«ខ្សែដៃអន្ទាក់» ទទួលបានការគាំទ្រពីជនបរទេស តែពលរដ្ឋខ្មែរមិនសូវគាំទ្រ
13/01/2022 12:00 pm ភ្នំពេញ

 ដោយ៖ ប៉ូ សុភា  
 
ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានយកអន្ទាក់ដោះពីព្រៃធំនៅកម្ពុជា ច្នៃជា «ខ្សែដៃអន្ទាក់» ។ លោក មួង សៅសាម៉ឺឌី ជាបុគ្គលិកនៅក្នុងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា ខ្សែដៃនេះ ទទួលបានការគាំទ្រពីជនបរទេស តែពលរដ្ឋខ្មែរមិនសូវចាប់អារម្មណ៍។



 
ខ្សែដៃអន្ទាក់ត្រូវបានកែច្នៃចេញពីខ្សែអន្ទាក់ ដែលដោះពីព្រៃធំៗនៅប្រទេសកម្ពុជា។ លោក មួង សៅសាម៉ឺឌី បានឱ្យថា​ ខ្សែដៃនេះ មានពីរប្រភេទ គឺខ្សែដៃធ​ម្មតា និង ខ្សែដៃដែលបំពាក់ជាមួយបន្ទះស្លាកធ្វើពីសម្បកគ្រាប់កាំភ្លើង ដែលមានសរសេរពាក្យថា« SNARED»។ 
 
បើតាម លោក សាម៉ឺឌី  ខ្សែដៃធម្មតាមានតម្លៃ២ម៉ឺនរៀល រីឯ ខ្សែដែលមានស្លាកតម្លៃ៦ម៉ឺនរៀល។  លោក បន្ថែមថា អ្នកដែលទិញខ្សែដៃនេះភាគច្រើនជាជនបរទេស មិនសូវមានពលរដ្ឋខ្មែរឡើយ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងយកថវិកា ដែលលក់ខ្សែដៃនេះ  ជួយដល់គម្រោង ថែរក្សា​និងសង្គ្រោះសត្វព្រៃកម្ពុជា។
 
«សម្រាប់ជនជាតិខ្មែរដែលហ៊ានចំណាយប្រាក់ទិញខ្សែដៃនេះ ភាគច្រើនជាអ្នកចូលចិត្តស្រឡាញ់ និងមានគំនិតចង់ចូលរួមជួយការងារអភិរក្សសត្វព្រៃ តាមរយៈការទិញវត្ថុអនុស្សាវរីយ៍ខ្លះៗ ដើម្បីផ្ដល់ថវិកាមួយចំនួនដល់ការងារជួយសង្រ្គោះសត្វព្រៃជាប់អន្ទាក់ជាច្រើន»។ នេះជាការបញ្ជាក់របស់លោក សាម៉ឺឌី។


 
ជាមួយគ្នានេះ លោក សាម៉ឺឌី អំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជាព្រោះបច្ចុប្បន្ន សត្វកម្រជាច្រើនប្រទេស កំពុងត្រូវការ ការការពារ ដើម្បីកុំឱ្យផុតពូជ។ លោក បន្តថា ការរួមគ្នាថែរក្សា ជាកម្លាំងសាមគ្គីដ៏សំខាន់ដែលអាចធ្វើឱ្យជីវៈចម្រុះ និងធនធានធម្មជាតិកម្ពុជានៅគង់រង្ស៕

ព័ត៌មានទាក់ទង