អ្នកបរិស្ថាន ចំណាយពេលជិត ២ឆ្នាំ កត់ត្រាព័ត៌មានរុក្ខជាតិខ្មែរ
13/05/2022 11:00 am កោះកុង

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេស ក្នុងប្រទេសកម្ពុជា៤៣ប្រភេទ មាន៨៧ទំព័រ ត្រូវបានក្រសួងបរិស្ថាន ចេញផ្សាយជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២២ ក្នុងវេទិកាកេសរកូលលើកទី២ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រាជធានីភ្នំពេញ។ សៀវភៅនេះ ជាកំណត់ត្រាព័ត៌មានរុក្ខជាតិខ្មែរ ដែលអាចប្រើប្រាស់ជាគ្រឿងទេស។

 

លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំណាយពេលជិត២ឆ្នាំ ស្រាវជ្រាវ និងចងក្រងសៀវភៅ មគ្គទេសក៍ស្ដីពីគ្រឿងទេសក្នុងប្រទេសកម្ពុជា។ ការចំណាយពេលយូរព្រោះ លោកស្រីត្រូវឱ្យអ្នកជំនាញពិនិត្យមើលលក្ខណៈជីវសាស្ត្រ លក្ខណៈរូប និងស្រាវជ្រាវច្រើន ពីសារសំខាន់នៃរុក្ខជាតិទាំង ៤៣ប្រភេទនោះ។
 
ការចងក្រងសៀវភៅមគ្គទេសក៍គ្រឿងទេសក្នុងប្រទេសកម្ពុជា មានគោលបំណង ៣ ។ លោកស្រី ចាន់ សុម៉ាលី ប្រាប់សារព័ត៌មានThmeyThmey25ថា គ្រឿងទេសជារបស់ដែលប្រជាជនខ្មែរប្រើជារៀងរាល់ថ្ងៃសម្រាប់ធ្វើម្ហូប តែមិនបានដឹងពីប្រភព និងសារសំខាន់។ ដូច្នេះគោលបំណងទីមួយលោកស្រីចង់ផ្ដល់ព័ត៌មានពីសារៈសំខាន់នៃរុក្ខជាតិ ដែលខ្មែរយកមកធ្វើគ្រឿងទេសតាំងពីដើមមក។

លោកស្រី ចាន់ សុម៉ាលី  បន្ថែមដូច្នេះ៖ « ចំណុចទីពីរ យើងចង់ឱ្យអ្នកសិក្សាស្រាវជ្រាវមួយចំនួន ឱ្យគាត់បានដឹងពីលក្ខណៈវិទ្យាសាស្ត្រ ព្រោះក្នុងនោះយើងបានរៀបរាប់ពីលក្ខណៈរូបនិងជីវសាស្ត្រ នៃគ្រឿងទេសនីមួយៗ។ និយាយឱ្យចំ សៀវភៅនេះផ្ដល់ចំណេះដឹងដល់អ្នកស្រាវជ្រាវ និងសាធារណជន។ ទីបី យើងចងក្រងជាមរតក វប្បធម៌ធ្វើម្ហូបខ្មែរ ថាគ្រឿងទេសទាំងអស់នេះមាននៅកម្ពុជា ហើយបានប្រើប្រាស់ជាយូរ។ បើសិនថ្ងៃអនាគតមានអ្នកណាចង់យកគ្រឿងទេសទៅថារបស់គេ គឺមិនបានទេ»។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានThmeyThmey25ថា សៀវភៅគ្រឿងទេសនេះ នឹងរួមចំណែកផ្ដល់ព័ត៌មានដល់សាធារណជនពីប្រភេទគ្រឿងទេសដែលអាចប្រើប្រាស់បាន ហើយមាននៅតំបន់របស់ប្រជាជន។ លើសពីនេះ ក្នុងសៀវភៅមគ្គទ្ទេសក៍ស្ដីពីគ្រឿងទេសក្នុងប្រទេសកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំពោះសុខភាពនៃ គ្រឿងទេសទាំងនោះ។

លោកស្រី ចាន់ សុម៉ាលី និងក្រុមការងារកំពុងស្រាវជ្រាវ ប្រមូលព័ត៌មាន និងរូបភាពសម្រាប់ចងក្រងសៀវភៅចំនួន២ទៀត ។ សៀវភៅបន្ទាប់គឺ សៀវភៅបន្លែក្នុងស្រុក និងបន្លែក្នុងព្រៃ។ សៀវភៅមួយទៀតដែលអ្នកស្រី សុម៉ាលី កំពុងចងក្រងដែរនោះគឺ សៀវភៅផ្លែឈើស្រុក និងផ្លែព្រៃ។

លោក នេត្រ ភក្ត្រា គាំទ្រចំពោះការចងក្រងសៀវភៅពីជីវចម្រុះខ្មែរ ព្រោះកម្ពុជាមានរុក្ខជាតិជិត ២ពាន់ប្រភេទ ហើយរុក្ខជាតិមួយចំនួនមិនទាន់បានស្រាវជ្រាវនៅឡើយទេ។ ជាក់ស្ដែងពូជកេសរកូលមានប្រមាណ ៥០០ប្រភេទ តែអ្នកជំនាញបានស្រាវជ្រាវប្រមាណ ២០០ប្រភេទប៉ុណ្ណោះ។ រដ្ឋលេខាធិការរូបនេះលើកទឹកចិត្តឱ្យផ្លាស់ប្ដូរបទពិសោធរបស់ប្រជាជនតាមសហគមន៍ ដើម្បីទទួលបានព័ត៌មានពីរុក្ខជាតិទាំងនោះ៕

 

ព័ត៌មានទាក់ទង