ក្រសួងបរិស្ថាន រៀបចំពិព័រណ៍សហគមន៍ ដើម្បីលើកស្ទួយជីវភាពសហគមន៍
14/11/2021 1:00 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិពរណ៍សហគមន៍ ក្នុងគោលបំណងអភិវឌ្ឍមុខរបរ និងលើកស្ទួយជីវភាពប្រជាសហគមន៍ តាមតំបន់ការពារធម្មជាតិ។ ពិព័រណ៍នេះ នឹងចាប់ផ្ដើមដំបូងក្នុងខេត្តកំពង់ធំ នៅខែមេសា ឆ្នាំ២០២២។ក្រសួងបរិស្ថាន គ្រោងរៀបចំពិព័រណ៍សហគមន៍ នៅតាមបណ្ដាខេត្តគោលដៅដែលមានសហគមន៍តំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា។ គម្រោងពិព័រណ៍សហគមន៍នេះ បង្កើតឡើងក្នុងគោលបំណងចម្បងគឺ អភិវឌ្ឍមុខរបរ និងលើកស្ទួយជីវភាពប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ។

យោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន គម្រោងរៀបចំពិព័រណ៍សហគមន៍នេះ សម្របសម្រួលរៀបចំដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន។ គម្រោងនេះធ្វើឡើងក្នុងគោលបំណង លើកម្ពស់ជីវភាពសហគមន៍ គ្រប់គ្រងធនធានធម្មជាតិ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាជនជាតិដើមភាគតិច។ គម្រោងពិព័រណ៍សហគមន៍នេះ នឹងប្រារព្ធឡើងដំបូងក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាខែមេសា ឆ្នាំ២០២២ ខាងមុខ។ 

ពាក់ព័ន្ធនឹងគម្រោងពិព័រណ៍សហគមន៍នេះ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការអនុវត្តគម្រោងរៀបចំពិព័រណ៍សហគមន៍ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដូច្នេះថា៖«ការលើកកម្ពស់ជីវភាពសហគមន៍ ត្រូវធ្វើឡើងឱ្យមាននិរន្តរភាព ដែលនេះគឺជាគោលបំណងសំខាន់នៃពិព័រណ៍សហគមន៍»។ លោកស្រីបន្ថែមទៀតថា តាមរយៈពិព័រណ៍សហគមន៍នេះ គឺធ្វើយ៉ាងណាឱ្យពលរដ្ឋសហគមន៍មូលដ្ឋាន មានមុខរបរ ជំនាញ ចំណូល និងមានជម្រើស ជៀសវាងការពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង។

លោកស្រីអះអាងទៀតថា ពិព័រណ៍សហគន៍នេះ ក៏ធ្វើឱ្យសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានសិទ្ធិស្របច្បាប់ ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ សិទ្ធិប្រើប្រាស់ និងសិទ្ធិដកហូតផល អនុផលព្រៃឈើស្របច្បាប់ តាមផែនការគ្រប់គ្រងសហគមន៍ និងមានជម្រើសមុខរបរចិញ្ចឹមគ្រួសារ។ ជម្រើសមុខរបរ ដូចជា ការធ្វើកសិកម្ម ចិញ្ចឹមសត្វ ដាំដំណាំ និង ការផ្ដល់សេវាទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពឱ្យមានលក្ខណៈល្អប្រសើរ។

ជុំវិញពិព័រណ៍សហគមន៍នេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមតេឡេក្រាមដូច្នេះថា«ការបង្កើតឱ្យមានពិព័រណ៍សហគមន៍នេះ គឺដើម្បីបង្ហាញអំពីសមិទ្ធផល ក៏ដូចជាផលិតផល ដែលប្រជាពលរដ្ឋ នៅតាមសហគមន៍ គាត់ផលិតបាន ឬក៏ផលិតផលដែល ប្រជាពលរដ្ឋផលិតបាន គឺក្នុងទិសដៅដើម្បីបង្ហាញដល់ទីផ្សារក្នុងស្រុក ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងថា ក្នុងសហគមន៍មានផលិតផលច្រើនដែលលក់»។ លោក បន្ថែមទៀតថា តាមរយៈពិព័រណ៍សហគមន៍នេះ ក៏ជំរុញលើការអភិវឌ្ឍផ្នែកទេសចរណ៍ធម្មជាតិផងដែរ។ 

គួរបញ្ជាក់ផងដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ សហគមន៍តំបន់ការពារសហគមន៍ធម្មជាតិមានចំនួន ១៨២សហគមន៍ ដោយមានការចូលរួមពីពលរដ្ឋចំនួន ៥៥ ៤៤៦គ្រួសារ មកពីភូមិចំនួន ៣៣៥ភូមិ  ក្នុងខេត្តចំនួន១៦ ដែលគ្រប់គ្រងលើផ្ទៃដីព្រៃចំនួន ៣០៩ ៤៦៣ហិកតា។ នេះបើតាម លោក នេត្រ ភក្ត្រា៕
 

ព័ត៌មានទាក់ទង