ក្ដឹបស្វាយបានថ្លៃ! សហគមន៍ស្វាយកែវរមៀតគិរីរម្យ ជំរុញឱ្យកសិករបេះលក់ ជំនួសការនាំចូល
10/01/2022 9:00 am ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 
 
ក្លឹបស្វាយត្រូវបានដាក់លក់នៅតាមហាងម្ជូរនានា ទូទាំងប្រទេស ខណៈសហគមន៍ស្វាយគិរីរម្យ ជំរុញឱ្យកសិករបេះក្កឹបស្វាយលក់វិញ ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស។ ក្ដឹបស្វាយ មានតម្លៃខ្ពស់ចន្លោះពី២ ៥០០ ដល់៣ ០០០រៀលក្នុងមួយគីឡូក្រាម ហើយកម្ពុជាត្រូវការ ក្ដឹបស្វាយលើសពី ១០តោន ជារៀងរាល់ថ្ងៃ។

  
 
អ្នកស្រី ឈិន ចំរើន នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី៧មករានេះថា តម្រូវការក្ដឹបស្វាយលក់តាមហាងម្ជូរ កំពុងកើនឡើង ធ្វើឱ្យកសិករក្នុងសហគមន៍ស្វាយកែវរមៀតគិរីរម្យ ងាកមកបេះក្ដឹបស្វាយលក់វិញ ព្រោះមានតម្លៃខ្ពស់ជាងស្វាយធំ។ លោកស្រី លើកឡើងថា ក្ដឹបស្វាយ មានតម្លៃចន្លោះពី២ ៥០០ ដល់៣ ០០០រៀល ក្នុងមួយគីឡូក្រាម ខណៈស្វាយធំមានតម្លៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ 
 
អ្នកស្រី ប្រាប់ដូច្នេះថា៖«ខ្ញុំឃើញតម្រូវការក្ដឹបស្វាយនៅកម្ពុជាយើងខ្ពស់ជាង ការញាំស្វាយធំ។ រាល់ថ្ងៃមិនបាច់យកទៅលក់នៅឯណាទេ ឱ្យតែមាន យើងមើលតែតាមទូរម្ជូរទៅ គឺសុទ្ធតែក្ដឹបស្វាយ។ ក្ដឹបស្វាយ១ឆ្នាំ យើងអាចធ្វើបាន៤ដង តែស្វាយធំ១ឆ្នាំ ធ្វើបានតែ៣ដងទេ ហើយត្រូវចំណាយច្រើនទាំងថ្លៃពលកម្ម និងការវេចខ្ចប់។ បើស្វាយក្ដឹបវិញ អត់មានអស់អីច្រើនទេ។ តែ៣អាទិត្យ អាចបេះបានហើយ»។ 
 
លោកស្រី ឈិន ចំរើន បន្តថា កម្ពុជាត្រូវការក្ដឹបស្វាយលើសពី ១០តោន ជារៀងរាល់ថ្ងៃ តែភាគច្រើនវាត្រូវបាននាំចូលពីប្រទេសថៃ។ នាយកប្រតិបត្តិហគមន៍ស្វាយគិរីម្យរូបនេះ ជំរុញឱ្យកសិករ បេះក្ដឹបស្វាយលក់វិញ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ពិសេសកាត់បន្ថយការនាំចូលពីក្រៅប្រទេស។
 
លោកស្រីប្រាប់ដូច្នេះថា៖«យើងមានយុទ្ធនាការជំរុញឱ្យការលក់ស្វាយនៅកម្ពុជា បានល្អ មានទីផ្សារល្អ និងកុំឱ្យជ្រុះក្រោមដើមតទៅទៀត។ ដូច្នេះ យើងទើបតែចាប់ផ្ដើមជំរុញឱ្យកសិករបេះក្ដឹបស្វាយលក់ឆ្នាំ២០២១ហ្នឹងទេ»។ លោកស្រី ពន្យល់ថា ការជំរុញឱ្យបេះក្ដឹបស្វាយនេះ គឺជាផ្នែកជួយឱ្យកសិករចំណេញ ទាំងការលក់ស្វាយធំ និងក្ដឹបស្វាយ។

លោកស្រី ឈិន ចំរើន ឱ្យដឹងថា សហគមន៍ស្វាយគិរីរម្យ មានគម្រោងនាំក្ដឹបស្វាយប្រមាណ៥០តោន ក្នុងមួយខែ លក់ទៅកាន់ទីផ្សារ អឺរ៉ុប អាម៉េរិក និងចិន នៅឆ្នាំ២០២២ខាងមុខ ស្របតាមស្តង់ដារអនាម័យ និងការវេចខ្ចប់ត្រឹមត្រូវ។ 
 
រយៈពេល១២ខែឆ្នាំនេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ចំនួន ២៤២ ៤៨៣តោន កើនឡើងជាង១៤៨ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមច្រើនជាងគេចំនួន ១៩៩ ០៧៧តោន ចិន ៤ ៧៧១តោន កូរ៉េជិត១៥០តោន ហុងកុង ៥០តោន និងសិង្ហបុរី ១៦តោន៕ 
 
 
 

 

ព័ត៌មានទាក់ទង