របរចិញ្ចឹមគោ ផ្ដល់ចំណូលប្រមាណ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំដល់កសិករ ហ៊ួត លៀង
22/04/2022 11:00 am ត្បូងឃ្មុំ
​​ដោយ​៖ ឈុំ ចន្ថា 

​លោក ហ៊ួ​ត លៀង កសិករ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ពង្រីក​ការចិញ្ចឹម​គោ​ពី​៧​ក្បាល រហូត​កើន​ដល់​៦៦០​ក្បាល ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុង​កើនឡើង​។ កសិករ​រូបនេះ បាន​ប្រើពេល​ជាង ១០​ឆ្នាំ ក្នុង​ការពង្រីក​ការចិញ្ចឹម តាមរយៈ​ការប្រមូលទិញ​គោ​ក្នុងស្រុក​មក​បំប៉ន​ឱ្យ​ឡើងសាច់​បន្ថែម​តាម​បច្ចេកទេស និង​ការ​បង្កាត់​ពូជ​សិប្បនិម្មិត​។ ក្នុង​មួយឆ្នាំ លោក​អាច​រកចំណូលបាន​ប្រមាណ ១០​ម៉ឺន​ដុល្លារ​។​


​លោក ហ៊ួ​ត លៀង ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោមួយ​កន្លែង​ដែល​ស្ថិតនៅ​ភូមិ​តារា​ម ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានប្រែក្លាយ​ពី​ការចិញ្ចឹម​គោ​បែប​ធម្មជាតិ មក​ចិញ្ចឹម​តាម​បច្ចេកទេស ដោយ​ទទួលបាន​សាច់ និង​ធំធាត់​លឿន​។ ជាង​១០​ឆ្នាំ​មកនេះ លោក ហ៊ួ​ត លៀង តែងតែ​ប្រមូល​ទិញ​គោ​ក្នុងស្រុក មក​បំប៉ន​ឱ្យ​ឡើងសាច់ ទើប​លក់​ចេញ​វិញ​។ លោក ហ៊ួ​ត លៀង លើកឡើងថា ការចាប់ផ្ដើម​បំប៉ន​ដំបូង ហាក់​មាន​សភាព​យឺតយ៉ាវ ដោយសារ​គ្មាន​បច្ចេកទេស​ថែទាំ និង​ផ្ដល់​ចំណី​គ្រប់គ្រាន់ ខណៈ​គោ​ខ្លះ​តូច​ល្អិត គ្មាន​សាច់ ពិបាក​លក់​ចេញ​។​

​ក្នុង​រយៈពេល ២​ទៅ ៣​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ទទួលបាន​ការបណ្ដុះបណ្ដាល​បច្ចេកទេស​ពី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ត្បូងឃ្មុំ លោក ហ៊ួ​ត លៀង បាន​ងាក​មក​ចិញ្ចឹម​គោ តាម​បច្ចេកទេស​វិញ ដោយ​ផ្ដោត​សំខាន់​លើ​ការផ្ដល់​ចំណី និង​បង្កាត់​ពូជ​បែប​សិប្ប​និ​មិ្ម​ត​។ លោក បញ្ជាក់ថា ការ​បង្កាត់​ពូជ​សិប្បនិម្មិត បាន​ជួយ​ឱ្យ​គោ​ដែល​កើតមាន​គ្រោងឆ្អឹង​ធំ មិន​ងាយ​ឈឺ ឆាប់​ធំធាត់ ចំណេញ​ពេលវេលា និង​ចំណូល​ខ្ពស់ជាង​មុន​។​


សត្វគោក្នុង​កសិដ្ឋានរបស់លោក ហ៊ួត លៀង។ រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

​បច្ចុប្បន្ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​រូបនេះ បាន​បង្កាត់​ពូជ​សិប្បនិម្មិត​លើ​មេគោ​ចំនួន ៥០​ក្បាល និង​កើត​បានកូន ២​ក្បាល​រួចហើយ ដែល​ភាគច្រើន​ជា​ពូជ «​ប្រា​ម៉ាន​»​។ ត្រឹម​រយៈពេល​១ ឬ​២​ខែ កូន​គោ​ពូជ «​ប្រា​ម៉ាន​» អាច​លក់​ក្នុងតម្លៃ​១៥០០ ទៅ ២០០០​ដុល្លារ​ក្នុង​មួយ​ក្បាល ខណៈ​គោ​ធម្មជាតិ ដែល​ចំណាយពេល​ចិញ្ចឹម​១​ឆ្នាំ លក់បាន​ត្រឹមតែ ២​ឬ ៣​លាន​រៀល​ប៉ុណ្ណោះ​។ 

​លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ ដូច្នេះ​ថា​៖«​ពីដំបូង​ខ្ញុំ​មាន​គោ​តែ ៧​ក្បាល​ទេ ហើយ​យើង​ចិញ្ចឹម​ក៏​អត់​សូវ​រីកចម្រើន​ដែរ​។ តែមាន​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ គាត់​មក​ពន្យល់​កុំ​ខ្ញុំ​លែងគោ​ចោល ហើយ​ត្រូវ​ដាំ​ស្មៅ និង​ថែទាំ​គោ​ឱ្យ​ដិតដល់ អ៊ីចឹង ខ្ញុំ​ពង្រីក​ការចិញ្ចឹម​រហូត ឥឡូវ​ខ្ញុំ​កើន​ដល់​ជាង​៦០០​ក្បាល​»​។ 
 


​ដ្បិត លោក លាង អាច​បង្កាត់​ពូជ​ដោយ​ខ្លួនឯង តែ​លោក​មិនបាន​បោះបង់​ការទិញ​គោ​ពី​ខាងក្រៅ មក​បំប៉ន​លក់​បន្ត​នោះ ដោយសារ​ការ​បង្កាត់​សិប្បនិម្មិត​នេះ លក់​ពុំទាន់​តម្រូវការ​ទីផ្សារ​។ ក្នុង​មួយថ្ងៃ កសិករ​រូបនេះ អាច​លក់​គោ​បាន​ចន្លោះ​ពី​៦ ទៅ​១៥​ក្បាល ដោយ​ក្នុង​មួយឆ្នាំ​អាច​រកចំណូលបាន​ប្រមាណ ១០​ម៉ឺន​ដុល្លារ​។ លោក បន្តថា ការចិញ្ចឹម​គោ​ពុំមាន​ផល​លំបាក​ប៉ុន្មាន​ទេ ដោយសារ​គោ​មិនសូវ​ឈឺ​ដូច​សត្វ​ដទៃ ខណៈ​ទីផ្សារ​មាន​ច្រើន​។ 

​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ការ​បង្កាត់​សិប្បនិម្មិត​គោ និង​ក្របី គឺជា​បច្ចេកទេស​មួយ ដែល​ត្រូវបាន​គេ​អនុវត្ត​ជាស​កល ក្នុង​ឧស្សាហកម្ម​ចិញ្ចឹម​គោ​យក​សាច់ និង​ទឹកដោះ ដោយសារ​បច្ចេកទេស​នេះ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដូចជា បង្កើន​ចំនួន​សត្វ​បាន​ច្រើន និង​លឿន (​កូន​គោ​កើត​មួយឆ្នាំ​១​ក្បាល​)​។ ជាមួយគ្នានេះ វា​ក៏​រួមចំណែក​ពង្រីក​ការរីក​សាយភាយ​ពូជ​គោ​ល្អ បាន​ទូលំទូលាយ សុវត្ថិភាព​ក្នុងអំឡុងពេល​ប្រតិបត្តិ កាត់បន្ថយ​និង​គ្រប់គ្រង​ការឆ្លង​ជំងឺ​សត្វ (​ពី​បា ទៅ​មេ​) ការ​បង្កាត់​មាន​ប្រសិទ្ធភាព (​អត្រា​ជាប់​ខ្ពស់​) ម្ចាស់​សត្វ​អាចធ្វើ​កំណត់ហេតុ បាន​ច្បាស់ (​ថ្ងៃ​បង្កាត់ និង​ថ្ងៃ​កើតកូន​) កែលម្អ​ពូជ និង​សេ​នេ​ទិ​កបាន​ទូលំទូលាយ ចំណេញ​ពេល និង​ងាយស្រួល ក្នុងការ​ដឹកជញ្ជូន​ទឹក​មេជី​វិត​៕


សត្វគោក្នុង​កសិដ្ឋានរបស់លោក ហ៊ួត លៀង។ រូបភាពពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង