«​ស្ទី​វ​» អណ្តើក​ហ្លួង​មហា​សំណាង​
11/04/2022 10:00 am កោះកុង
​ដោយ​៖ Chhut Chhean / USAID Wonders of the Mekong

«​ស្ទី​វ​» គឺជា​ឈ្មោះ​របស់​កូនអណ្តើក​ហ្លួង​មួយ​ក្បាល​អាយុ​១​ឆ្នាំ ដែលមាន​សំណាង​បាន​ញាស់​ចេញពី​ចំណោម​ពងអណ្តើក​ហ្លួង​ចំនួន ៧១​គ្រាប់ នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង​កាលពី​ឆ្នាំ ២០២១​។​


​ការដាក់​ឈ្មោះ​អណ្តើក​ហ្លួង​មួយ​ក្បាល​នេះ​ថា «​ស្ទី​វ​» គឺ​ដើម្បី​ជាការ​រឭក​ដល់ លោក ស្ទី​វ ជី ផ្លេ​ត ជនជាតិ​អាម៉េរិក ដែល​លោក​បាន​ស្រាវជ្រាវ​រកឃើញ​ប្រភេទ​អណ្តើក​ហ្លួង​នេះ​មុនគេ នៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ក្នុងអំឡុង​ឆ្នាំ ១៩៩៩-២០០០​។ 

«​នេះ​ចាត់ទុកថា​ជា​សំណាង ១ ក្នុង​៧១ នៃ​ពងអណ្តើក​ហ្លួង​ចំនួន ៧១​គ្រាប់ ដែល​ត្រូវបាន​ពង​ជា​លើកដំបូង នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង​»​។ នេះ​ជាការ​បញ្ជាក់​របស់ សោម ស៊ីថា ប្រធាន​គម្រោង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ដោយ​បន្ថែមថា បញ្ហា​ដែល​បណ្តាលឱ្យ​ពងអណ្តើក​ទាំង ៧១​គ្រាប់ ញាស់​បាន​តែមួយ​គ្រាប់​នេះ អាច​បណ្តាលមកពី​មេអណ្តើក​ហ្លួង​នោះ​នៅ​វ័យក្មេង បូករួម​នឹង​កង្វះ​ចំណី​អាហារូបត្ថម្ភ ដែលមាន​កម្រិត​ប្រូតេអ៊ីន និង​សារធាតុ​កាល់ស្យូម ដែលជា​ប្រភព​ផ្តល់នូវ​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ពងមាន​សុខភាព​ល្អ និង​កូន​។ 

​អណ្តើក​ហ្លួង​ស៊ី​អាហារ​ដូចជា ផ្លែ​អំពូ ដែលមាន​ដុះ​ច្រើន នៅក្នុង​ព្រែក​ស្រែអំបិល ខេត្តកោះកុង ត្រកួន ផ្លែឈើ សណ្តែកបណ្តុះ ផ្លែ​ល្វា ផ្លែ​ជម្ពូ រុក្ខជាតិ​ក្នុង​ទឹក​នានា ដូចជា​កំប្លោក និង​ចក​ជាដើម ព្រមទាំង​ផ្លែឈើ​ដែលមាន​ផ្លែ​តាម​រដូវ​កាល ដែល​អាច​រកបាន​ផ្សេងៗ ទៀតផង​។ ដើម្បីឱ្យ​ពងអណ្តើក​ហ្លួង​ទាំងនោះ មានគុណ​ភាព និង​ការបន្ត​ពូជ​បានល្អ ក្រុមការងារ​មជ្ឈមណ្ឌល​បាន​បន្ថែម​នូវ​ប្រភេទ​ចំណី ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ និង​សម្បូរ​ជាតិ​កាល់ស្យូម​ដល់​អណ្តើក​ហ្លួង​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល ជាពិសេស​អណ្តើក​ហ្លួង​ពេញវ័យ​។ 

​ការ​ភ្ញាស់​អណ្តើក​ហ្លួង គឺជា​បទពិសោធន៍​ថ្មី​សម្រាប់​មជ្ឈមណ្ឌល​អភិរ​ក្សស​ត្វ​ល្មូ​ន​កោះកុង​។ ទោះយ៉ាងណា លោក សោម ស៊ីថា បាន​លើកឡើងថា ចាប់តាំងពី​ការចាប់​កំណើត​របស់ «​ស្ទី​វ​» មក នៅក្នុង​ឆ្នាំ​២០២២​នេះ មជ្ឈមណ្ឌល​ទទួលបាន​ពងអណ្តើក​ហ្លួង​ថ្មីៗ ចំនួន​៩ សម្បុក សរុប ៨០ គ្រាប់​។ លោក សោម ស៊ីថា លើកឡើងថា​៖ «​ជាការ​កត់សម្គាល់ ពង​ទាំងនោះ​មាន​លក្ខណៈ​ល្អប្រសើរ មាន​សម្បក​រឹង​ល្អ ជាពិសេស​រហូតដល់​ជា​៥០% បានបង្ហាញ​ពី​កា​រក​កំណើត​។ មជ្ឈមណ្ឌល​សង្ឃឹមថា ពងអណ្តើក​ហ្លួង​ទាំងនោះ នឹង​អាច​ញាស់​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​»​។​

​មជ្ឈមណ្ឌល​អភិរក្ស​ស​ត្វ​ល្មូ​ន​កោះកុង ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ ដោយ​គម្រោង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល ស្ថាប័ន Mandai Nature នៃ​ប្រទេស​សិង្ហ​បុរី និង​ក្រោម​ជំនួយ​ថវិការ​ពី​ស្ថាប័ន​នានា ជាច្រើន​មានដូចជា សហភាព​អ៊ឺរ៉ុប ក្រោម​គម្រោង​ដៃគូ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ ស្ថាប័ន US Forest Service, Rainforest Trust, Turtle Survival Alliance និង​ម្ចាស់ជំនួយ​ឯកជន នានា​ផ្សេងទៀត​។ បច្ចុប្បន្ន នៅក្នុង​មជ្ឈមណ្ឌល មាន​អណ្តើក​ហ្លួង​សរុប​ចំនួន ១៥៤​ក្បាល​៕

​សូម​ចែកចាយ​បន្ត​នូវ​អត្ថបទ​នេះ និង​តាមដាន​គណនី​របស់​យើង ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការងារ​អភិរក្ស ដែល​កំពុង​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។​

ព័ត៌មានទាក់ទង