កម្ពុជា កំពុងសិក្សាលក់ឥណទានកាបូនព្រៃឡង់ ទៅកាន់ទីផ្សារអន្តរជាតិ
27/02/2022 2:00 pm ព្រះវិហារ

ដោយ៖ ឈុំ ចន្ថា 

កម្ពុជា កំពុងសិក្សាលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។ កម្ពុជាបានកំណត់ទិសស្លោក «ថែរក្សាឈើឈរដើម្បីរកចំណូល» ក្នុងនោះរួមមានការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិជាដើម។



កម្ពុជា ធ្លាប់បានលក់ឥណទានកាបូន លើទីផ្សារស្ម័គ្រចិត្តនៅតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា និងតំបន់ជួរភ្នំក្រវាញទៅឲ្យក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន Disney និង Gucci ជាដើម។ ប៉ុន្តែ ថ្មីៗនេះ កម្ពុជា ក៏កំពុងសិក្សាឥណទានកាបូនបន្ថែមទៀត នៅតំបន់ដែនជម្រកសត្វព្រៃឡង់នៅ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខណៈដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី កំពុងដំណើរការនីតិវិធីរៀបចំលក់ឥណទានកាបូនលើទីផ្សារអន្តរជាតិ។ 

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា នីតិវិធីក្នុងការលក់កាបូន គឺត្រូវឆ្លងការសិក្សា និងវាយតម្លៃច្រើនដំណាក់កាល។ ដូច្នេះ ក្រុមហ៊ុន ដែលសម្រេចទិញឥណទានកាបូន បានឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដោយបញ្ជាក់ថា កម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់លក់ឥណទានកាបូននោះ បានល្អប្រសើរ ស្របតាមលក្ខខណ្ឌកំណត់។ 

លោកប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«នីតិវិធីក្នុងការលក់ឥណទានកាបូនហ្នឹង គឺគេត្រូវវាយតម្លៃនៅតាមតំបន់ការពារធម្មជាតិ ដោយប្រើបច្ចេកទេសក្នុងការវាសវែង ការផលិតកាបូនពីដើមឈើ។ អ៊ីចឹង គេអ្នកបច្ចេកទេសសិក្សា។ បន្ទាប់មក គេប្រមូលទិន្ន័យទាំងនោះ ធ្វើការវាយតម្លៃ និងសម្របសម្រួលលក់ឥណទានកាបូនទាំងនោះតាមរយៈអង្កការដៃគូផ្សេងៗ»។ 

បើតាមក្រសួងបរិស្ថាន ក្នុងមួយឆ្នាំកម្ពុជា អាចផលិតកាបូនបានលើ១០លានតោន។ ចាប់តាំងពីឆ្នាំ២០១៦ ដល់២០២០ កម្ពុជាលក់ឥណទានកាបូនបាន១១,៦ លានដុល្លារ ស្ថិតនៅដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត។ ថវិកាដែលទទួលបានពីការលក់កាបូន គឺយកទៅអភិវឌ្ឍសហគមន៍ និងតំបន់អភិរក្សធនធានធម្មជាតិផ្សេងៗ។

ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា គ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្ត ៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។ ជាមួយគ្នានេះ កម្ពុជា បានប្ដេជ្ញាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើឱ្យបានពាក់កណ្ដាលនៅឆ្នាំ២០៣០ និងឈានទៅសម្រេចឲ្យបានការបញ្ចេញឧស្ម័នកម្រិតសូន្យ ក្នុងវិស័យព្រៃឈើនៅឆ្នាំ២០៤០៕ 

 

ព័ត៌មានទាក់ទង