សារមន្ទីរ​បុរាណវិទ្យា​មេមត់ មាន​អាយុកាល​២០​ឆ្នាំ តែ​ទេសចរ​ភាគច្រើន​មិនសូវ​ស្គាល់​
21/04/2022 9:00 am ត្បូងឃ្មុំ
ដោយ​៖ ស៊ុ​ល រ៉​វី 

​មជ្ឈមណ្ឌល និង​សារមន្ទីរ​បុរាណវិទ្យា​មេមត់ ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា​មួយ ស្ថិតក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ សារមន្ទីរ​នេះ មាន​អាយុកាល​ជាង​២០​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនសូវមាន​សាធារណជន​ច្រើន​ឡើយ​បាន​ស្គាល់​។
 


​មជ្ឈមណ្ឌល និង​សារមន្ទីរ​បុរាណវិទ្យា​មេមត់ ជា​សារមន្ទីរ​តែមួយគត់ ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​សាលាស្រុក​មេមត់ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ យោងតាម​របាយការណ៍​សង្ខេប​ស្ដីពី​មជ្ឈមណ្ឌល និង​សារមន្ទីរ​បុរាណវិទ្យា​មេមត់ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឆ្នាំ​២០១៤ សារមន្ទីរ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៩ ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា ក្រោម​ការផ្ដួចផ្ដើម​រប​ស់ សាស្ត្រាចារ្យ លោក ហ្គឺ​ត អាល់​ប្រិ​ច្ឆ​ត៍ និង លោក ជុច ភឿន ក្រោម​ការឧបត្ថម្ភ​ពី​ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​ភ្នំពេញ​។ 



​ក្រោយ​គំនិត​ផ្ដួចផ្ដើម​បង្កើត​ក្នុង​ឆ្នាំ​១៩៩៩ លោក ជៀវ អំ អតីត​អភិបាលខេត្ត​កំពង់ចាម​ពេលនោះ បានប្រគល់​អាគារ​ចាស់​មួយកន្លែង​ស្ថិតក្នុង​បរិវេណ​សាលាស្រុក​មេមត់ តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ធ្វើជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា និង​សារមន្ទីរ​។ គួរបញ្ជាក់​ផងដែរ​ថា កាលនោះ សម្ដេចព្រះរៀម​ន​រោ​ត្ដម បុប្ផា​ទេវី ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ 

​គោលបំណង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ​នាពេលនោះ គឺ​ដើម្បីឱ្យ​និស្សិត​ដែល​ទទួល​ការបណ្ដុះបណ្ដាល ពី​សាស្ត្រាចារ្យ​អាល្លឺម៉ង់​រយៈពេល​៤​ឆ្នាំ ពី​ឆ្នាំ​១៩៩៦ ដល់ ឆ្នាំ​១៩៩៩ នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួលបាន និង​បន្ត​ការស្រាវជ្រាវ​ដោយ​ឯករាជ្យ អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ពិសេស​ស្ថានីយ​បន្ទាយ​គូ និង​ស្ថានីយ​បុរាណ​ផ្សេងទៀត នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​។ 



​បន្ទាប់ពី​បានសម្រេច​យក​អគារ​មួយ​ក្នុង​សាលាស្រុក​រួចមក អាគារ​មួយ​នេះ​ត្រូវបាន​ជួសជុល​កែលម្អ​ឡើងវិញ នា​ខែតុលា ឆ្នាំ​១៩៩៩​ដដែល ហើយ​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ខែមករា ឆ្នាំ​២០០០​។ លុះ​មកដល់​ឆ្នាំ​២០០២ មជ្ឈមណ្ឌល​នេះ បង្កើតជា​សារមន្ទីរ​នៅ​ផ្នែក​ខាងលើ​នៃ​មជ្ឈមណ្ឌល​នេះ ក្រោម​ជំនួយ​ពី​អង្គការ​ហិន​រិច​បូល ដេ​អាដេ និង​សប្បុរសជន​អាល្លឺម៉ង់​។ 

​ការបង្កើត​សារមន្ទីរ​នាពេលនោះ ដើម្បី​តាំង​បង្ហាញជូន​សាធារណជន​នូវ​វត្ថុ​បុរាណ ដែល​បាន​ពី​កំណាយ​ស្រាវជ្រាវ និង​វត្ថុ​ដែល​ពលរដ្ឋ​ផ្ដល់​មកកាន់​មជ្ឈមណ្ឌល​។ ចាប់​បើក​ដំណើរការ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០០២​មក សារមន្ទីរ​មួយ​នេះ​មាន​អាយុកាល​២០​ឆ្នាំ​ហើយ ដែល​បច្ចុប្បន្ន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ត្បូងឃ្មុំ​។ 



​លោក កួ ហុក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិច​ត្រ​សិល្បៈ ខេត្ត​ត្បូងឃ្មុំ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា បច្ចុប្បន្ន​មជ្ឈមណ្ឌល និង​សារមន្ទីរ​បុរាណវិទ្យា មេមត់​នេះ មាន​ដាក់តាំង​បង្ហាញ​វត្ថុ​បុរាណ ដែល​បាន​ពី​កំណាយ នៅតាម​ទីតាំង​នានា​, ឯកសារ​ចងក្រង​ស្រាវជ្រាវ និង មានការ​តាំង​បង្ហាញ​គំរូ​ភូមិ​មូល និង​ពិធី​កប​សព​សម័យបុរាណ​ជាដើម​។ 

​លោក​បន្ថែមថា សារមន្ទីរ​នេះ បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី និង​មិន​គិតថ្លៃ​ឡើយ ប៉ុន្តែ​មិនសូវមាន​ទេសចរ និង​អ្នក​ក្រៅ​មូលដ្ឋាន​ស្គាល់​ច្រើន​ឡើយ​។ លោក​អះអាង​ដូច្នេះ​៖ «​ការពិត​សារមន្ទីរ មិនសូវមាន​អ្នក​ស្គាល់​ទេ ហើយ​ឥឡូវ​មិនទាន់​ដំណើរការ​ឡើងវិញ​ឡើយ ដោយសារ​កូ​វីដ​-១៩»​។ 

​ជាមួយគ្នានេះ សារមន្ទីរ​មួយ​នេះ ក៏​កង្វះខាត​ថវិកា​ក្នុងការ​ទ្រទ្រង់​សារមន្ទីរ​មួយ​នេះ​ផងដែរ​។ ទោះ​បែបនេះ​ក៏ដោយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​រូបនេះ ថា​នឹងមាន​គម្រោង​កែលម្អ​ទីធ្លា​សារមន្ទីរ និង​ដាំ​ដើមឈើ​មួយចំនួន ក្នុង​គោលបំណង​ទាក់ទាញ​ទេសចរ​៕

ព័ត៌មានទាក់ទង