កម្ពុជា រកឃើញជំងឺឆ្លង «ជ្រុះស្លឹកកៅស៊ូ» នៅខេត្តកោះកុង
23/03/2022 11:00 am កោះកុង

ដោយ៖ ឈុំ ចន្ថា

កម្ពុជា បានរកឃើញជំងឺជ្រុះស្លឹកលើដំណាំកៅស៊ូនៅចម្ការកៅស៊ូ ក្រុមហ៊ុន កោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ស្ថិតក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជំងឺជ្រុះស្លឹកកៅស៊ូនេះ មានឈ្មោះថា «Pestalotiopsis» ដែលជាប្រភេទជំងឺកាចសាហាវ និងរាតត្បាតលឿនបំផុត។ ជំងឺនេះ អាចធ្វើឱ្យកៅស៊ូជ្រុះស្លឹកពី១០ទៅ៩០ភាគរយ និងបាត់បង់ទិន្នផលប្រមាណ២៥ ទៅ៥០ភាគរយ។



ជំងឺជ្រុះស្លឹកកៅស៊ូនេះ បង្កឡើងដោយពពួកផ្សិតឈ្មោះ «Pestalotiopsis Sp» ដែលមានប្រភពចេញពីកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។ បច្ចុប្បន្ន ជំងឺនេះ បានឆ្លងរាលដាលជាបន្តបន្ទាប់ដល់ប្រទេសចំនួន៥ទៀតរួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌា ស្រីលង្កា និងវៀតណាម។ 

ជុំវិញបញ្ហានេះ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុងបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ខ្លីថា មកដល់ពេលនេះ លោកមិនទាន់បានដឹងថាជំងឺប្រភេទនេះកើតចេញពីណា និងប៉ះពាល់ដល់ចម្ការកៅស៊ូប៉ុន្មានឡើយ ខណៈ២ឆ្នាំមុន ក៏ធ្លាប់មានជំងឺនេះផ្ទុះឡើងម្ដងដែរនៅស្រុកថ្មបាំង។   

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល់ជំងឺជ្រុះស្លឹក «Pestalotiopsis» ពីតំបន់មួយទៅតំបន់មួយផ្សេងទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧មីនា បានដាក់វិធានការណែនាំដល់ប្រតិបត្តិករកៅស៊ូ អាជ្ញាធរពាក់ព័ន្ធ និងអ្នកដាំដុះទាំងអស់ ត្រូវផ្អាកបណ្ដោះអាសន្នរាល់ការចរាចរណ៍រុក្ខសម្ភារៈកៅស៊ូចេញខេត្តកោះកុង ទៅតំបន់ផ្សេងទៀត។ អាជ្ញាធរ ត្រូវពង្រឹងការត្រួតពិនិត្យ និងអនុវត្តនូវវិធានការភូតគាមអនាម័យឱ្យបានត្រឹមត្រូវ ចំពោះការនាំចូល និងចរាចររុក្ខសម្ភារៈកៅស៊ូពីបណ្ដាប្រទេសជិតខាង។  

ម្ចាស់ចម្ការ ត្រូវរាយការណ៍ជាបន្ទាន់មកអគ្គនាយដ្ឋានកៅស៊ូ ដើម្បីចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា ក្នុងករណីសង្កេតឃើញថាចម្ការកៅស៊ូមានការរាតត្បាតជំងឺ ឬជ្រុះស្លឹកមិនប្រក្រតី។ មួយវិញទៀត ក្នុងករណីរកឃើញថា មានកើតជំងឺជ្រុះស្លឹក «Pestalotiopsis» លើកៅស៊ូ ម្ចាស់ចម្ការត្រូវអនុវត្តវិធីសាស្រ្តព្យាបាលភ្លាមៗដូចជា ការប្រើប្រាស់ថ្នាំសម្លាប់ផ្សិតប្រភេទឌីតាន M45 (បរិមាណ១គីឡូក្រាម លាយទឹក១០០លីត្របាញ់៤ដង ក្នុងមួយខែ)។ ត្រូវដាក់ជីបំប៉ន (NPK ១៥-១៥-១៤ ចំនួន៣ដងក្នុងមួយឆ្នាំ ចាប់ពីខែឧសភា ដល់តុលា)។ 

ម្ចាស់ចម្ការ ត្រូវប្រមូលស្លឹកដែលជ្រុះដុតចោល និងសម្អាតតាមចន្លោះរងកៅស៊ូឱ្យបានស្អាត។ ជាពិេសស ម្ចាស់ចម្ការ ត្រូវហាមឃាត់អ្នកពាក់ព័ន្ធក្នុងចម្ការកៅស៊ូ និងពលរដ្ឋជុំវិញកុំឱ្យចេញ ឬចូលក្នុងតំបន់រាតត្បាតជំងឺ ដែលអាចជាប្រភពចម្លងទៅតំបន់ដ៏ទៃទៀត។ 

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីកៅស៊ូជាង៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង១៦ម៉ឺនហិកតា។ កម្ពុជាមានរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន១១ ដែលមានលទ្ធភាពនាំចេញផលិតផលកៅស៊ូបានជាង ៣៧ម៉ឺនតោន ដោយទទួលបានចំណូលចំនួន ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ៕
 


 

ព័ត៌មានទាក់ទង