ព្រៃវែងតូច តែខ្លឹមវិស័យកសិកម្ម!
27/02/2022 12:00 pm ព្រៃវែង

ដោយ៖ ហុង ស្រីណា

ខេត្តព្រៃវែង ជាខេត្តតូចមួយដែលមានផ្ទៃដី ៤ ៨៨ គីឡូម៉ែត្រការ៉េ ស្ថិតជាប់ទន្លេមេគង្គ ទន្លេតូច ទន្លេកំពង់ត្របែក និងផ្លូវទឹកសំខាន់ៗជាច្រើនទៀត ដែលជាហេតុធ្វើឲ្យពលរដ្ឋក្នុងខេត្តនេះមានភាពងាយស្រួលក្នុងការធ្វើកសិកម្ម។ ខេត្តមួយនេះ មានសក្តានុពលខ្លាំងលើផ្នែកកសិកម្ម ដោយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការនាំចេញស្រូវច្រើនជាងគេ តាំងពីឆ្នាំ២០១៩ រហូតដល់ ឆ្នាំ២០២១នេះ ដោយបាននាំចេញស្រូវចន្លោះពី ១លាន ទៅ ១លានកន្លះ រៀងរាល់ឆ្នាំ។


ព្រៃវែង ជាខេត្តមួយ ស្ថិតនៅចន្លោះខេត្តកណ្តាល កំពង់ចាម និងស្វាយរៀង ហើយភាគខាងត្បូងជាប់ព្រំដែនវៀតណាម។ ខេត្តមួយនេះ ស្ថិតនៅតំបន់ទំនាបទាបធំល្វើងល្វើយរំលេចដោយកូនភ្នំតូចមួយហៅថា ភ្នំឈើកាច់។ បើតាម«សៀវភៅខ្ញុំចង់ដឹង» របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រកម្ពុជា ទន្លេមេគង្គ គន្លេតូច គន្លេកំពង់ត្របែក ជាផ្លូវទឹកដ៏សំខាន់សម្រាប់ខេត្តមួយនេះ។

អំណោយផលនៃប្រព័ន្ធទឹក បានធ្វើឲ្យប្រជាជនក្នុងខេត្តព្រៃវែងប្រមាណ៨០ភាគរយ កាលពីឆ្នាំ ២០១៩-២០២០ ជាគ្រួសារកសិករ។ ប៉ុន្តែ នៅឆ្នាំ២០២១នេះ ពលរដ្ឋមួយចំនួនបានផ្លាស់ប្តូរមុខរបរជាអាជីវករ មន្រ្តីរាជការ និងចំណាកស្រុកខ្លះ ដែលបានធ្វើឲ្យចំនួនកសិករធ្លាក់មកត្រឹម៧៨ភាគរយ។ ដ្បិតចំនួនពលរដ្ឋ ដែលប្រកបរបរកសិកម្មថយចុះ ២ភាគរយ តែខេត្តមួយនេះនៅតែបន្តចំណាត់ថ្នាក់លេខមួយ ដែលនាំចេញស្រូវច្រើនជាងគេ។

បើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា មិនទាន់មានខេត្ត នាំចេញដំណាំទៅក្រៅស្រុកនៅច្រើនជាងខេត្តព្រៃវែងឡើយ ជាពិសេសដំណាំស្រូវ។ ប្រធានមន្ទីរកសិកម្មរូបនេះ បានលើកឡើងទាំងក្តីរីករាយដូច្នេះថា៖« ខេត្តព្រៃវែងយើងនាំចេញស្រូវ ទៅ
ប្រទេសវៀតណាម និងប្រទេសផ្សេងទៀត មិនតិចជាង១លានតោន ទៅ១លានកន្លះឡើយ»។ 

ផ្ទៃដីនៃការដាំដុះដំណាំស្រូវ ក្នុងខេត្តព្រៃវែងមានប្រមាណ ៣៥៧ពាន់ហិកតា  ដោយផ្ទៃដី២៥០ពាន់ហិកតា ដាំដុះក្នុងខែវស្សា ហើយផ្ទៃដី ៧០ពាន់ហិកតាដាំដុះក្នុងខែប្រាំង។ ក្រៅពីដំណាំស្រូវ ព្រៃវែងក៏អំណោយផលលើការដាំដុះបន្លែផងដែរ។ បើតាមលោក អ៊ុក សំណាង ខេត្តព្រៃវែងបាននាំចេញបន្លែពី ២០ទៅ៣០តោន ជារៀងរាល់ថ្ងៃ ដោយស្រុកចំនួន៣ នាំមុខគេ ក្នុងនោះមានស្រុកកញ្ជៀច ពាមជរ និងស្រុកពាមរក។ 

ក្រៅពីផ្នែកកសិកម្ម ខេត្តព្រវែងក៏មានរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តជាច្រើនផងដែរ។ រមណីយដ្ឋានទាំងនោះរួមមាន នគរភ្នំ ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ,  វត្តវិហារគុក និង ប្រាសាទច័ន្ទ, ប្រាសាទបានជ័យជាដើម៕ 
 

ព័ត៌មានទាក់ទង