កម្ពុជា ជាប់លេខ២ នៅអាស៊ីសម្រាប់អ្នកចូលនិវត្តន៍មករស់នៅឆ្នាំ២០២២
14/01/2022 5:00 pm ភ្នំពេញ

ដោយ៖ សែម វណ្ណា

ភ្នំពេញ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី ដែលជាប្រទេសសម្រាប់អ្នកចូលនិវត្តន៍មករស់នៅក្នុងឆ្នាំ២០២២។ នេះបើតាមគេហទំព័រ International Living។



កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី និង១៤ នៅលើពិភពលោក ដែលជាប្រទេសសម្រាប់អ្នកចូលនិវត្តន៍មករស់នៅឆ្នាំ២០២២។ ជាមួយគ្នានេះ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ១១ លើពិភពលោក។ 

បើតាមគេហទំព័រនេះ ចំណាត់ថ្នាក់ និងការវាយតម្លៃ ផ្អែកលើកត្តាផ្សេងៗ រួមទាំងថ្លៃរស់នៅ អាហារ ថ្លៃពេទ្យ ភាពងាយស្រួលនៃទិដ្ឋាការ អាកាសធាតុ អ្វីដែលត្រូវធ្វើ ប្រពៃណី និងវប្បធម៌។ 

ជាមួយគ្នានេះ ប្រទេសសម្រាប់ចូលនិវត្តន៍ល្អបំផុតលើពិភពលោកទាំង១០ មានដូចជា ប៉ាណាម៉ា កូស្តារីកា ម៉ិកស៊ិក ព័រទុយហ្កាល់ អេក្វាឌ័រ កូឡុំប៊ី បារាំង ម៉ាល់ត៍ អេស្ប៉ាញ និងអ៊ុយរូហ្កាយ។

កាលពីខែ សីហា ឆ្នាំ២០២១ គេហទំព័រ Touropia បានវាយតម្លៃតំបន់អង្គរវត្ត ក្នុងខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីតាំងចំនួន២៩ អាស៊ីអាគ្នេយ៍។ មូលហេតុដែល Touropia ជ្រើសរើសរមណីយដ្ឋានអង្គរ ជាគោលដៅទីមួយ ព្រោះតំបន់អង្គរ ជាទីក្រុងវប្បធម៌ ដ៏ចំណាស់មួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់អង្គរ មានប្រាសាទបុរាណធំៗ ដូចជា ប្រាសាទបាយ័ន ប្រាសាទអង្គរតូច ជាដើម៕ 


 

ព័ត៌មានទាក់ទង