កង្វះជើងហោះហើរត្រង់ និងតម្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់ ជាឧបសគ្គសម្រាប់ទេសចរណ៍វ៉ាក់សាំង
04/11/2021 12:00 pm កោះកុង

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ ការបើកទេសចរណ៍វ៉ាក់សាំង ជាពន្លឺនៃការស្ដារវិស័យទេសចរណ៍កម្ពុជា។ តែលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អះអាងថា កង្វះជើងហោះហើរផ្ទាល់ពីបរទេសមកខ្មែរ និងជើងហោះហើរពីភ្នំពេញ ទៅបណ្ដាខេត្ត ជាឧបសគ្គសម្រាប់ទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា។ជាមួយគ្នានេះ តម្លៃសំបុត្រយន្តហោះ បន្តឡើងថ្លៃខ្ពស់ ដែលជាបញ្ហាប្រឈម ដល់ការរាំងស្ទះការសម្រេចចិត្តរបស់ទេសចរផងដែរ។



រដ្ឋាភិបាលកម្ពុជា នឹងបើកទទួលទេសចរអន្តរជាតិ ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិច ២ដូសរួចរាល់ នៅថ្ងៃទី៣០វិច្ឆិកា ក្នុងទឹកដីខេត្តព្រះសីហនុ និងតំបន់តារាសាគរក្នុងខេត្តកោះកុង ។ ចំណែកខេត្តសៀមរាប រដ្ឋាភិបាល នឹងបើកទេសចរណ៍វ៉ាក់សាំងនៅខែមករា ឆ្នាំ២០២២។ វិស័យឯកជន និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ រំពឹងថាគម្រោងនេះ នឹងអាចជួយផ្ដល់ចំណូល ដល់ពួកគេ តាមរយៈការដើរកម្សាន្តរបស់ទេសចរអន្តរជាតិ។ 

ជាមួយគ្នានេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានត្រៀមខ្លួន លក់កញ្ចប់ទេសចរណ៍សម្បូរបែប ជាមួយនឹងតម្លៃសមរម្យ ដល់ទេសចរអន្តរជាតិ។ ប៉ុន្តែ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នៅតែមានការព្រួយបារម្ភ ក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ខណៈកម្ពុជាមានជើងហោះហើរក្នុងស្រុក តិចតួចនៅឡើយ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ 

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 លោកស្រី ឆាយ ស៊ីវលីន រៀបរាប់ដូច្នេះ៖ «យើងនៅមានកង្វះខាតខាងផ្លូវអាកាស។ យើងដឹងហើយថា ការបើកដំបូង គឺបើកនៅខាងខេត្តព្រះសីហនុ ទោះបី ទីនោះមានព្រលានយន្តហោះ តែមិនសូវមានយន្តហោះផ្ទាល់ពីបរទេស ដូចនៅភ្នំពេញទេ។ អ៊ីចឹងយើងត្រូវជំរុញជើងហោះហើរក្នុងប្រទេសឱ្យមានភាពសម្បូរបែបបន្តិច នៅពេលភ្ញៀវមកដល់ភ្នំពេញ គាត់អាចបន្តហោះហើរទៅព្រះសីហនុបាន»។

ជាមួយគ្នានេះដែរ អាកាសយន្តដ្ឋានតារាសាគរ ក៏ត្រូវបានពន្យាពេល បើកការហោះហើរសាកល្បងរបស់ខ្លួនទៅ ដើមឆ្នាំ២០២២វិញ ដែលបានធ្វើឱ្យការហោះហើរពីភ្នំពេញ ទៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង ជួបឧបសគ្គផងដែរ។

លោក ឃឹម ចន្ទឌី អភិបាលរងខេត្តកោះកុង បានប្រាប់សារព័ត៌មានThmeyThmey25 តាមតេលេក្រាមថា រដ្ឋបាលខេត្តកោះកុង បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទទួលទេសចរអន្តរជាតិរួចរាល់ហើយ។ ប៉ុន្តែអភិបាលរងរូបនេះ បារម្ភពីការគ្រប់គ្រងលំហូរភ្ញៀវអន្តរជាតិតាមផ្លូវគោក ខណៈមិនទាន់មានជើងហោះហើរពីភ្នំពេញ ទៅកោះកុង។

«បញ្ហាប្រឈម អាចនឹងជួបខ្លះៗជុំវិញការគ្រប់គ្រងលំហូរភ្ញៀវដែលអាចធ្វើដំណើរតាមផ្លូវគោកឆ្លងកាត់រវាងភ្នំពេញព្រះសីហនុ និងតំបន់តារាសាគរ។ តែទោះជាយ៉ាងណាអាជ្ញាធរយើងនឹងខិតខំបន្ថែមក្នុងកិច្ចគាំពារបញ្ហាលំហូរទេសចរនេះ» ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អភិបាលរងខេត្តកោះកុង។

តម្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់ ខណៈជើងហោះហើរមានតិចអំឡុងពេលកូវីដ-១៩

ក្រៅពីកង្វះជើងហោះហើរក្នុងស្រុក កម្ពុជាក៏មិនទាន់មានជើងហោះហើរផ្ទាល់ពីបរទេសច្រើននោះដែរ។ មូលហេតុនេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ងាកមកចាប់យកប្រទេសដែលមានជើងហោះហើរផ្ទាល់កម្ពុជាជាទីផ្សារចម្បងវិញ ក្នុងនោះមានប្រទេសថៃ ចិន និងប្រទេសក្នុងតំបន់។
 
បន្ថែមពីនេះ លោកស្រី ឆាយ ស៊ីវលីន អះអាងថា លោកស្រីនឹងបន្ត ស្វែងរកយុទ្ធសាស្ត្រ និងបង្កើតកញ្ចប់ទេសចរណ៍ ដែលមានការរួមបញ្ចូល ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ជាមួយទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ពីប្រទេសដែលគ្មានជើងហោះហើរផ្ទាល់មកកម្ពុជា។

ផ្ទុយទៅវិញ តម្លៃសំបុត្រយន្តហោះឡើងថ្លៃ ក៏កាន់តែបង្ករភាពស្មុគស្មាញ ដល់ការបើកទេសចរណ៍វ៉ាក់សាំង របស់កម្ពុជា ។ នេះជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រ ដែលតម្លៃសំបុត្រយន្តហោះពីប្រទេសចិន មកកម្ពុជា មានតម្លៃរហូតដល់ ៧ពាន់ ទៅ ៨ពាន់ដុល្លារ ខណៈ ពីមុនការធ្វើដំណើរពីចិន មកកម្ពុជា តម្លៃសំបុត្រ ប្រមាណ ៤-៥ រយដុល្លារប៉ុណ្ណោះ។ 

បន្ថែមពីនេះតម្លៃ យន្តហោះពីប្រទេសថៃ និង កម្ពុជា បានឡើងពីតម្លៃ១០០ដុល្លារ ទៅ ៣០០ដុល្លារ ទៅ ៤០០ដុល្លារ ។ សម្រាប់តម្លៃយន្តហោះពី សិង្ហបុរី មកកម្ពុជា ក៏ឡើងប្រមាណ ៣០-៤០ដុល្លារផងដែរ។

ជុំវិញការឡើងថ្លៃសំបុត្រយន្តហោះនេះ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា តម្លៃសំបុត្រយន្តហោះ នឹងរាំងស្ទះដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរមកកម្ពុជា។ 
លោក ចាន់សិរីវុត្ថា បញ្ជាក់ដូច្នេះ៖ « វាជារបាំងមួយ ដែលយើងគួរគិតគូរឡើងវិញ  លើកឡែងតែអ្នកជំនួញ ដែលគាត់ជៀសមិនផុត ដើម្បីការងារគាត់ នោះគាត់ត្រូវតែមកហើយ។ ប៉ុន្តែអ្នកទេសចរ គាត់ចង់ដើរលេង តែគាត់អត់ចង់ចំណាយពេលវេលា និងលុយច្រើននោះទេ »។

សូមជម្រាបដែរថា ក្រសួងទេសចរណ៍ រំពឹងថា កម្ពុជានឹងអាចទទួលបានទេសចរចន្លោះពី ៣ពាន់ ទៅ ៥ពាន់នាក់ សម្រាប់ការបើកទេសចរណ៍វ៉ាក់សាំងដំណាក់កាលដំបូងនៅតំបន់តារាសាគរ ខេត្តកោះកុង កោះរ៉ុង ក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភ្ញៀវទេសចរដែលជាទីផ្សារសក្តានុពលសម្រាប់កម្ពុជា គឺ ចិន រ៉ុស្សី និងប្រទេសក្នុងតំបន់អាស៊ាន ៕
 

ព័ត៌មានទាក់ទង