។



លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ចាប់តាំងពីចូលឆ្នាំខ្មែរមក ភ្លៀងបានធ្លាក់រាយប៉ាយទូទាំងខេត្ត ដែលធ្វើឱ្យកសិករមួយចំនួន មិនអាចដាំដុះស្រូវវស្សាបាន ខណៈស្រូវប្រមាណ ៣ពាន់ហិកតាទៀត ត្រូវខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង។ ស្រូវ ដែលប៉ះពាល់ខ្លាំងជាងគេ ភាគច្រើននៅតំបន់ទំនាប មានដូចជា ស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក។ 
 
លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ប្រសិនបើ ឆ្នាំនេះភ្លៀងមួយអាទិត្យម្ដងៗ ទើបស្រូវអាចរស់បាន តែឆ្នាំនេះភ្លៀងជាប់គ្នាពេក អ៊ីចឹង ស្រូវដែលទើបនឹងដុះខ្លីៗ​ត្រូវខូចទាំងអស់»។
ការប្រែប្រួលអាកាសធាតុដ៏លំបាកនេះ បានធ្វើឱ្យកសិករខ្លះបោះបង់មុខរបរធ្វើស្រែ។ ជាក់ស្ដែង មកដល់ពេលនេះ ខេត្តត្បូងឃ្មុំ បានដាំដុះស្រូវវស្សាជាង ៤ម៉ឺនហិកតា ថយចុះ ២ម៉ឺនហិកតា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ 
 
លោក ហេង ពិសិទ្ធ ព្រួយបារម្ភថា កសិករអាចនឹងខកខានធ្វើស្រែ ប្រសិនបើភ្លៀងបន្តធ្លាក់ច្រើនបែបនេះទៀត។ ជាវិធានការ លោក បានជូនដំណឹងឱ្យប្រជាកសិករត្រៀមពូជស្រូវ សម្រាប់ដាំដុះឡើងវិញ នៅពេលទឹកស្រក ហើយតំបន់ខ្លះត្រូវជ្រើសរើសស្រូវដែលមានអាយុខ្លីដាំដុះវិញ។ 
 
យោងតាម ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀត ដោយសារឥទ្ធិពលជ្រលងសម្ពាធទាប។ តំបន់ទំនាបកណ្ដាល និងខេត្តនានា មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ 
 
តំបន់វាលទំនាបកណ្ដាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ តំបន់ខ្ពង់រាប មានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯ តំបន់មាត់សមុទ្រ អាចនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ 
 
ក្រសួងធនធានទឹកដដែល ឱ្យដឹងថា ចាប់ពីខែឧសភា ដល់តុលា នឹងមានបាតុភូតធម្មជាតិចំនួន៣ ដែលអាចធ្វើឱ្យស្ថានភាពភ្លៀងធ្លាក់ច្រើន និងអូសបន្លាយរយៈពេលយូរ។ ភ្លៀង អាចនឹងធ្លាក់ក្នុងកម្រិតមធ្យម ទៅច្រើនបង្គួរនៅដើមរដូវស្សា ហើយពីបង្គួរ ទៅច្រើននៅពាក់កណ្ដាលរដូវស្សា និងមធ្យម ទៅបង្គួរនៅចុងរដូវវស្សា៕

ព័ត៌មានទាក់ទង