ចូលឆ្នាំខ្មែរ៖ ចំនួនភ្ញៀវទៅលេងតំបន់ការពារសត្វស្លាបទួលព័ន្ធតាឡី មានការធ្លាក់ចុះ
18/04/2022 5:00 pm ព្រៃវែង

ដោយ៖ ប៉ូ សុភា 
ភ្នំពេញ៖ ក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ តំបន់ការពារសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ខេត្តព្រៃវែង ទទួលបានភ្ញៀវចំនួន៤៥៧២នាក់។ លោក នួន សារ៉េត ថា ចំនួននេះតិចជាងឆ្នាំមុន  អាចដោយសារនៅទីរួមខេត្តព្រៃវែងមានសង្ក្រាន្ត ទើបធ្វើឱ្យអ្នកទៅទស្សនាបង្វែរទិសដៅ។

 

លោក នួន សារ៉េត អនុប្រធាន​សហគមន៍​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ២៥​ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះ។  បើតាមលោក សារ៉េត ភ្ញៀវទៅទស្សនាសត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ចាប់ពីថ្ងៃទី១៤ ​ដល់១៧ ខែមេសា មានចំនួន ៤៥៧២នាក់ ក្នុងនោះមានជនបរទេសចំនួន៥នាក់។


 ភ្ញៀវទៅទស្សនា សត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ រូបភាពដោយ លោក នួន _សារ៉េត

លោកបានលើកឡើងដូច្នេះ៖ « យើងមិនអាចប្រៀបធៀបបានទេ ឆ្នាំមុនភ្ញៀវមាន៧ទៅ៨ពាន់នាក់ តែឆ្នាំនេះមានត្រឹមជាង៤ពាន់នាក់ហ្នឹង។ ឆ្នាំនេះនៅទីរួមខេត្តមានសង្ក្រាន្ដដូច្នេះម្នាក់ៗគេនាំគ្នាទៅនោះ»។ 

បើទោះបីជានៅទួលព័ន្ធតាឡីបឹងស្នេហ៍ ទទួលបានភ្ញៀវទៅទស្សនាតិច ប៉ុន្ដែក្នុងឱកាសពិធីចូលឆ្នាំខ្មែរឆ្នាំនេះ ខេត្តព្រៃវែងឈរនៅលេខរៀងទី៥ ដែលមានភ្ញៀវទេសចរទៅកម្សាន្តសរុបប្រមាណ ៣៨ម៉ឺននាក់ ដោយក្នុងនោះទេសចរអន្តរជាតិមានចំនួន ៥នាក់ ។
 
ទន្ទឹមនេះលោក សារ៉េត បញ្ជាក់ថា ភ្ញៀវចាប់ផ្ដើមវិលមកវិញបណ្ដើរៗ ប៉ុន្ដែមិនទាន់ដូចដើម ទោះបីសត្វនៅក្នុងតំបន់ទួលព័ន្ធតាឡីមានសត្វកើនច្រើនក្នុងឆ្នាំ២០២២។ លើសពីនេះ កន្លែងទស្សនាសត្វនៅទីតាំងនេះបានសង់បន្ថែម ដើម្បីបំពេញតម្រូវការរបស់អ្នកទស្សនា សម្រួលដល់ការទស្សនាសត្វឱ្យកាន់តែងាយស្រួល។  ​ 

 ភ្ញៀវទៅទស្សនា សត្វស្លាបនៅទួលព័ន្ធតាឡីបឹងស្នេហ៍ រូបភាពដោយ លោក នួន _សារ៉េត

សូមបញ្ជាក់ថា តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ មាន​ផ្ទៃដី​ទំហំ ៣ ៥៥៧​ហិកតា ដែលមាន​សត្វ​ស្លាប​ចំនួន​៥៣​ប្រភេទ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រៃវែង ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ពាម​រក៍ និង​ស្រុក​បាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នចំនួនសត្វសរុបនៅក្នុងតំបន់នេះ កើនឡើងដល់ជាង៦០ម៉ឺនក្បាល ៕

 

ព័ត៌មានទាក់ទង