គ្រួសាររបស់លោក បេន រំភើបខ្លាំង ក្រោយទទួលបានសញ្ជាតិខ្មែរ
31/01/2022 4:00 pm ព្រះវិហារ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសាររបស់លោក ដាវិស បេន យ៉ូសសែប ដែលមានសមាជិកគ្រួសារសរុបចំនួន៤នាក់។



អ្នកស្រី ដាវិន សារិន យ៉ូសែប ប្រពន្ធរបស់លោក បេន បានប្រាប់សារព័ត៌មានថ្មីៗថា គ្រួសារអ្នកស្រីបានដាក់សំណើរសុំចូលសញ្ជាតិខ្មែរនៅឆ្នាំ២០២១ តាមរយៈក្រសួងបរិស្ថាន។ អ្នកស្រីបន្ថែមថា ក្នុងអំឡុងពេលនោះ លោក បេន និងគ្រួសារ ក៏មិនសង្ឃឹម ឬរំពឹងខ្ពស់ ថាទទួលបានសញ្ជាតិខ្មែរ ពីរាជរដ្ឋាភិបាលកម្ពុជា ដែរ។ 

អ្នកស្រី និងគ្រួសារ ពិតជារំភើបខ្លាំង ក្រោយពេលគ្រួសារអ្នកស្រី ទទួលបានសញ្ជាតិនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។   « មូលហេតុ ដែលខ្ញុំសុំចូលសញ្ជាតិ ក៏ដោយសារខ្ញុំចូលមករស់នៅខ្មែរ និងការពារ និងអភិរក្សធនធានធម្មជាតិនៅស្រុកខ្មែរយូរគួរសម។ និយាយទៅ ការរស់នៅ ម្ហូបអាហារ និងទម្លាប់រស់នៅជាមួយពលរដ្ឋខ្មែរ ខ្ញុំកាត់តាមអស់ហើយ»។ នេះជាការលើកឡើងរបស់អ្នកស្រី ដាវិន សារិន យ៉ូសែប។ 

អ្នកស្រី ដាវិន សារិន យ៉ូសែប បានរម្លឹកថា អ្នកស្រីបានចូលមកដល់កម្ពុជាដំបូងនៅឆ្នាំ១៩៩៧។ ចំណែកឯលោក បេនគាត់បានចូលមកកម្ពុជានៅឆ្នាំ១៩៩២។ រស់នៅស្រុកខ្មែរជិត៣០ឆ្នាំនេះ លោក បេន និងអ្នកស្រី ដាវិន សារិន យ៉ូសែប ការការពារធនធានធម្មជាតិ និងបរិស្ថានបានច្រើន ព្រមទាំងទទួលបានការគាំទ្រពីរដ្ឋាភិបាល។ 

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ ដល់លោកដាវិស បេន យ៉ូសសែប ដោយសារការលះបង់កម្លាំងកាយ របស់គ្រួសារលោកបេន ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។

«ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់លោក និងក្រុមគ្រួសារជាមួយក្រសួងបរិស្ថាន ប្រកប ដោយភាពស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រយោជន៍ធនធានធម្មជាតិជាធំ។ នេះគឺជាការតបស្នង និងការកោតសរសើរចំពោះអ្នកស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថានពិតប្រាកដ»។ នេះជាការលើកឡើងរបស់ លោកនេត្រ ភក្រ្តា។ 

យោងតាមព្រះរាជក្រឹត្យ ចេញថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២  នស/រករ/០១២២/០៧៤ ត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមសម្រាប់គ្រួសារ ដល់គ្រួសារលោក ដាវិស បេន យ៉ូសែប ដែលមានសមាជិក ៤នាក់ រួមមាន លោក ដាវិស បេន យ៉ូសែប, អ្នកស្រី ដាវិស សារិន ប៉ាទ្រីសា (ប្រពន្ធ), កុមារី ដាវិស អាម៉ាលី ការីស, និងកុមារី ដាវិស ចារ៉ា កាមីល (កូនស្រី)៕ 


 

 

ព័ត៌មានទាក់ទង