ក្រុមអភិរក្សថ្ម កំពុងសង្រ្គោះចម្លាក់សេសសល់នៅប្រាសាទភ្នំក្រោម
10/01/2022 3:00 pm សៀមរាប

ដោយ៖ អ៊ីសា រ៉ហានី

សៀមរាប៖ ក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា កំពុងសង្រ្គោះចម្លាក់សេសសល់នៅប្រាសាទភ្នំក្រោម ខណៈដែលប្រាសាទនេះ រងការខូចខាតខ្លាំង។

អ្នកអភិរក្សថ្ម លោក ឡុង ណារី កំពុងដឹកនាំក្រុមការងារ​ខ្លួន ជួសជុល និងអភិរក្សចម្លាក់ ដែលមានសេសសល់នៅប្រាសាទភ្នំក្រោម ដែលស្ថិតនៅលើភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ការងារនេះ ក្នុងបំណងដើម្បីសង្រ្គោះចម្លាក់ទាំងនោះ កុំឱ្យបន្តបាត់បង់លឿនពេក។ តាមអ្នកជំនាញ ចម្លាក់នៅប្រាសាទភ្នំក្រោមនៅសេសសល់តិចតួចបំផុត ខណៈស្ថានភាពថ្មមានការពុកផុយខ្លាំង ហើយចម្លាក់ភាគច្រើន មើលពុំដឹងពីក្បាច់ឡើយ ដោយនៅតែសាច់ថ្ម ផ្នែកខាងក្នុងប៉ុណ្ណោះ។ 

​លោក ឡុង ណារី បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗទៀតថា ការជួសជុលនិងអភិរក្ស គឺមានការប្រើប្រាស់កាវ បញ្ចូលទៅក្នុងសាច់ថ្ម ដើម្បីកុំឱ្យក្បាច់ជ្រុះធ្លាក់ទៀត ដែលការងារនេះ គ្រាន់តែជាការសង្រ្គោះបន្ទាន់ប៉ុណ្ណោះ ដោយពុំមែនជាការជួសជុលទាំងស្រុងឡើយ។ លោកបន្តថា៖«អ្វីក៏ដោយ គ្រាន់តែជួសជុលដើម្បីពន្យារអាយុនៃការខូចខាត របេះ កុំឱ្យលឿនពេក ដើម្បីសម្រាប់ការសិក្សាទៅអនាគតទៀត យើងអាចជួសជុលទាំងស្រុង នៅពេលមានថវិកា ធនធានគ្រប់គ្រាន់...ការអភិរក្ស គឺខុសប្លែកពីការជួសជុល ជួសជុលយើងអាចយកថ្មថ្មី យកមកជំនួសកន្លែងដែលបាត់ ឃើញស្អាត ឃើញមាំ ចំណែកអភិរក្ស យើង​ទប់ស្កាត់កុំឱ្យវាធ្លាក់តែប៉ុណ្ណោះ»។

គម្រោងអភិរក្សថ្មនៅប្រាសាទភ្នំក្រោម ធ្វើឡើងរយៈពេល៣ខែ ដែលចាប់ផ្តើមពីដើមខែធ្នូ ឆ្នាំ២០២១មក។ ប្រាសាទភ្នំក្រោម កសាងដំណាលគ្នា​នឹងប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូកដែរ គឺនៅសតវត្សទី១០។ យ៉ាងណា ប្រាសាទភ្នំក្រោម មានសភាពខូចខាតច្រើន។ តាមអ្នកជំនាញពន្យល់ថា កត្តាអាកាសធាតុ និងភូមិសាស្រ្ដជិតបឹងទន្លេសាប ធ្វើឱ្យថ្មសឹក ពុកផុយ និងរបេះខ្លាំង ដែលចម្លាក់ទាំងអស់នៅប្រាសាទនេះ សឹងមើលលែងយល់ទៅហើយ។ ក្រៅពីនេះ កត្តាមនុស្សនៅសម័យសង្រ្គាម ក៏សុទ្ធសឹងជាមូលហេតុផងដែរ៕

 

ព័ត៌មានទាក់ទង