ឧទ្យានុរក្ស៤រូប មកពីដែនជម្រកសត្វព្រៃចំនួនពីរក្នុងខេត្តក្រចេះ ទទួលបានលិខិតសរសើរជាឧទ្យានុរក្សឆ្នើម
24/11/2021 3:00 pm ភ្នំពេញ

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយអង្គការWWF បានប្រគល់លិខិតសរសើរដល់ឧទ្យានុរក្សចំនួន២រូបនៅក្នុងដែនជម្រកសត្វព្រៃប្រសព្វ និង២រូបទៀតនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដើម្បីលើកទឹកចិត្តសម្រាប់ស្នាដៃការងារឆ្នើមនៅក្នុងឆ្នាំ២០២១។ នេះបើតាមអង្គការ WWF ចេញថ្ងៃទី២៣ ខែវិច្ឆិកា។


ឧទ្យានុរក្សដែលបានទទួលលិខិតសរសើរស្នាដៃការងារឆ្នើមនៅក្នុងឆ្នាំ២០២១រួមមាន លោក សូត្រ រស្មី និងលោក លាង ប៊ុណ្ណារី ដែល​ប្រចាំការក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។ ចំណែកឯ ឧទ្យានុរក្សចំនួនពីររូបទៀតរួមមាន៖ លោក មឿង ភក្រ្តា និងលោក សូ សាកាណ ប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃសំបូរខេត្តក្រចេះ។

លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បញ្ជាក់ថា លិខិតសរសើរដែលមន្តី្រឧទ្យានុរក្សក្នុងខេត្តក្រចេះទទួលបានពីអង្គការWWF រួមជាមួយក្រសួងបរិស្ថាន​ កើតចេញ​ពី​សកម្មភាព និងកិច្ចប្រឹងប្រែងលើការងារការពារព្រៃឈើ ការបង្ក្រាបបទល្មើស និងកិច្ចការពារបរិស្ថានផ្សេងៗទៀតក្នុងអំឡុងពេលបំពេញភារកិច្ចក្នុងដែនជម្រកខាងលើ។ បើតាម​លោក ឆាយ ឌួងសាវុធ មិនមែនមាន​តែឧទ្យានុរក្ស​៤នាក់នេះទេ ដែលប្រឹងប្រែងក្នុងកិច្ចការពារបរិស្ថាន មន្ត្រីគ្រប់ៗគ្នាសុទ្ធតែបានចូលរួមក្នុងសកម្មភាពនេះដូចៗគ្នា ប៉ុន្ដែដោយសារក្រុមការងាររបស់អង្គការត្រូវជ្រើសយកមន្ត្រីដែលសកម្មខ្លាំង។



«ក្រុមឧទ្យានុរក្សទាំង២៩នាក់នៅក្នុងដែនការពារសុទ្ធតែប្រឹងប្រែងលើការងារនេះទាំងអស់  ព្រោះយើងចូលរួមគ្នាដើម្បីឱ្យការងារទាំងអស់ដំណើរការទៅដោយរលូន។ គ្រាន់តែអ្នកទទួលបានការសរសើរ ត្រូវបានកត់សម្គាល់ថាមានសកម្មភាពខ្លាំង»។ នេះជាការពន្យល់របស់លោក ឌួងសាវុធ។

ប្រធានមន្ទីរបរិស្ថានរូបនេះ រីករាយដែលក្រុមមន្ត្រីឧទ្យានុរក្សខំប្រឹងប្រែងបំពេញការងារ រហូតទទួលបានការស្គាល់ពីអង្គការដៃគូ និងក្រសួងបរិស្ថាន។ ជាមួយគ្នានេះ អង្គការWWF និងក្រសួងបរិស្ថាន បានលើកទឹកចិត្ត និងគាំទ្រឱ្យក្រុមការងារការពារបរិស្ថាននៅតែបន្តសកម្មភាពនេះ  ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការពារព្រៃ និងការបង្ក្រាបបទល្មើសការកាន់តែមានប្រសិទ្ធភាពនៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តនេះ។



បច្ចុប្បន្ន ក្នុងខេត្តក្រចេះ មានមន្ត្រីឧទ្យានុរក្ស ២៩នាក់ ក្នុងនោះមានឧទ្យានុរក្សជាស្ត្រី១រូបប៉ុណ្ណោះ ហើយក្រុមមន្ត្រីឧទ្យានុរក្សទាំងនោះត្រូវប្រតិបត្តិការណ៍លើកិច្ចការពារបរិស្ថានលើផ្ទៃដីជាង ៤ម៉ឺនហិកតា។ លោក ឆាយ ឌួងសាវុធ លើក​ឡើង​ដូច្នេះ៖«ផ្ទៃដីដែលត្រូវការពារមានច្រើនណាស់ ហើយបច្ចុប្បន្នមន្ត្រីឧទ្យានុរក្សនៅមានតិចនៅឡើយ។ បើតាមការប្រជុំកន្លងមក ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានកំពុងរៀបចំដាក់បន្ថែមហើយ។ ខ្ញុំគិតថា ដោយសារកន្លងយើងមានបញ្ហាកូវីដទើបដំណើរការនៃការជ្រើសរើសមន្ត្រីចូលបម្រើក្របខណ្ឌយឺតយ៉ាវបន្តិច»។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានផ្ទៃដីសរុប ១២៧៧០ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ និងស្រុកសំបូរ។ ចំណែកឯ ដែនជម្រកសត្វព្រៃ​សំបូរ មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៥០០៩៣​ហិកតា​ ស្ថិតក្នុងភូមិ​សាស្រ្ត​ស្រុក​សំបូរ​ ខេត្តក្រចេះ៕
 
 

 

ព័ត៌មានទាក់ទង