ម្នាស់ទឹកឃ្មុំ របស់កសិកភូមិអំពិលជ្រុំ ខេត្តត្បូងឃ្មុំ លក់បានតម្លៃថ្លៃ និងមានទីផ្សារល្អ
23/04/2022 5:00 pm ត្បូងឃ្មុំ

ដោយ៖ ផាត ដាណេ

ម្នាស់ទឹកឃ្មុំ របស់កសិករភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានទីផ្សារល្អ និងតម្លៃខ្ពស់ទៀតផង។ កសិករនៅតំបន់នោះសប្បាយចិត្ត ដ្បិតទិន្នផលដំណាំរបស់ពួកគេ ទទួលបានទិន្នផលខ្ពស់ ចន្លោះពី៨ ទៅ៩ម៉ឺនផ្លែ ក្នុងផ្ទៃដី១ហិកតា។



លោក ធឿន ប៊ុនធីម ជាម្ចាស់ចម្ការម្នាស់ទឹកឃ្មុំ ក្នុងផ្ទៃដីជាង៣ហិកតា នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រយៈពេល៤ឆ្នាំហើយ ដែលកសិកររូបនេះ ដាំដុះម្នាស់ទឹកឃ្មុំ ក្រោយបោះបង់ការដាំដំណាំទៀប ដែលលោកធ្លាប់ដាំរយៈពេលជាង១០ឆ្នាំ។ ទិន្នផលម្នាស់ទឹកឃ្មុំ របស់លោក ប៊ុនធីម ចាប់ពីឆ្នាំ២០២១ មកដល់ដើមឆ្នាំ២០២២នេះ បានកើនឡើងប្រមាណ២០ទៅ៣០ភាគរយ បើធៀបនឹងពេលកន្លងទៅ។ ទំហំដី១ហិកតា លោក ប៊ុនធីម ប្រមូលផលម្នាស់បានចន្លោះពី៨ ទៅ៩ម៉ឺនផ្លែក្នុងមួយឆ្នាំ។

លោក ប៊ុនធីម សប្បាយចិត្តយ៉ាងខ្លាំង ដ្បិតទិន្នផលដំណាំកើនឡើង ស្របពេល តម្លៃ និងទីផ្សារក៏ខ្ពស់។ដំណាំម្នាស់នេះ អាចឱ្យលោកសល់ប្រាក់ចំណេញ សម្រាប់ពង្រីកការដាំដុះបន្ថែមទៀត។ ម្នាស់ទឹកឃ្មុំ របស់កសិកររូបនេះ លក់បានតម្លៃចន្លោះពី៨ពាន់រៀល ទៅដល់២៤០០០រៀលក្នុងមួយឡូ (១២ផ្លែ)។

ម្ចាស់ចម្ការវ័យ៤២ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖«ម្នាស់លេខមួយ យើងលក់បាន១ឡូ ២៤០០០រៀល។ លេខពីរ ២២០០០រៀល លេខបី ២ម៉ឺនរៀល ហើយដល់លេខ៦-៧អី វាធ្លាក់៨ពាន់រៀលអ៊ីចឹងទៅ។ លេខហ្នឹងគិតលើទំហំ និងគុណភាពរបស់ម្នាស់»។ 

ដ្បិតមានទីផ្សារ និងតម្លៃខ្ពស់ ជាងដំណាំដទៃ តែកសិកររូបនេះ ក៏ត្អូញត្អែរពីតម្លៃជីកសិកម្ម ដែលបន្តឡើងថ្លៃនោះផងដែរ។ លោក ប៊ុនធីម អះអាងថា បច្ចុប្បន្នតម្លៃជី ហក់ឡើងខ្ពស់ដល់២០ម៉ឺនរៀលឯណោះ ក្នុង១បាវ (៥០គីឡូក្រាម)។ ចំពោះចម្ការរបស់លោក ប្រើប្រាស់ជី ប្រមាណជិត៥០បាវឯណោះក្នុងមួយឆ្នាំ។

ចំណែកឯ លោក ច្រឹក ស្រ៊ាង ដែលជាកសិករដាំដុះម្នាស់ទឹកឃ្មុំ ក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ម្នាក់ទៀត ក៏សប្បាយចិត្តជាមួយដំណាំម្នាស់ទឹកឃ្មុំរបស់លោក ព្រោះតម្លៃ និងទីផ្សារខ្ពស់ដែរ។ កន្លងមក ម្នាស់ទឹកឃ្មុំលេខមួយ លោក ធ្លាប់លក់បានតម្លៃប្រមាណ២ម៉ឺនរៀលប៉ុណ្ណោះ ហើយលេខពីរ តម្លៃ១៨០០០រៀលក្នុងមួយឡូ។ ប៉ុន្តែបច្ចុប្បន្នមិនដូចគ្នាឡើយ លោក អាចលក់បានតម្លៃ២៣០០០រៀលក្នុងមួយឡូ សម្រាប់ម្នាស់លេខ១។

បទពិសោធរយៈពេល៦ឆ្នាំនៃការដាំដុះម្នាស់ទឹកឃ្មុំ លោក ច្រឹក ស្រ៊ាង យល់ថាវាងាយស្រួលដាំ ឆាប់បានផល និងអាចទទួលទិន្នផលវិលជុំបានពេញមួយឆ្នាំទៀតផង។ លើសពីនេះ ម្នាស់ទឹកឃ្មុំ ក៏លក់បានតម្លៃខ្ពស់ និងមានទីផ្សារផងដែរ។ 

លោក ច្រឹក ស្រ៊ាង បានលើកឡើងថា៖«ចម្ការខ្ញុំហ្នឹងទំហំ១,៣ហិកតា ហើយឆ្នាំហ្នឹងប្រមូលផលបានជិត១០ម៉ឺនហិកតា។ ខ្ញុំសប្បាយចិត្ត ព្រោះតម្លៃវាកើនឡើងដែរ ហើយអត់ពិបាករឿងទីផ្សារទៀត»។ ទោះជាយ៉ាងណាបញ្ហាប្រឈមនៅតែមាន ដ្បិតតម្លៃជីកសិកម្មបន្តឡើងថ្លៃ ដល់ជិត២០ម៉ឺនរៀលឯណោះ ក្នុងមួយបាវ ហើយក្នុងមួយឆ្នាំលោក ចំណាយអស់ចន្លោះពី៦-៧លានរៀល។

ទន្ទឹមនឹងនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក៏ជំរុញឱ្យកសិករដែលមានលទ្ធភាពពង្រីកការដាំដុះបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ លោក បញ្ជាក់ថា មន្ទីរកសិកម្មខេត្ត កំពុងរៀបចំផែនការចងក្រងកសិករដាំម្នាស់ទឹកឃ្មុំនោះជាបណ្ដុំ ដើម្បីសម្រួលដល់ការនាំចេញឱ្យកាន់តែប្រសើរ និងទាក់ទាញការវិនិយោគផងដែរ។ 

លោក ហេង ពិសិដ្ឋ លើកឡើងថា៖«ដ្បិតមិនទាន់មានការវិនិយោគពីក្រុមហ៊ុនធំៗ តែម្នាស់ទឹកឃ្មុំ របស់កសិករក្នុងស្រុកត្បូងឃ្មុំ ជាង៥០ហិកតានោះ នៅតែមានទីផ្សារល្អ និងតម្លៃខ្ពស់។ ហើយមន្ទីរក៏បានជួយផ្សព្វផ្សាយបន្ថែម ហើយចងក្រងជាសហគមន៍មួយ ដើម្បីបង្កើនទីផ្សារដល់ពួកគាត់»៕

 

ព័ត៌មានទាក់ទង