ក្រសួងយុត្តិធម៌ ទទួលបានផ្ទៃបឹងតាមោក១៤០ហិកតាបន្ថែម
22/12/2021 9:33 am ភ្នំពេញ

ដោយ: ថ្មីៗ
រដ្ឋាភិបាលកម្ពុជា បានធ្វើអនុបយោគ (បំប្លែង) ផ្ទៃបឹងតាមោក១៤០ហិកតា ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ ហើយបន្ទាប់មក ប្រគល់ជូនទៅក្រសួងយុត្តិធម៌ ដែលមានលោក កើត រិទ្ធ ជារដ្ឋមន្រ្តី។ ការផ្តល់ផ្ទៃបឹងតាមោក១៤០ហិកតា ជូនទៅក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីខែតុលា ឆ្នាំ២០២១។


ក្រសួងយុត្តិធម៌ មិនទាន់អាចផ្តល់ព័ត៌មានបានឡើយ ថានឹងយកផ្ទៃបឹងតាមមោក១៤០ហិកតានេះ ទៅធ្វើអ្វី។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះយ៉ាងខ្លីថា៖«ក្រសួង នឹងបង្ហាញប្រាប់ពេលក្រោយ»។
 
គួររម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល បានចេញអនុក្រឹត្យផ្តល់ផ្ទៃបឹងតាមោក៨ហិកតា ជូនទៅក្រសួងយុត្តិធម៌ម្តងរួចមកហើយ។ កាលពីលើកមុន ក៏ដូចលើកនេះដែរ គឺរដ្ឋាភិបាល បានធ្វើអនុបយោគផ្ទៃបឹង៨ហិកតានោះ ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ រួចទើបប្រគល់ជូនក្រសួងយុត្តិធម៌។ មកដល់ពេលនេះ គេ មិនទាន់ដឹងច្បាស់ទេថា ក្រសួងយុត្តិធម៌ នឹងយកផ្ទៃបឹងតាមោក៨ហិកតានោះ ទៅធ្វើអ្វី។ 
 
តាមគោលការណ៍ច្បាប់ សម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចយកទៅប្រគល់ឲ្យបុគ្គល ឬស្ថាប័នណាឡើយ មិនថាជារដ្ឋ ឬជាឯកជន។ ប៉ុន្តែ សម្បត្តិឯកជនរបស់រដ្ឋ គឺរដ្ឋ មានសិទ្ធិផ្តល់ឲ្យបុគ្គល ឬស្ថាបណាមួយបាន។ កន្លងមក នៅពេលរដ្ឋាភិបាល ចង់ប្រគល់សម្បត្តិសាធារណៈរបស់រដ្ឋ ទៅឲ្យបុគ្គល ឬស្ថាប័នណាមួយ រដ្ឋាភិបាល តែងធ្វើអនុបយោគសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋ។ 
 
គិតមកដល់ជិតដំណាច់ឆ្នាំ២០២១នេះ ផ្ទៃបឹងតាមោកលើសពី១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាល កាត់ឲ្យទៅភាគីនានា ដែលមានទាំងស្ថាប័នរដ្ឋ និងមានទាំងក្រុមហ៊ុនឯកជន។ អនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលចេញកាលពីឆ្នាំ២០១៦ បានឲ្យដឹងថា បឹងតាមោក ឬបឹងកប់ស្រូវ ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានផ្ទៃជាង៣,២ពាន់ហិកតា។ 
 
បឹងតាមោកនេះ ត្រូវគេ ចាត់ទុកជាបឹងធម្មជាតិដ៏ធំចុងក្រោយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលនៅសល់ ខណៈបឹងដទៃទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានលុប។ មជ្ឈដ្ឋានខ្លះ ជាពិសេសក្រុមអង្គការសង្គមស៊ីវិល តែងលើកឡើងពីក្តីបារម្ភថា បឹងតាមោក អាចនឹងមានវាសនាដូចបឹងដទៃទៀតដែរ។ 
 
របាយការណ៍ពីសមាគមធាងត្នោត ដែលចេញផ្សាយកាលពីចុងឆ្នាំ២០១៩ បានបង្ហាញថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ៕

ព័ត៌មានទាក់ទង