អ្នកស្រឡាញ់ភេទដូចគ្នា សប្បាយចិត្តដែលបានចុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ​  
06/04/2022 2:00 pm ព្រៃវែង
ដោយ៖ ស៊ុល រ៉វី 

ព្រៃវែង៖ អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងស្រុកមេសាង ខេត្តព្រៃវែង សប្បាយចិត្ត ដែលពួកគេ បានចុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ បើទោះបីពួកគេមិនអាចរៀបការស្របច្បាប់ដូចអ្នកស្រឡាញ់ភេទផ្ទុយគ្នា។ បើតាមមន្ត្រីនៃសហគមន៍ Rock ពិធីថ្លែងទំនាក់ទំនងគ្រួសារ ជាពិធីពិធីកិច្ចសន្យាឯកជនមួយ របស់អ្នកស្រឡាញ់ភេទដូចគ្នា។ ជាមួយគ្នានេះ អ្នកស្រឡាញ់ភេទដូចគ្នា ស្នើដល់រដ្ឋាភិបាល ពន្លឿនផ្នែកច្បាប់ ដើម្បីឱ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចទទួលបានសិទ្ធិស្របច្បាប់ រៀបអាពាហ៍ពិពាហ៍​ ដូចអ្នកស្រឡាញ់ភេទផ្ទុយគ្នា។


តទៅនេះសូមអញ្ជើញលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖ 

 ពលរដ្ឋអ្នកស្រឡាញ់ភេទដូចគ្នា៣គូ មានមូលដ្ឋានក្នុងស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី​៣ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីចុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ ដែលជាកិច្ចសន្យាឯកជនមួយ សម្រាប់ប្រើប្រាស់ជាយន្តការបឋម ដើម្បីការពារភាពជាដៃគូ និងគ្រួសាររបស់ខ្លួន​។ ស្របពេល ដែលកម្ពុជាពុំទាន់មានច្បាប់អាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅឡើយ។ 
 
ពិធីនេះរៀបចំឡើង ដើម្បីឱ្យមានការទទួលស្គាល់ ការទទួលយក ការការពារដោយច្បាប់ ចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ ក្នុងការពិនិត្យ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធ ដើម្បីទទួលបានសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា។ ​ពិធីចុះសេចក្ដី​ថ្លែងទំនាក់ទំនងគ្រួសារ​នេះ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដែលមានមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ សាច់ញាតិ និងមិត្តភក្ដិ ជាសាក្សីដឹងឮដែរ។ 
 
អ្នកស្រី ជ័យ សុខដុម មន្ត្រីតស៊ូមតិផ្នែកច្បាប់ នៃអង្គការសហគមន៍ឥន្ទធនូ​កម្ពុជា (Rock) លើកឡើងថា ដោយសារនៅកម្ពុជា មិនទាន់មានច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដូច្នេះពិធីខាងលើមានសារៈសំខាន់សម្រាប់ពួកគេ។ អ្នកស្រីបន្ថែមដូច្នេះ៖«យើងជឿជាក់ថា សេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ គឺជាភស្តុតាងមួយបានបង្ហាញ និងជំរុញ ទៅដល់អាជ្ញាធរថ្នាក់មូលដ្ឋាន សាធារណជន អាជ្ញាធរថ្នាក់ជាតិ ក្នុងការបង្ហាញជំហរគាំទ្រ ហើយនិងជំរុញឱ្យមានការគិតគូរ ​ការកែប្រែ និងអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នា រៀបការស្របច្បាប់ ដោយអាចចុះអេតា​ស៊ីវិលដូចដៃគូដទៃទៀតដែរ»។ 


 
អ្នកស្រី សុខដុម ថ្លែងទៀតថា បើទោះជាពិធីថ្លែងទំនាក់ទំនងគ្រួសារនេះ ការពារភាពជាដៃគូ និងគ្រួសាររបស់ពួកគេ ប៉ុន្តែតម្រូវការផ្នែកច្បាប់ ​ពិសេសច្បាប់អាពាហ៍ពិពាហ៍ស្របច្បាប់ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ពិតជាមានសារៈសំខាន់ និងជាតម្រូវការចាំបាច់បំផុត។ អ្នកស្រីបន្តថា ពិធីថ្លែងទំនាក់ទំនងគ្រួសារ មិនមែនជាដំណោះស្រាយ ប្រកបដោយសមភាព និរន្តរភាព សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាឡើយ គឺមានតែផ្លូវច្បាប់ប៉ុណ្ណោះ។ 
 
ដោយឡែក អ្នកស្រី ប៉ែន សំអ៊ន ជាអ្នកស្រឡាញ់ភេទដូចគ្នា បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនក៏ដូចជាដៃគូសប្បាយចិត្ត ដែលបានធ្វើពិធីសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារនេះ ក្រោយបានរួមរស់នៅជាមួយគ្នាដៃគូខ្លួន ប្រមាណ២០ឆ្នាំនេះ។ អ្នកស្រីបន្ថែមថា ពិធីនេះជាឱកាសមួយ ដែលបានឱ្យអាជ្ញាធរ សាច់ញាតិ មិត្តភក្ដិ បានដឹងឮ និងទទួលស្គាល់ ពីទំនាក់ទំនង របស់ខ្លួន។ 


 ពិធីចុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។ 

សម្រាប់អ្នកស្រី ប៉ែន ណុល វិញ ក៏ត្រេកអរដែរ ដែលខ្លួនបានរៀបចំពិធីថ្លែងទំនាក់ទំនងគ្រួសារនេះឡើង បន្ទាប់ពីផ្ដើមចំណងស្នេហាប្រមាណ៣០ឆ្នាំ។ «សំបុត្ររៀបការ មានសារៈសំខាន់ណាស់ សម្រាប់ម៉ែ! ម៉ែចង់ឱ្យក្មេងៗជំនាន់ក្រោយបានរៀបការ។ ម៉ែហួសហើយ ម៉ែចង់ឃើញក្មេងជំនាន់ក្រោយ មានសំបុត្រអាពាហ៍ពិពាហ៍ដូចអ្នកស្រឡាញ់ភេទផ្ទុយគ្នាដែរ»។ នេះជាសម្ដី របស់អ្នកស្រី ប៉ែន ណុល ដែលបានបន្តដោយស្នើ​ដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ឱ្យពន្លឿនឱ្យអ្នកស្រឡាញ់ភេទដូចគ្នា មានច្បាប់រៀបអាពាហ៍ពិពាហ៍ ដូចអ្នកស្រឡាញ់ភេទផ្ទុយដែរ។ 
 
​អ្នកស្រី ជ័យ សុខដុម ក៏ចង់ឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិរៀបរាបអាពាហ៍ពិពាហ៍ដោយស្របច្បាប់នៅកម្ពុជាដែរ។ អ្នកស្រី សុខដុម បាន​ស្នើឱ្យរដ្ឋាភិបាល ​ជំរុញឱ្យមានច្បាប់អាពាហ៍​នៅកម្ពុជា​​ដូច្នេះថា ៖«​ប្រជាពលរដ្ឋដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ស្វាគមន៍ក្នុងការអនុញ្ញាតឱ្យមានច្បាប់អាពាហ៍ពិពាហ៍។ យើងជឿជាក់ថា រាជរដ្ឋាភិបាល ក៏លោកគិតគូរដែរ តាមរយៈការទទួលយកអនុសាសន៍ UPR ដែលស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការទទួលយក ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងសាធារណជន ដើម្បីត្រៀម​ខ្លួនកែប្រែ អនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការបាន»៕ 


ពិធីចុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ របស់អ្នកស្រី ប៉ែន សំអ៊ន និង លោក ម៉ុក យ៉ាន ដែលជាដៃគូអ្នកស្រឡាញ់ភេទដូចគ្នា មានមូលដ្ឋានក្នុងស្រុកមេសាង ខេត្តព្រៃវែង។ 

ពិធីចុះសេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ របស់លោក ឈុន ញ៉ឹង និង អ្នកស្រី ប៉ែន ណុល ជាដៃគូអ្នកស្រឡាញ់ភេទដូចគ្នា នៅស្រុកមេសាង ខេត្តព្រៃវែង។ 

ព័ត៌មានទាក់ទង