រោងចក្រផលិតស្ករអំពៅមួយនៅក្រចេះ បើកឡើងវិញ ដែលអាចផ្គត់ផ្គង់ស្ករ ជាង១៥០តោនក្នុងមួយឆ្នាំ
24/11/2021 4:30 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ ៖ រោងចក្រផលិត និងនាំចេញស្ករអំពៅធំមួយនៅខេត្តក្រចេះ គ្រោងបើកដំណើរការឡើងវិញនៅខែធ្នូ ខាងមុខ ក្រោយពីក្ស័យធនអស់រយៈពេល៤ឆ្នាំ ។ រោងចក្រនេះ អាចផលិតស្ករអំពៅបានប្រមាណ១៥ ០តោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅវៀតណាម។
 


លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា រោងចក្រផលិតស្ករអំពៅមួយនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន កាមាដេនូវេឈ័រ របស់វៀតណាម សហការជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។ 



លោក បន្ថែមថា រោងចក្រនេះ ត្រូវបានក្ស័យធន និងទុកចោលតាំងពីចុងឆ្នាំ២០១៧មកម្លេះ ហើយបច្ចុប្បន្ន ខាងរោងចក្រ កំពុងគ្រោងបើកដំណើរការឡើងវិញនៅខែធ្នូខាងមុខនេះ។  «ឥឡូវក្រុមហ៊ុនកំពុងរៀបចំដំណើរការចង្វាក់ផលិតកម្ម អាចថាដាច់ខែហ្នឹង ឬខែធ្នូ នឹងដាក់ដំណើរការហើយ។ ផែនការគេចង់ផលិតឲ្យ១៥០០០តោនក្នុងមួយឆ្នាំ ហើយផ្ទៃដីដាំអំពៅហ្នឹង អាចទទួលបានអំពៅពី៨០ទៅ១០០តោនក្នុង១ហិកតា ដែលអាចផលិតស្ករបាន១០%នៃចំនួនអំពៅហ្នឹង»។ នេះជាការអះអាងរបស់ លោក វ៉ា ថន ដែលបញ្ជាក់ថា កាកអំពៅដែលនៅសល់ ក្រុមហ៊ុន អាចផលិតជាអគ្គិសនី បានប្រមាណ២៦ មេកាវ៉ាត សម្រាប់ផ្គត់ផ្គង់ផលិតកម្មក្នុងរោងចក្រ និងលក់ទៅឲ្យពលរដ្ឋទៀតផង។ 



លោក បន្តថា ការចាប់ផ្ដើមដំណើរការរោងចក្រផលិតស្ករអំពៅឡើងវិញនេះ នឹងជួយផ្ដល់ការងារឲ្យពលរដ្ឋជុំវិញនេះចំនួន២០០០នាក់ ហើយនៅរដូវប្រមូលផលខាងមុខក្រុមហ៊ុនអាចនឹងទាញយកកម្លាំងពលកម្មតាមបណ្តាក្រុងស្រុក សម្រាប់ធ្វើការក្នុងចម្ការ និងរោងចក្របន្ថែមទៀត ។ 

អភិបាលខេត្តក្រចេះរូបនេះ បានបញ្ជាក់ដូច្នេះ៖« មានរោងចក្រនេះ គឺផ្ដល់ការងារឲ្យពលរដ្ឋ ផ្នែកកម្លាំងពលកម្ម ដែលក្នុងមួយថ្ងៃអាច៤ ឬ៣ម៉ឺនរៀល។ ទី២ បើប្រើប្រាស់កម្មករដល់កម្រិតប្រហែលពី២០០០នាក់ ដល់២៥០០នាក់។ អ៊ីចឹង ខ្ញុំសប្បាយចិត្ត ព្រោះបានការងារឲ្យប្រជាជនធ្វើ ហើយសេដ្ឋកិច្ចក៏វាដើរឡើងវិញ»។ 

លោក វ៉ា ថន រំពឹងថា ក្រុមហ៊ុន កាមាដេនូវេឈ័រ របស់វៀតណាមមួយនេះ នឹងបង្កើនទុនវិនិយោគរោងចក្រផលិតស្កអំពៅ ធ្វើយ៉ាងណាប្រើប្រាស់ដីនេះឲ្យអស់លទ្ធភាព ដើម្បីបង្កើតជាពហុប្រយោជន៍ ជួយផ្ដល់ការងារក្នុងស្រុក និងកំណើនសេដ្ឋកិច្ចគ្រួសារ ក្នុងវិបត្តិកូវីដ-១៩នេះ៕




 

ព័ត៌មានទាក់ទង