ត្រឹម១០ខែ ភ្នំឱរ៉ាល់ ទទួលបានទេសចរជិត៤ពាន់នាក់ និងសង្ឃឹមបន្តកើនឡើង
15/11/2021 5:00 pm កំពង់ស្ពឺ

ដោយ៖ ហេង ស្រីលីន

រយៈពេល១០ខែ ឆ្នាំ២០២១នេះ ទេសចរ បានឡើងភ្នំឱរ៉ាល់ចំនួន ៣៨៧៣នាក់ ក្នុងនោះមានស្រីចំនួន១៧០៣នាក់។ ក្នុងខែវិច្ឆិកា និងខែធ្នូ  ភ្ញៀវទេសចរ បានកក់គម្រោងឡើងភ្នំជិត ៣០០នាក់ និងមានការកើនឡើងជាបន្តបន្ទាប់។



លោក ឈឺន ឈីម ប្រធានមគ្គទេសក៍ទេសចរភ្នំឳរ៉ាល់ បានបញ្ជាក់ថា ទេសចរ ចាប់ផ្ដើមកើនឡើងវិញ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩។ សហគមន៍ បាននាំភ្ញៀវឡើងភ្នំជាបន្តបន្ទាប់ និងអាចផ្ដល់ចំណូលដល់ពលរដ្ឋក្នុងសហគមន៍។ ទេសចរ ក៏ត្រូវអនុវត្តវិធានសុវត្ថិភាព និងត្រូវរក្សានូវគម្លាតសុវត្ថិភាព។ បន្ថែមពីនេះ ភ្ញៀវទេសចរ ត្រូវបំពេញឯកសារពីប្រវិត្តធ្វើដំណើរ និងកត់ត្រា ព័ត៌មានផ្ទាល់ខ្លួន នៅទីស្នាក់ការសហគមន៏។

«បើគិតចាប់តាំងពីខែ១មក ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៣ ៨៧៣នាក់ និងនាពេលថ្មីៗនេះ ភ្ញៀវមានចំនួន៩១៧នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន៨៩នាក់។ សម្រាប់ខែវិច្ឆិកា និងខែធ្នូ ភ្ញៀវមានការកក់ចំនួនប្រមាណជិត ៣០០នាក់ និងមានការកើនឡើងជាបន្តទៀត»។ នេះជាការបញ្ជាក់របស់មគ្គទេសក៍ទេសចររូបនេះ។

លោក ឈឺន ឈីម បានបញ្ជាក់បន្ថែមថា៖ «ទាក់ទងទៅ និងចំណូលមានការល្អប្រសើរមែនទែន ទោះបីជាមានជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ខាងសហគមន៍ ពួកគាត់ អាចទទួលបានចំណូល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងបានចំណូលសម្រាប់ព្យាបាលជំងឺផ្សេងៗផងដែរ»។

ប្រធានសហគមន៍ទេសចរណ៍រូបនេះ សង្ឃឹមថា ទេសចរអន្តរជាតិ នឹងមានកំណើនឡើងវិញ ក្រោយរដ្ឋាភិបាល បានប្រកាសពីផែនការទេសចរណ៍វ៉ាក់សាំង។ ដំបូងឡើយ រដ្ឋាភិបាល បានដាក់ខេត្តព្រះសីហនុ កោះកុង និងសៀមរាប ក្នុងដំណើរការសាកល្បងទេសចរណ៍វា៉ក់សាំង។ 

ប៉ុន្តែ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា នេះ សម្ដេច ហ៊ុន សែន បានប្រកាសឱ្យទេសចរបរទេស ចូលមកកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កដូចមុនទៀតនោះទេ។ អ្នក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ពេលមកដល់កម្ពុជា គ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្តលឿន (Rapid Test) រកជំងឺកូវីដ-១៩។ ការណ៍នេះ នឹងអាចទាក់ទាញទេសចរអន្តរជាតិបានច្រើនជាងមុននៅទូទេសប្រទេស ជាពិសេសខេត្តដែលមានសក្ដានុពលទេសចរណ៍៕ 







 

ព័ត៌មានទាក់ទង