ខ្ទីងទម្ងន់៨រយគីឡូក្រាមមួយក្បាល បង្ហាញខ្លួនលើកដំបូងនៅសហគមន៍ព្រៃឈើប្រាំបីមុំ
26/11/2021 5:00 pm កំពង់ស្ពឺ

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ សត្វខ្ទីងទម្ងន់ប្រហែល៨០០គីឡូមួយក្បាល ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងសហគមន៍ព្រៃឈើសហគមន៍ប្រាំបីមុំ ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែសីហា។ នេះជាលើកទីមួយដែលសត្វកម្រជិតផុតពូជនៅកម្ពុជា មានវត្តមានក្នុងសហគមន៍ខាងលើ ហើយក៏ជាដំណឹងដល់រីករាយសម្រាប់ការអភិរក្ស និងការពារបន្ត។



លោក សឿន ឡាយ ជាប្រធានសហគមន៍ព្រៃឈើសហគមន៍ប្រាំបីមុំ ស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា កន្លងមកក្នុងសហគមន៍ប្រាំបីមុំ មានវត្តមានសត្វមួយចំនួនដូចជា ទន្សោង ឈ្លូស និងសត្វផ្សេងទៀត ប៉ុន្ដែវត្តមានរបស់សត្វខ្ទីង មិនដែលមានទេ។ លោកឡាយ បន្តថា នេះជាលើកដំបូងហើយ ដែលមានសត្វខ្ទីងបង្ហាញខ្លួនក្នុងព្រៃសហគមន៍ប្រាំបីមុំ ហើយខាងសហគមន៍ និងអង្គការដៃគូ ក៏មិននឹកស្មានថាសត្វនេះ អាចបង្ហាញខ្លួនក្នុងព្រៃក្នុងតំបន់ការពារមួយនេះដែរ។

«ទេពីមុនចាស់ៗថានៅទីនេះមានខ្ទីង តែខ្ញុំ និងក្រុមការងារមិនដែលបានឃើញទេ។ ទើបតែនឹងឃើញនៅពេលថតបាននៅខែសីហានេះ។ ខ្ញុំមិននឹកស្មានថា ក្នុងព្រៃនេះមានសត្វខ្ទីងចូលមករស់នៅទេ»។ នេះជាការលើកឡើងរបស់លោក សឿន ឡាយ ជាប្រធានសហគមន៍ព្រៃឈើសហគមន៍ប្រាំបីមុំ។

បើតាមការស្មានរបស់ប្រធានសហគមន៍ខាងលើ សត្វខ្ទីងប្រភេទនេះ អាចផ្លាស់ទីមកកន្លែងផ្សេង ដូចជាតំបន់ឱរ៉ាល់ ឬពីទីតាំងផ្សេងៗក៏អាចថាបាន។ ជាមួយគ្នានេះ លោក សឿន ឡាយ មិនទាន់អាចបញ្ជាក់ថា សត្វខ្ទីងមានប៉ុន្មានក្បាលឡើយ ព្រោះមិនទាន់មានការសិក្សាណាមួយជាក់លាក់។

លោក សឿន ឡាយ រៀបរាប់បែបនេះ៖ «យើងឃើញវានៅក្នុងម៉ាស៊ីនថតស្វ័យប្រវត្តិ តែភ្នែកផ្ទាល់មិនទាន់បានឃើញទេ។ ដោយសារខែនេះ ក្រុមការងារអាចចូលបានត្រឹមតែតាមព្រៃខាងក្រៅៗ ប៉ុណ្ណោះ។ លុះរហូតដល់ខែធ្នូទើបអាចល្បាតចូលព្រៃជ្រៅបាន។ ខ្ញុំសង្ឃឹមថា យើងអាចឃើញវាផ្ទាល់នឹងភ្នែក នៅពេលអាចល្បាតចូលក្នុងព្រៃជ្រៅ »។

លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លើកឡើងថា រូបភាពថតបាន គឺជាដំណឹងល្អដែលបញ្ជាក់ថា ទីតាំងនោះមានសត្វខ្ទីង ព្រោះកន្លងមកតាមរបាយការណ៍ និងការសិក្សា មិនបានកត់ត្រាថាទីនោះមានសត្វប្រភេទនេះឡើយ។ សម្រាប់លោក ស៊ីថេង សត្វនេះ អាចទើបនឹងចូលមកដល់ទីតាំងនោះ ដោយសារទីនោះជាព្រៃមានការការពារ និងមានសុវត្ថិភាពក្នុងការរស់នៅ។ 

ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និយាយបែបនេះ៖ «ខ្ញុំមានអារម្មណ៍ថាចម្លែក និងរំភើបព្រោះកន្លងមកយើងគិតថាមានតែទន្សោងនៅតំបន់នោះ តែឥឡូងយើងឃើញនៅក្នុងម៉ាស៊ីនថតមានរូបភាពខ្ទីងមួយទៀត។ មិនដឹងថា វាទើបនឹងចូលមកនៅ ឬយ៉ាងណាទេ តែគ្រាន់ឃើញមួយក្បាលនៅក្នុងនោះ។ ខ្ញុំគិតថាវាអាចនឹងមានជាបន្តទៀត ដោយសារនៅក្នុងសហគមន៍ប្រាំបីមុំមានសន្តិភាព ទើបវាចូលមករស់នៅ»។

សត្វខ្ទីង ជាប្រភេទសត្វកម្រជិតផុតពូជនៅកម្ពុជានិងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ ជាមួយគ្នានេះ ចំនួនរបស់វាត្រូវបានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។ បើទោះបីជា វត្តមានសត្វប្រភេទនេះ នៅមាននៅកម្ពុជាក្តី ប៉ុន្ដែតាមការសិក្សាសត្វខ្ទីង ថយចុះជាង ៨០ភាគរយ ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ។ សត្វខ្ទីងនៅលើពិភពលោក បានថយចុះប្រមាណ ៩០ភាគរយ ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ ដោយឡែក សត្វខ្ទីងនៅកម្ពុជា មានការធ្លាក់ចុះប្រមាណជាង ៥០ភាគរយ នៅចន្លោះឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០ ហើយនៅតែបន្តធ្លាក់ចុះដល់បច្ចុប្បន្ន។

ចំពោះ វត្តមានសត្វខ្ទីងត្រូវបានប៉ានស្មានថា មានប្រមាណជាង ១០០ក្បាលនៅឆ្នាំ២០២០កន្លងទៅ ខណៈនៅឆ្នាំ២០១០ មានសត្វខ្ទីងប្រមាណ ៥០០ក្បាលរស់នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ វត្តមានពិតប្រាកដរបស់សត្វកម្រ និងជិតផុតពូជនៅកម្ពុជានេះ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញមិនទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់បាននៅឡើយទេ៕

 

ព័ត៌មានទាក់ទង