ទឹកឡើងតិច ធ្វើឱ្យខ្វះទឹកសម្រាប់សត្វស្លាបក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅរដូវប្រាំងខាងមុខ
19/10/2021 5:00 pm តាកែវ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងរដូវរស្សាឆ្នាំនេះ ហក់ឡើងយឺត ដែលអាចនាំឱ្យខ្វះទឹកសម្រាប់ផ្គត់ផ្គង់សត្វក្រៀល និងសត្វផ្សេងៗទៀតក្នុងរដូវប្រាំងខាងមុខ។ លោក លឹម វ៉ាត នាយករងតំបន់ការពារបឹងព្រែកល្ពៅ បានបង្ហាញក្ដីបារម្ភថា បើសិនទឹកនៅបន្តបែបនេះ ស្រះទឹកពីរកន្លែងនៅតំបន់នេះ អាចផ្គត់ផ្គង់ទឹកបានត្រឹមខែកុម្ភៈ ឆ្នាំ២០២២ប៉ុណ្ណោះ ដែលធ្វើឱ្យសត្វក្រៀល និងសត្វស្លាបផ្សេងទៀត លំបាកក្នុងការរកចំណី និងផ្លាស់ទីទៅកន្លែងផ្សេង ដោយសារតំបន់នេះឆាប់ស្ងួតហួតហែង។
 


ក្នុងខែតុលា ឆ្នាំ២០២១នេះ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងស្រុកបូរីជលសារ និងកោះអណ្តែត ខេត្តតាកែវ មិនទាន់ទទួលបានរបបទឹកគ្រប់គ្រាន់នូវឡើយទេ ដោយសារកម្ពស់ទឹក ទើបតែហក់ឡើងប្រមាណ១ម៉ែត្រ ខណៈឆ្នាំមុនកម្ពស់ទឹកបានហក់ឡើងរហូតដល់ ៣ម៉ែត្រ។  

លោក លឹម វ៉ាត នាយករងតំបន់ការពារបឹងព្រែកល្ពៅ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា បញ្ហាដែលធ្វើឱ្យទឹកឡើងយឺតនេះ អាចបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ នាយករងតំបន់ការពារបឹងព្រែកល្ពៅរូបនេះ  បារម្ភចំពោះបញ្ហាខ្វះទឹក សម្រាប់សត្វស្លាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅរដូវប្រាំងខាងមុខ។ 


រូបភាពដោយBirdLife International Cambodia Programme ។

លោក លឹម វ៉ាត អះអាងដូច្នេះ៖ « បើទឹកឡើងតែប៉ុណ្ណឹង ស្រះទឹកចំនួនពីរដែលជីកដោយអង្គការ Birdlifeក៏ផ្គត់ផ្គង់មិនបានយូរដែរ។ តាមការប៉ាន់ស្មានទៅ យ៉ាងច្រើនបានត្រឹមតែខែ២ ឆ្នាំ២០២២ ទឹកអាចនឹងអស់ពីស្រះ ហើយនេះជាអ្វីដែលយើងកំពុងព្រួយបារម្ភខ្លាំងបំផុត»។ 

ចំពោះបញ្ហានៃការខ្វះទឹកនេះ លោក លី សម្ភ័ស មន្រ្តីសម្របសម្រួលគម្រោងមេគង្គក្រោមរបស់ អង្គការ Birdlife  បានឱ្យដឹងថា អង្គការ Birdlife នឹងសាងសង់អាងសាកល្បងគ្រប់គ្រងទឹក មានទំហំ ៨ហិកតា នៅដើមឆ្នាំ២០២២ ដើម្បីជួយដោះស្រាយផ្គត់ផ្គង់ទឹក និងរក្សាជីវៈចម្រុះ ដែលជាចំណីសម្រាប់សត្វនៅក្នុងតំបន់នោះ។  « តាមពិតគម្រោងធ្វើអាងសាកល្បងគ្រប់គ្រងទឹក មានរហូតដល់ទំហំ ២៥ ហិកតានៅក្នុងបឹងព្រែកល្ពៅ តែដោយសារបញ្ហាថវិកា ជំហានដំបូងយើងចាប់ផ្ដើមសាងសង់ត្រឹមតែទំហំ ៨ហិកតា នៅដើមឆ្នាំ២០២២»។ នេះជាការបញ្ជាក់របស់លោក លី សម្ភ័ស ដែលបន្ថែមថា អាងសាកល្បងនេះចំណាយរយៈពេល១ខែ ក្នុងការសាងសង់។  


រូបភាពដោយBirdLife International Cambodia Programme ។

លោក សម្ភ័ស បានអះអាងថា ទោះបីជាមានអាងសាកល្បងគ្រប់គ្រង់ទឹក ៨ហិកតា បន្ថែម ក៏មិនអាចផ្គត់ផ្គង់ទឹកបានពេញមួយឆ្នាំដែរ។ បើតាមលោក សម្ភ័ស បើការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ក្រុមការងារបច្ចេកទេស នឹងបូមទឹកចេញពីតាមប្រឡាយទឹកនានា ចូលក្នុងអាងសាកល្បងនៅក្នុងតំបន់សម្រាប់ផ្គត់ផ្គង់ជាបណ្ដោះអាសន្ន៕ 

 

ព័ត៌មានទាក់ទង