កសិករនៅស្វាយរៀង គ្មានលុយបង់ធនាគារ  ដោយសារស្រូវលិចទឹក និងមានតម្លៃថោក
24/11/2021 10:00 am ស្វាយរៀង

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ កសិករមួយចំនួននៅខេត្តស្វាយរៀង បារម្ភគ្មានលទ្ធភាពបង់បំណុលធនាគារ ដែលបានខ្ចីយកទិញគ្រឿងចក្រ និងជីធ្វើស្រែ ខណៈឆ្នាំនេះ ស្រូវលិចទឹក និងមានតម្លៃថោក ជាពិសេស ជី ថ្នាំ ប្រេង សាំង និងឈ្នួលច្រូតឡើងថ្លៃ។ កសិករទាំងនោះ ស្នើរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទីផ្សារ ដំឡើងតម្លៃស្រូវ និងបន្ធូរបន្ថយតម្លៃជី ថ្នាំ និងប្រេង សាំង ដើម្បីកុំឲ្យខាត់បង់ច្រើន។


លោកស្រី ខៀវ សារ៉ុន កសិករធ្វើស្រែ ជាង១ហិកតានៅស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ឆ្នាំនេះ លោកស្រីបានខាតប្រាក់ចំណូលច្រើនដោយសារស្រូវមួយចំនួនធំត្រូវលិចទឹក ដែលធ្វើឲ្យទិន្នផលថយចុះពី៤តោន មកត្រឹមជាង១តោន ។ លោកស្រី លើកឡើងថា ប្រាក់ចំណូលដែលទទួលបានពីការលក់ស្រូវឆ្នាំនេះ មិនអាចទប់ទល់នឹងការចំណាយទៅលើឈ្នួលច្រូត ថ្លៃជី ថ្នាំ និងប្រេង សាំងឡើយ ខណៈស្រូវដែលលិចទឹកទាំងនោះកំពុងប្រឈមគ្មានឈ្មួញទិញ ឬទិញក្នុងតម្លៃថោក។



លោកស្រី  អះអាងដូច្នេះថា៖«ស្រូវដែលច្រូតបានទាំងអស់ហ្នឹង បើសិនជាយើងលក់ ក៏គេមិនយកទាំងអស់ដែរ ដោយសារស្រែខ្ញុំកន្លះហិកតាបានលិចក្នុងទឹក។ អ៊ីចឹង វាខាតខ្លាំងមែនទែន។ ណាមួយ សេដ្ឋកិច្ចគ្រួសារខ្ញុំអត់មានចំណូលចូលទៀត។ ឆ្នាំនេះ អាកាសធាតុប្រែប្រួលរហូត។ ស្រូវយើងវាខាតច្រើនមែនទែន»។ 

លោកស្រី ខៀវ សារ៉ុន ត្អូញត្អែរថា សព្វថ្ងៃលោកស្រី បានជំពាក់បំណុលធនាគារប្រមាណជាង១ម៉ឺនដុល្លារ ដើម្បីទិញគ្រឿងចក្រសម្រាប់ភ្ជួរស្រែ។ ជាមួយបន្ទុកចិញ្ចឹមក្មួយ និងកូន៧នាក់ រួមទាំងម្ដាយចាស់ម្នាក់ទៀត កសិកររូបនេះ បារម្ភគ្មានលទ្ធភាពបង់ការប្រាក់ឲ្យធនាគារ ហើយត្រូវគេរឹបអូសយកដីស្រែទាំងនោះ។ 

លោកស្រី រៀបរាប់យ៉ាងដូច្នេះថា៖«ខ្ញុំខ្លាចតែដីស្រែរបស់ខ្ញុំហ្នឹង មានម្ចាស់ថ្មីមកកាន់កាប់ ព្រោះនៅពេលខ្ញុំទៅខ្ចីលុយគេហ្នឹង យើងយកប្លង់ទៅដាក់ឲ្យធនាគារ។ អ៊ីចឹង ដល់ពេលខ្ញុំរកអត់បាន ខ្ញុំខ្លាចនៅពេលហ្នឹងត្រូវគេរឹបអូស។ ព្រោះ កន្លងទៅមានច្រើនគ្រួសារហើយដែលធនាគារគេរឹបអូស»។ 



ស្រដៀងគ្នានេះ លោកស្រី អន ផល្លី កសិករម្នាក់ទៀតនៅស្រុករំដួល ខេត្តស្វាយរៀង បានលើកឡើងថា ទឹកភ្លៀងឆ្នាំនេះមានបរិមាណច្រើនលើសលុប ដែលធ្វើឲ្យស្រូវរបស់ លោកស្រីប្រមាណ១ហិកតាកន្លះ រងការខូចខាតជិតពាក់កណ្ដាល។ លោកស្រី បន្តថា ធ្វើស្រែឆ្នាំនេះមិនចំណេញនោះទេ ព្រោះការចំណាយទៅលើថ្លៃទិញជី ថ្នាំ និងឈ្នួលច្រូតច្រើន ខណៈទិន្នផលដែលទទួលបាន ស្ទើរមិនគ្រប់គ្រាន់សម្រាប់ការហូបចុកក្នុងគ្រួសារ។

ជារៀងរាល់ឆ្នាំ លោកស្រី ផល្លី តែងតែខ្ចីលុយធនាគារ ឬចង់ការគេ ដើម្បីយកមកទិញជីដាក់ស្រែ ជួលគេភ្ជួរ និងច្រូត។ «ខ្ញុំខ្ចីលុយធនាគារ ដើម្បីជួលគេភ្ជួរ និងទិញជីផ្សេងៗ។ អ៊ីចឹង ដល់ពេលប្រមូលផលមក វាអត់បានអីសោះ ខាតពាក់កណ្ដាលស្ទើរតែគ្រប់គ្នា។ បើគិតតែរឿងហូបហ្នឹង មិនគ្រប់ផង»។ នេះជាការបញ្ជាក់របស់អ្នកស្រី ផល្លី ដែលបន្ថែមថា អ្នកស្រី បារម្ភខ្លាចមិនមានលុយបង់ថ្ងៃបំណុល ដោយសារទិន្នផលស្រូវឆ្នាំនេះតិច និងលក់បានថោក។ 
 

ចំណែក លោក ឡូញ ថា កសិករធ្វើស្រែជាង៣ហិកតានៅស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរស័ព្ទថា  ទិន្នផលស្រូវឆ្នាំនេះបានធ្លាក់ចុះជិតពាក់កណ្ដាល ដោយសារភ្លៀងធ្លាក់ច្រើនធ្វើឲ្យស្រូវដួល រលួយ ហើយបច្ចុប្បន្នតម្លៃស្រូវបានធ្លាក់ចុះយ៉ាងគំហក ពោលគឺត្រឹម៨០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ 


 លោក ឡាញ ថា កសិករនៅខេត្តស្វាយរៀង

ក្នុងមួយឆ្នាំៗលោកត្រូវចំណាយថវិកាជាង២ពាន់ដុល្លារលើថ្លៃទិញជី ថ្នាំ និងឈ្នួលច្រូតផ្សេងៗ ខណៈឆ្នាំនេះ លោក លក់ស្រូវបានត្រឹមតែ៦លានរៀលប៉ុណ្ណោះ ដោយខាតជាង២លានរៀល។  កសិកររូបនេះ បានលើកឡើងថា ប្រសិនបើ រដ្ឋមិនជួយដោះស្រាយតំឡើងតម្លៃស្រូវ និងបន្ធូបន្ថយតម្លៃជី ប្រេងសាំងទេ កសិករនឹងប្រឈមជំពាក់ធនាគារកាន់តែច្រើនថែមទៀត។ 

លោក ប្រាប់ដូច្នេះថា៖«ប្រសិនបើ ស្រូវនៅតែបន្តធ្លាក់ថ្លៃទៀត អ៊ីចឹងវាប្រឈមខ្លាំងដល់កត្តាជីវភាព។ ទីមួយ ទិន្នផលធ្លាក់ចុះ តែជីឡើងថ្លៃ ហើយមកប្រេងក៏ថ្លៃទៀត។ ដល់ពេលប្រេងថ្លៃ អ៊ីចឹង ម៉ាស៊ីនច្រូត ក៏ឡើងថ្លៃតាមហ្នឹងដែរ។ និយាយរួម វាប៉ះពាល់ខ្លាំងដល់ជីវភាព ហើយបើអ្នកជំពាក់ធនាគារទៀតកាន់តែដុនដាមមែនទែនហើយ»។ 

កសិកររូបនេះ ក៏បានស្នើឲ្យក្រសួងកសិកម្ម ជួយបង្កើតប្រព័ន្ធធារាសាស្រ្តរំដោះទឹក និងជួយដោះស្រាយបញ្ហាទីផ្សារដល់កសិករដូចជា ដំឡើងតម្លៃស្រូវ បន្ធូរបន្ថយតម្លៃជី ប្រេងសាំង ដើម្បីកុំឲ្យកសិករប្រឈមការខាត់បង់ញឹកញាប់បែបនេះទៀត។  

ជុំវិញបញ្ហានេះ រដ្ឋាភិបាល បានត្រៀមថវិកាប្រមាណ២៥០លានដុល្លារនៅឆ្នាំ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% ដើម្បីជួយស្ដារនូវវិស័យកសិកម្មមួយចំនួនដូចជា ការដាំដុះ ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត។ នេះបើតាមការប្រកាសរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា៕ 





 

ព័ត៌មានទាក់ទង