ក្រសួងកសិកម្ម៖ស្រូវប្រាំង អាចចុះថោក ខណៈជី ថ្នាំ សាំង កើនឡើងថ្លៃទ្វេដង
13/01/2022 4:00 pm ភ្នំពេញ
ដោយ៖ ឈុំ ចន្ថា

រដូវប្រមូលផលស្រូវប្រាំងខាងមុខ នឹងប្រឈមចុះថោក ខណៈតម្លៃប្រេង សាំង ជី និងថ្នាំកសិកម្ម បានឡើងថ្លៃទ្វេដង។ បើតាមក្រសួងកសិកម្ម ការធ្លាក់ចុះតម្លៃស្រូវជាងមួយឆ្នាំមកនេះ បណ្ដាលមកពីវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យទីផ្សារអង្ករអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក ពិសេសការបន្ថយទិញស្រូវពីបណ្ដារោងម៉ាស៊ីនកិនស្រូវមួយចំនួននៅកម្ពុជា។


ក្រសួងកសិកម្មនៅថ្ងៃទី១២មករា បានឱ្យដឹងថា តម្លៃស្រូវបានធ្លាក់ចុះបន្តិច ធៀបឆ្នាំ២០២០។ តម្លៃអង្ករក្រអូប បានធ្លាក់ចុះពី ២០ ទៅ ២៥ភាគរយ ពិសេសការកាតបន្ថយការទិញស្រូវពីបណ្ដារោងម៉ាស៊ីនកិនស្រូវមួយចំនួន។

ជាមួយគ្នានេះ ក្រសួងកសិកម្ម  បានសហការជាមួយវិស័យឯកជន សហព័ន្ធស្រូវអង្ករ ដើម្បីជំរុញដល់សមាជិករបស់ខ្លួនឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យពីកសិករ។ មន្ទីរកសិកម្មជាប់ព្រំដែនវៀតណាម ក៏កំពុងជំរុញការនាំចេញនៅគ្រប់ច្រកទាំងអស់ ដើម្បីកាត់បន្ថយការរាំងស្ទះនាំចេញស្រូវទៅលក់នៅវៀតណាម។ 

«នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវរដូវប្រាំងនឹងចាប់ផ្ដើម ហើយប្រជាកសិករមានការព្រួយបារម្ភ។ ចំពោះតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ទនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃខ្ពស់ទ្វេដង ដោយសាររោងចក្រ កាត់បន្ថយការផលិត និងការដឹកជញ្ជូនកើនឡើង»។ នេះជាការលើកឡើងរបស់ក្រសួងកសិកម្ម។ 

ដើម្បីលើកកម្ពស់ផលិតផលដំណាំស្រូវ ក្រសួងកសិកម្ម អំពាវនាវឱ្យ មន្ទីរកសិកម្មគ្រប់ខេត្ត បន្តចុះណែនាំដល់កសិករ ក៏ដូចជាសហគមន៍កសិកម្ម អំពីបច្ចេកទេសផលិតកម្មដំណាំស្រូវឲ្យទទួលបានទិន្នផលខ្ពស់ តាមបច្ចេកទេស ពិសេសជួយកាត់បន្ថយការចំណាយផ្សេងៗ។

អាជ្ញាធរខេត្តត្រូវខិតខំទំនាក់ទំនង និងបង្កលក្ខណៈងាយស្រួល ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ វិស័យ ឯកជននានាក្នុងតំបន់ ដើម្បីទិញស្រូវរបស់កសិករក្នុងតម្លៃសមរម្យ និងជួយសម្រួលឲ្យមានជម្រើសច្រើនដល់កសិករ ជាជាងលក់ឲ្យឈ្មួញផ្តាច់មុខ។ ក្រសួងស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ធ្វើការ សម្របសម្រួលលើការទំនាក់ទំនងដោយផ្ទាល់ ជាមួយសហគមន៍ កសិកម្ម ក្នុងតំបន់របស់ខ្លួនក្នុងការលក់ស្រូវដោយផ្ទាល់ និងឈានដល់ការធ្វើផលិតកម្ម តាមកិច្ចសន្យាជាមុន។ 
 
បើតាមក្រសួងកសិកម្ម ការប្រមូលផលស្រូវនៅឆ្នាំ២០២១នេះ បានបញ្ចប់ស្ទើរទាំងស្រុង ដោយទទួលបានទិន្នផលប្រមាណ ១២,១២លានតោន ដោយកើនឡើង ១១,៥ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ការនាំចេញអង្ករផ្លូវការសម្រចបាន ៦១៧លោនតោន គឺថយចុះ ១០,៨៦ភាគរយ។ ការនាំចេញស្រូវទៅប្រទេសជិតខាងបាន ៣,៥៧លានតោន ដោយកើនឡើង ៦១,១៦ភាគរយ បើធៀបឆ្នាំ២០២០៕ 

 

 

ព័ត៌មានទាក់ទង