ព្រះតេជគុណ ថូ ធូរស់ បង្កើតយុទ្ធនាការ១ដុល្លារ ដើម្បីជួយការពារព្រៃសង្ឃរុក្ខាវ័ន ខណៈបទល្មើសនៅតែកើតមាន
14/01/2022 3:30 pm ភ្នំពេញ

 ដោយ៖ ស៊ុល រ៉វី 

ក្រុមព្រះសង្ឃ ការពារព្រៃឈើសង្ឃរុក្ខាវ័ន បានបង្កើតយុទ្ធនាការ១ដុល្លារ ដើម្បីចូលរួមសកម្មភាពការពារព្រៃឈើក្នុងសហគមន៍ ខណៈបទល្មើសព្រៃឈើនៅតែបន្តកើតមាន។ព្រះតេជព្រះគុណ ថូ ធូរស់ ប្រធានសហគមន៍ នៃសង្ឃសហគមន៍រុក្ខាវ័ន បានមានសង្ឃដីកាថា យុទ្ធនាការ ១ដុល្លារនេះ ដើម្បីទ្រទ្រង់សកម្មភាពចុះល្បាតព្រៃ ស្បៀងអាហារ និងសម្ភារៈចុះល្បាតផ្សេងៗ សម្រាប់គណៈកម្មាការ ព្រះសង្ឃ និងមន្ត្រីឧទ្យានុរក្ស ក្នុងសហគមន៍។ យុទ្ធនាការនេះ ចាប់ផ្ដើមពីចុងខែធ្នូ ឆ្នាំ២០២១ ដល់ដើមខែកុម្ភៈ ឆ្នាំ២០២២។

  

ព្រះតេជព្រះគុណ ថូ ធូរស់ មានសង្ឃដីកាប្រាប់សារព័ត៌មានថ្មីៗ២៥ថា ជាច្រើនឆ្នាំមកនេះ សហគមន៍ការពារព្រៃឈើសង្ឃរុក្ខាវ័ន បានជួបប្រទះនឹងបញ្ហាខ្វះខាតមួយចំនួន។ ដូច្នេះ ថវិកាដែលទទួលបានពីសប្បុរសជនទាំងនោះ នឹងក្លាយជាចំណែកមួយជួយដល់សកម្មភាពការពារព្រៃឈើសង្ឃរុក្ខាវ័ន ដូចជា ការល្បាតព្រៃ ការការពារសត្វព្រៃ ជីវៈចម្រុះ ក្នុងដែលជម្រកសត្វព្រៃមួយនេះ។  

ព្រះតេជព្រះគុណ ថូ ធូរស់ មានសង្ឃដីកាដូច្នេះថា៖ «នៅសង្ឃរុក្ខាវ័ននេះ បើនិយាយពីការខ្វះខាត គឺខ្វះខាតច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងថវិកា សម្រាប់ទ្រទ្រង់(ក្នុងសហគមន៍)ទាំងមូលតែម្ដង ហើយត្រូវការប្រើប្រាស់ធនធានច្រើន ក្នុងមួយថ្ងៃៗ»។ 

បើតាមព្រះតេជព្រះគុណ ចាប់តាំងពីផ្ដើមយុទ្ធនាការមកដល់ពេលនេះ មានសប្បុរសជនចូលរួមវិភាគទាន ត្រឹមតែ ១២នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន មានព្រះសង្ឃចំនួន ៧អង្គ ប្រជាសហគមន៍ និងគណៈកម្មការជាង ៨០នាក់ ព្រមទាំងកងកម្លាំងថ្នាក់ខេត្តមួយចំនួនទៀត បានចូលរួមចុះល្បាតនៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន។ បទល្មើសក្នុងព្រៃសង្ឃរុក្ខាវ័ន ភាគច្រើនជាបទល្មើសឈើប្រណីតធ្នង់ ដោយក្នុងឆ្នាំ២០២១កន្លងទៅ ករណីកាប់ឈើប្រភេទនេះ មានជាង ១ពាន់ដើម, បទល្មើសសត្វព្រៃ, ការនេសាទត្រីខុសច្បាប់ និងការទន្ទ្រានដីព្រៃសហគមន៍។ 

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃ សង្ឃសហគមន៍រុក្ខាវ័ន ជាព្រៃស្រោង ស្ថិតក្នុងខេត្តឧត្ដរមានជ័យ គ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ២៦១ហិកតា ដែលត្រូវបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយអតីតសង្ឃមួយអង្គ ព្រះនាម ប៊ុន សាលួត។ ការផ្ដួចផ្ដើមគំនិត បង្កើតកិច្ចការពារព្រៃស្រោងមួយនេះ ដោយសារតែការបន្តបាត់បង់ព្រៃឈើ តាមរយៈដីសម្បទានសេដ្ឋកិច្ច ការកាប់ឈើល្មើសច្បាប់ និងការទន្ទ្រានយកដី៕

 

ព័ត៌មានទាក់ទង