ឧកញ៉ា ម៉ុង ឫទ្ធី បង្កើតរោងចក្រចំណីសត្វទី២ ដើម្បី​​បន្ថយការនាំ​ចូលពីបរទេស
17/11/2021 12:00 pm ភ្នំពេញ

ដោយ: អ៊ូ សុខមាន (OU Sokmean) & ឈុំ ចន្ថា

ភ្នំពេញ៖  លោកឧកញ៉ា ម៉ុង ឫទ្ធី សម្រេចបង្កើតរោងចក្រផលិតចំណីសត្វទី២របស់ខ្លួន នៅលើផ្ទៃដី១៥ហិកតា  ក្នុងទឹកដីខេត្តព្រះសីហនុ។ បើតាមលោក ម៉ុង ឫទ្ធី រោងចក្រនេះ មានសមត្ថភាពផលិតចំណីសត្វបានរហូត៣០តោនក្នុងមួយម៉ោង ឬ១៨ម៉ឺនតោនក្នុង១ខែ។ រោងចក្រនេះ នឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៣ ដែលនឹងក្លាយជាទីផ្សារយ៉ាងធំនៃពោតក្រហម និងដំឡូងមីរបស់កសិករកម្ពុជា។


ឧកញ៉ា ម៉ុង ឫទ្ធី ​អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានបើកការដ្ឋានសាងសង់រោងចក្រផលិតចំណីសត្វទី២របស់ខ្លួន ដែលឈ្មោះថា M’s Pig ACMC(Cambodia) កាលពីថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២១។ ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទ នៅថ្ងៃទី១៥វិច្ឆិកា ថា រោងចក្រនេះ សង់លើផ្ទៃដី១៥ហិកតា ដែលស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
 
បើតាមលោកឧកញ៉ា ម៉ុង ឫទ្ធី ការសម្រេចបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានសមត្ថភាពផលិតទ្វេដងពីរោងចក្រទីមួយនោះ គឺដើម្បីកាត់បន្ថយការចូលនាំចំណីសត្វបរទេស និងដោះស្រាយបញ្ហាទីផ្សារកសិផលមួយចំនួនឱ្យកកសិករ។ សេដ្ឋីកសិកម្មរូបនេះ បាននិយាយដូច្នេះ៖ «បានជាខ្ញុំពង្រីកការផលិតទ្វេដងទៀត គឺដោយសារបច្ចុប្បន្ន យើងមានការនាំចូលចំណីសត្វ។ អ៊ីចឹង! យើងក៏សម្រេចផលិតចំណីសត្វដោយខ្លួនឯងថែមទៀត ដើម្បីឱ្យកសិករយើងមានទីផ្សារលក់កសិផលដោយមិនចាំបាច់យកទៅលក់នៅបរទេសទៀតទេ ហើយយើងក៏បានចំណីសត្វដែលផលិតដោយខ្លួនឯងដែលមានគុណភាព ផងដែរ»។​​​



រោងចក្រចំណីសត្វនេះ គ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៣។ បន្ទាប់ពីដាក់ដំណើរការវា នឹងស្រូបទាញតម្រូវការកសិផលក្នុងស្រុកកាន់តែច្រើន ពិសេសពោតក្រហម ដំឡូងមី និងកន្ទក់ ជាដើម។ «ក្រោយពីរោងចក្រនេះដំណើរការចាប់ពីដើមឆ្នាំ២០២៣ វានឹងក្លាយទីផ្សារមួយក្នុងការប្រមូលទិញកសិផលពីប្រជាកសិករយើង នៅក្នុងទំហំទឹកប្រាក់ពី៦៣ ទៅ៧០លានដុល្លារក្នុងមួយឆ្នាំៗ»។ នេះជាការលើកឡើងរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី។
 
សូមជម្រាបថារយៈពេលជិត៤ឆ្នាំមកហើយ ដែលរោងចក្រផលិតចំណីសត្វទី១ របស់ក្រុម M’s Pig ACMC(Cambodia) ​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប  បានប្រមូលទិញពោតក្រហម និងដំឡូង ពីកសិករគ្រប់តំបន់​។  កសិផលដែលរោងចក្រទី១ ប្រមូលទិញសម្រាប់ធ្វើចំណីសត្វនោះ មានក្នុងតម្លៃជាង២០លានដុល្លារ ក្នុងមួយឆ្នាំៗ។ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមថា ក្រោយរោងចក្រផលិតចំណីទី២ដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងត្រូវចំណាយទាំងទុនវិនិយោគ និងទុនបង្វិលក្នុងការទិញកសិផលពីកសិករ ប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ។
 
គួរកត់សម្គាល់ថា ខណៈ​ ថ្មីៗនេះ កសិករមួយចំនួនបានត្អូញត្អែរចំណីសត្វឡើងថ្លៃ ខណៈអាជ្ញាធរថា មកពីតម្លៃដឹកជញ្ជូន និងវត្ថុធាតុដើមមួយចំនួនដូចជា ពោត ដំឡូងក្រៀម កាកសណ្ដែកសៀង ម្សៅត្រី និងសារធាតុរួមផ្សំមួយចំនួនទៀត ឡើងថ្លៃពី២០ទៅ៣០ភាគរយ៕
 

ព័ត៌មានទាក់ទង