អ្នករកស៊ីក្នុងវិស័យទេសចរណ៍ ស្នើក្រសួងសេដ្ឋកិច្ចបន្ធូរលក្ខខណ្ឌគម្រោងកម្ចី២០០លានដុល្លារ 
25/12/2021 3:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ សហការជាមួយវិស័យឯកជន គ្រោងផ្ដល់កម្ចីសហហិរញ្ញប្បទាន ប្រហែល ២០០លានដុល្លារ សម្រាប់អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅដើមឆ្នាំ២០២២។ អ្នករកស៊ីក្នុងវិស័យទេសចរណ៍ សាទរចំពោះគម្រោងនេះ តែស្នើឱ្យក្រសួងបន្ធូរបន្ថយលក្ខខណ្ឌ និងការប្រាក់ ព្រោះការរកស៊ីក្នុងវិស័យទេសចរណ៍ មិនអាចទទួលបានផលចំណេញភ្លាមៗ។រដ្ឋាភិបាល នឹងផ្ដល់សហហិរញ្ញប្បទាន សម្រាប់ជាកម្ចី ដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ ស្ដារអាជីវកម្មឡើងវិញ ក្រោយប៉ះពាល់ដោយវិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះ។ គម្រោងសហហិរញ្ញប្បទាននេះ គឺរដ្ឋាភិបាលផ្ដល់ថវិកា ១០០លានដុល្លារ និង ធនាគារឯកជន ១០០ដុល្លារ។ 

បើតាមលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ចីនេះគឺសម្រាប់ឱ្យអ្នករកស៊ី យកទៅកែប្រែ និង ជំរុញអាជីវកម្មរបស់ខ្លួន មិនមែនយកទៅធ្វើអាជីវកម្ម ដូចជាសាងសង់សណ្ឋាគារ ឬ ភោជនីយដ្ឋានថ្មីនោះទេ ដូច្នេះកម្ចីនេះគឺមានទំហំទឹកប្រាក់តិចតួចប៉ុណ្ណោះ។ យ៉ាងណាមិញលោកមិនទាន់អាចប្រាប់សារព័ត៌មានThmeyThmey25 ពីពេលវេលាច្បាស់លាស់នៃការផ្ដល់កម្ចីនេះបានទេ។ លោកលើកឡើងដូច្នេះ៖ « យើងកំពុងប្រញាប់ធ្វើការលើរឿងនេះ (កម្ចីសហហិរញ្ញប្បទាន) ។ យើងនឹងព្យាយាមឱ្យបានត្រឹមខែមករា ដើមឆ្នាំ២០២២នេះ »។ 

អាជីវករក្នុងវិស័យទេសចរណ៍សាទរ ចំពោះគម្រោងសហហិរញ្ញប្បទាន ដែលជាជំនួយមួយយ៉ាងសំខាន់សម្រាប់ពួកគេ យកមកស្ដារអាជីវកម្មឡើងវិញ។ បើតាមស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កន្លងមកអាជីវករក្នុងវិស័យទេសចរណ៍ជាច្រើន ជួបផលលំបាកក្នុងការខ្ចីប្រាក់ពីធនាគារឯកជន ព្រោះអាជីវកម្មរបស់ពួកគេដុនដាបពេក ហើយត្រូវការពេលសម្រាប់ងើបឡើងវិញ ដូច្នេះកម្ចីពីរដ្ឋាភិបាល គឺជាក្ដីសង្ឃឹមតែមួយគត់ សម្រាប់ពួកគេស្ដារអាជីវកម្មឡើងវិញ។

ជាមួយគ្នានោះ ប្រធានសមាគមទេសចរណ៍រូបនេះ ស្នើឱ្យក្រសួងសេដ្ឋកិច្ចបន្ធូរបន្ថយលក្ខខណ្ឌ សម្រាប់គម្រោងសហហរិញ្ញប្បទាន ២០០លានដុល្លារនេះ ដើម្បីឱ្យវិស័យឯកជនអាចមានលទ្ធភាពខ្ចីថវិកានោះ។ លោកស្រីលើកឡើងដូច្នេះថា៖ « បើសិនជាត្រូវការមើលបញ្ជីចំណូលដូចធនាគារឯកជន អាជីវករយើងមិនអាចខ្ចីបានទេព្រោះ២ឆ្នាំនេះ យើងគ្មានចំណូលទេ ដូច្នេះគួរមានការបន្ធូរបន្ថយ ហើយបើត្រូវការទិញពីធនារ៉ាប់រងទៀត គ្នាកាន់តែអស់ថវិកាទៀតហើយ»។ 

លោកស្រីបន្ថែមថា អត្រាការប្រាក់ក៏ជាបញ្ហាប្រឈមធំមួយទៀតសម្រាប់អាជីវករ ក្នុងវិស័យទេសចរណ៍នេះផងដែរ។ « ការប្រាក់ជាបញ្ហាធំ កន្លងមកការប្រាក់ច្រើនៗ កាត់គ្នាច្រើនៗ អ៊ីចឹងគ្នាបានប្រាក់តែតិចហ្នឹង យកទៅស្ដារអាជីវកម្មមិចកើត។ លុយយកមកភ្លាម គិតការប្រាក់ភ្លាម ប៉ុន្តែសុំការប្រាក់ធូរ ដើម្បីឱ្យអាជីវករមានលទ្ធភាពសងត្រឡប់ទៅវិញ។ បើការប្រាក់ច្រើនៗ គឺប្រឈមហើយ វិបត្តិជាន់វិបត្តិហើយ »។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន។

ចំណែកលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារ ក៏សាទរចំពោះគម្រោងសហហិរញ្ញប្បទាននេះដែរ ព្រោះនេះជាជំនួយដ៏សំខានមួយ សម្រាប់ម្ចាស់សណ្ឋាគាររៀបចំអាជីវកម្មរបស់ខ្លួនឡើងវិញ។ ជាមួយគ្នានេះលោកស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាបន្ធូរបន្ថយ លើបញ្ហាទ្រព្យបញ្ចាំ។

ប្រធានសមាគមសណ្ឋាគាររូបនេះលើកឡើងដូច្នេះ៖ « ខ្ញុំមិនទាន់ដឹងលក្ខខណ្ឌសម្រាប់គម្រោងនោះយ៉ាងណាទេ តែខ្ញុំស្នើឱ្យមានការបន្ធូរបន្ថយខ្លាំងលើទ្រព្យបញ្ចាំ ព្រោះវិស័យទេសចរណ៍គឺយ៉ាប់ខ្លាំង។ ខ្ញុំសុំឱ្យមានការសម្រួលលើទ្រព្យបញ្ចាំ កុំគិតលើទ្រព្យធ្ងន់ធ្ងរពេក។  បើសិនមានការបន្ធូរបន្ថយ ទើបអាចជួយអ្នករកស៊ីក្នុងវិស័យទេសចរណ៍បាន »។

យ៉ាងណាមិញលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច មិនទាន់អាចប្រាប់សារព័ត៌មានThmeyThmey25 បានទេ ពីការកំណត់លក្ខខណ្ឌ សម្រាប់គ្រោង សហហិរញ្ញប្បទាននេះ។ លោកលើកឡើងថា ក្រសួងសេដ្ឋកិច្ចត្រូវការពិភាក្សា ជាមួយធនាគារឯកជនផងដែរ ព្រោះនេះជាកម្មវិធីសហហិរញ្ញប្បទាន ៕

 

ព័ត៌មានទាក់ទង