លោក ហៃ លីអ៊ាង បាននាំផលិតផល «ត្នោតខ្មែរ» និង «ម្រេចខ្មែរ» ទៅជាង៣០ប្រទេស 
11/01/2022 12:00 pm ភ្នំពេញ

ដោយ៖ សុង សុធាវី

ភ្នំពេញ៖ លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរេល គឺជាម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១។ មានបទពិសោធ នៅក្នុងការធ្វើអាជីវកម្មប្រមាណ៣០ឆ្នាំមកហើយ លោក ហៃ លីអ៊ាង គឺសហគ្រិនខ្មែរដ៏លេចធ្លោមួយរូបនេះ ដែលបាននាំយកផលិតខ្មែរកែច្នៃពីត្នោត និងម្រេច ទៅកាន់ទីផ្សារអន្តរជាតិជិត៣០នៅទូទាំងពិភពលោក។ ផលិតផលទាំងនោះ មានដូចជាស្ករត្នោត ស្រាត្នោត ម្រេច និងតែម្រេចជាដើម។



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវីអ្នកសម្របសម្រួលកម្មវិធី«គំនិតថ្មី» និងលោក ហៃ លីអ៊ាង ដូចតទៅ៖

 
«ទម្រាំជាប់ជ័យលាភី ពានរង្វាន់សហគ្រិនថ្នាក់ជាតិ ក្នុងការ លើកកម្ពស់ផលិតផលជាតិ» ============

លោក ឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន ខនហ្វីរេល ឯក. បានជាប់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ។ ជិត៣០ឆ្នាំក្នុងជីវិតជាម្ចាស់អាជីវកម្ម លោកបានច្នៃផលិតផលជាច្រើនមុខពីត្នោត និងឱសថខ្មែរច្រើនមុខទៀត ដើម្បីបំពេញតម្រូវការ ជូនអតិថិជនក្នុងស្រុក ក៏ដូចជាបណ្តាប្រទេសធំៗមួយចំនួនផងដែរ។ ពានរង្វាន់នេះ បានផ្តោតទៅលើ ស្តង់ដារគុណភាពផលិតផល សក្តានុពលនៃអាជីវកម្មមួយដែលបានចូលរួមជួយសង្គម តាមរយៈការផ្តល់ឱកាសការងារដល់ពលរដ្ឋ និងបានលើកកិត្តិនាមប្រទេសជាតិ។ ទម្រាំក្លាយជាម្ចាស់ជ័យលាភីសហគ្រិនថ្នាក់ជាតិ ត្រូវធ្វើដូចម្តេចហើយគាត់អាចជំរុញ និងលើកកម្ពស់ ផលិតជាតិទាំងនេះតាមវិធីណាខ្លះ? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗបានអញ្ជើញ លោកឱសថបណ្ឌិត ហៃ លីអ៊ាង ដើម្បីចូលរួមពិភាក្សាលើប្រធានបទនេះ។ សូមលោក លោកស្រី អ្នកនាងកញ្ញាទស្សនានូវបទបទសម្ភាសន៍ រវាង វាគ្មិនរូបនេះ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» ដូចតទៅ៖

Posted by គំនិតថ្មី-New IDEAS on Monday, January 3, 2022

លោក ហៃ លីអ៊ាង ឱសថបណ្ឌិតនៃសហគ្រាសផលិតឱសថ PPM និងជាអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល ដែលបានឈ្នះពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២១។ ទម្រាំទទួលបានសមិទ្ធផលមួយនេះ លោកបានបង្កើតផលិតផលបង្ហាញពីអត្តសញ្ញាណ និងខិតខំសិក្សាស្រាវជ្រាវ បង្កើតនូវផលិតផលថ្មីៗ ដោយត្រូវបានគេទទួលស្គាល់លក្ខណៈអន្តរជាតិ។  

លោក ហៃ លីអ៊ាង បញ្ជាក់ដូច្នេះ៖«សូមយើងជឿលើខ្លួនយើង វាសនាយើង ប្រទេសជាតិយើង ព្រោះគ្មានអ្នកណាផ្សេងមកជួយយើងឡើយ ហើយខំប្រឹងគាស់កកាយឡើងវិញ នូវមរតកដែលដូនតាយើងបានបន្សល់ទុកឱ្យ ច្នៃឱ្យស័ក្តិកសមនឹងតម្លៃទៅកាន់បរទេស ដូចប្រាសាទអង្គរវត្តផងដែរ»។

បើតាមសហគ្រិនវ័យ ៥៣ឆ្នាំ រូបនេះ ការខិតខំអាជីវកម្មនេះឡើង ព្រោះចង់យកសមត្ថភាព ឆន្ទៈ ទស្សនៈ ដែលខ្លួនមានទៅបង្កើតជាសមិទ្ធផលថ្មីៗជាច្រើន បង្ហាញទៅកាន់អន្តរជាតិ ថាខ្មែរអាចធ្វើបាន។ ម្យ៉ាងទៀតម្ចាស់សហគ្រាសរូបនេះ ចង់ផ្សារភ្ជាប់គម្លាតសង្គមរវាង អ្នកនៅទីក្រុង និងអ្នកនៅជនបទ ឱ្យស្គាល់ និងយល់ពីតម្លៃផលិតផលជាតិតែមួយ។ លោក ហៃ លីអ៊ាង ចង់ចូលរួមលើកកម្ពស់ផលិតផលខ្មែរ ដ៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ឱកាសការងារដល់ពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេស។

លោកបានលើកទឹកចិត្តដល់សហគ្រិនជំនាន់ក្រោយ ដែលជាអ្នកផលិតក្នុងស្រុក ឱ្យជឿជាក់លើខ្លួនឯង ខិតខំសិក្សាស្រាវជ្រាវ រាវរករូបមន្តថ្មីបន្ថែម ដើម្បីបំពេញតម្រូវការជូនអតិថិជន ពិសេសមរតកដែលដូនតាបានបន្សល់ទុកឱ្យ បើទោះបីជាជួបឧសគ្គបែបណាក៏ដោយ៕
 

ព័ត៌មានទាក់ទង