រសជាតិឆ្ងាញ់ និង​ប្លែក ធ្វើឱ្យអ្នកស្រី ច័ន្ទធូ លក់«ក្រឡានដូងក្រអូប»បានជាង១ពាន់គ្រាប់ក្នុងមួយថ្ងៃ
10/11/2021 11:00 am ពោធិ៍សាត់

ដោយ៖ ប៉ូ សុភា

ភ្នំពេញ​៖ ក្រឡានបាយដំណើបខ្មៅ លាយជាមួយដូងក្រអូបរបស់អ្នកស្រី លី ច័ន្ទធូ មានអតិថិជនគាំទ្រតាមអនឡាញច្រើន ដោយ​ក្នុងមួយថ្ងៃអាចលក់បានចន្លោះពី ៨រយទៅ១ពាន់គ្រាប់។ បើតាម​អាជីកររូបនេះ ដោយសាររសជាតិប្លែក​របស់​ក្រឡាន​ដូងក្រអូប ទើប​ទាក់ចិត្ត​អតិថិជនច្រើនបែបនេះ។


រស់នៅក្នុងភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ អ្នកស្រី លី ច័ន្ទធូ ជាអ្នកប្រកបរបរលក់ក្រឡានដូងក្រអូបជាងបីឆ្នាំមកហើយ។ ក្រឡាន​ដូងក្រអូបរបស់​អ្នក​ស្រី ច័ន្ទធូ លក់ដាច់ខ្លាំង ដែល​មាន​អតិថិជន​បញ្ជាទិញ​រហូត​ដល់១ពាន់គ្រាប់​ក្នុង​មួយ​ថ្ងៃ។ អាជីករវ័យ៣៦ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការណ៍ដែល​ក្រឡាន​ដូងក្រអូប​របស់អ្នក​ស្រីល្បីដល់សព្វថ្ងៃនេះ កើតចេញពី​ការ​ច្នៃប្រឌិត និង​រសជាតិ​ឆ្ងាញ់។



 អ្នកស្រី ច័ន្ទធូ ចេះ​ពី​របៀប​ធ្វើ​ក្រឡាន​ដូងក្រអូបនេះ តាម​រយៈ​បណ្ដាញសង្គមយូធូប។ ប៉ុន្តែ​ស្រ្តីរូបនេះ បានខិតខំ​កែច្នៃ និងចិញ្ចឹមចិត្ត​ថា នឹងបង្កើតផលិតផលអ្វីមួយដែលខុសពីគេ ដើម្បីទុកជាស្នាដៃផ្ទាល់របស់អ្នកស្រី។ «និយាយទៅខ្ញុំចង់ធ្វើអ្វីដែលប្លែកពីគេ ដូច្នេះបានជាខ្ញុំចេះតែអង្គុយច្នៃក្រឡានទៅជាទម្រង់បែបនេះ។ តែមុននឹងបានចេញជារូបរាងក្រឡានដូចសព្វថ្ងៃនេះ ខ្ញុំបានភ្លក់ក្រឡានដែលគេល្បីថាឆ្ងាញ់ និងបានសាកយកមកបញ្ចូលបច្ចេកទេសខ្លះផងដែរ»។ នេះជាការពន្យល់ពីដំណើរ និងដើមកំណើតរបស់ក្រឡានដូងក្រអូប។



ក្រឡានទូទៅគេប្រើអង្ករដំណើបស និងលាយជាមួយគ្រឿងដាក់ចូលក្នុងបំពង់ឫស្សី ប៉ុន្ដែក្រឡានរបស់អ្នកស្រី ច័ន្ទធូ ប្រើអង្ករដំណើបខ្មៅលាយជាមួយដូងក្រអូប ហើយដាក់ក្នុងត្រឡោកដូង រួចយកទៅដុតរយៈពេលបីម៉ោងទើបអាចយកមកបរិភោគបាន។ ស្រ្តីវ័យ​កណ្ដាលរូបនេះ លើក​ឡើង​យ៉ាងដូច្នេះ៖ « ក្រឡានដែលធ្វើពីអង្ករដំណើបខ្មៅរបស់ខ្ញុំ ពេលដុតសាច់អង្ករនៅស្រួយ និងមានរសជាតិជាក្រឡានអង្ករដំណើបស ហើយក៏មានរសជាតិមួយបែបប្លែកជាងក្រឡានធម្មតាដែរ។ ភាគច្រើនខ្ញុំច្រើនដុតនៅពេលយប់ ហើយដឹកជញ្ជូននៅឱ្យអតិថិជននៅពេលថ្ងៃ»។

ក្រឡានដូងក្រអូបរបស់អ្នកស្រី ច័ន្ទធូ ភាគច្រើនលក់ឱ្យអតិថិជនគោលដៅដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងប៉ៃលិន បូករូមជាមួយនឹងបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា។ ម្ចាស់អាជីវកម្មខ្នាតតូចរូបនេះ ពន្យល់ថា អតិថិជន៩៩ភាគរយស្គាល់ និងទទួលទិញតាមរយៈ អនឡាញ។ ចំពោះពលរដ្ឋដែលរស់នៅក្នុងតំបន់ ឬក្នុងខេត្តខ្លះមិនសូវមានគេគាំទ្រទេ ហើយមានអ្នកខ្លះមិនទាំងស្គាល់ផងដែរ។



«និយាយតាមត្រង់ទៅរាល់ថ្ងៃភាគច្រើន ខ្ញុំលក់បោះដុំឱ្យអ្នកផ្សេងយកទៅលក់បន្ត។ អ្នកនៅភ្នំពេញយកច្រើនជាងគេ បន្ទាប់មកអ្នកនៅបាត់ដំបង និងប៉ៃលិន។ អ្នកនៅតាមភូមិគេថាថ្លៃណាស់មិនមានលទ្ធភាពទិញទេ ដូច្នេះហើយបានជាភាគច្រើនខ្ញុំលក់ទៅក្រៅដាច់ជាង»។ នេះជាការពន្យល់របស់អ្នកស្រី ច័ន្ទធូ។
ពេលចាប់ផ្ដើមដំបូងនៅឆ្នាំ២០១៩ អ្នកស្រីលក់ក្នុងមួយថ្ងៃបានត្រឹម ​៣០ទៅ៣៥គ្រាប់ប៉ុណ្ណោះ។ ចំណែកឯតម្លៃវិញបានមួយគ្រាប់ ៦ពាន់រៀល។ ប៉ុន្ដែនៅក្នុងឆ្នាំ២០២១ ការលក់របស់អ្នកស្រី ត្រូវបានគេស្គាល់ និងល្បីតៗគ្នារហូតអាចលក់បានចន្លោះពី៨រយ ​ទៅមួយពាន់គ្រាប់ក្នុងមួយថ្ងៃ។

បច្ចុប្បន្នអ្នកស្រី ច័ន្ទធូ ក្រឡានដូងក្រអូបដែលមានទម្ងន់ចន្លោះពី៦០០ទៅ៧០០ក្រាម អាចលក់បានតម្លៃ ៨ពាន់រៀលក្នុងមួយគ្រាប់ ដែលបោះឱ្យអ្នកយកទៅលក់បន្ត។ ចំណែកឯ តម្លៃលក់រាយអាស្រ័យថ្លៃ ឬថោកតាមតំបន់នីមួយៗរបស់អ្នកលក់បន្ត។ 

ទោះបី​លក់ដាច់ខ្លាំងក៏ដោយ ក៏​របររបស់អ្នកស្រី ជួប​ប្រទះ​នឹង​ការ​ប្រកួត​ប្រជែងផងដែរ។ រយៈពេលពីរបីថ្ងៃនេះ ការលក់ក្រឡានធ្លាក់ចុះជាងពាក់កណ្ដាល។ យ៉ាងណាក៏ដោយ ម្ចាស់អាជីវកម្មរូបនេះ នៅតែជឿជាក់ថា គ្រប់យ៉ាងនឹងវិលមករកសភាពធម្មតាវិញនៅពេលដ៏ខ្លីខាងមុខ។



អ្នក​ស្រី លី ច័ន្ទធូ រៀបរាប់បែបនេះ៖ «ខ្ញុំបារម្ភតិចៗដែរ តែនៅតែមានជំនឿថាប៉ុន្មានថ្ងៃទៀតគ្រប់យ៉ាងធម្មតាវិញហើយ ព្រោះក្រឡានរបស់គេធ្វើនោះមិនមានរសជាតិដូចស្នាដៃដើមឡើយ។ ហើយចំពោះការធ្លាក់ចុះនោះទៀតក៏ព្រោះតែភ្ញៀវភាគច្រើនចង់សាកផលិតផលថ្មីប៉ុណ្ណោះ បើកាលណាមិនឆ្ងាញ់ នោះអតិថិជនខ្ញុំ នឹងត្រឡប់មកវិញហើយ»៕ 
 

ព័ត៌មានទាក់ទង