ជួបទូតវៀតណាមថ្មី សម្តេច ហ៊ុន សែន ជំរុញឱ្យរៀបចំកិច្ចព្រមព្រៀងទ្វេភាគីលើវិស័យកសិកម្ម
25/11/2021 10:00 am ភ្នំពេញ

ដោយ៖ ខន ចំប៉ា
 
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ជាពិសេសលើវិស័យកសិកម្ម ដែលមានជាអាទិ៍ការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ ការជំរុញនេះ ធ្វើឡើងនាជំនួបពិភាក្សាការងាររវាង សម្តេចនាយករដ្ឋមន្ត្រី  ជាមួយអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។


 
នៅក្នុងជំនួបពិភាក្សានេះ ប្រមុខរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ។  បើទោះជាយ៉ាងនេះក្តី សម្តេច ហ៊ុន សែន ក៏នៅបន្តលើកទឹកចិត្តឱ្យអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ផ្តោតការយកចិត្តទុកដាក់ លើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី នៅក្នុងអាណត្តិរបស់ខ្លួននៅកម្ពុជាដែរ។  «ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានបន្តជំរុញឲ្យបើកការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាម ឡើងវិញដែរ។
 
លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា បានសម្តែងការអរគុណ ចំពោះកម្ពុជាដែលបានផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាមកន្លងមក។ មិនតែប៉ុណ្ណោះ លោក ង្វៀន ហ៊ុយតាំង ក៏មិនភ្លេចកោតសរសើរពីជោគជ័យរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋនោះដែរ។ 
 
ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ក៏បានសន្យាដែរថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា ខ្លួននឹងប្រឹងប្រែងពូនជ្រំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាវិស័យដទៃទៀត៕

 

ព័ត៌មានទាក់ទង