ភ្ញៀវទេសចរ ទៅកម្សាន្តតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី ធ្លាក់ចុះខ្លាំង
08/10/2021 5:00 pm ព្រៃវែង

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ រយៈពេលបីថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២១ តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី នៅក្នុងខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរទស្សនាសត្វស្លាបបានត្រឹមតែជិត២ពាន់នាក់ប៉ុណ្ណោះ។ ចំនួននេះ ធ្លាក់ចុះ ៩០ភាគរយ ធៀបនឹងរដូវភ្ជុំបិណ្ឌឆ្នាំ២០២០។



ស្ថានភាពនៃជំងឺកូវីដ-១៩នៅតែបន្ត រួមជាមួយទីតាំងតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ លិចទឹកភ្លៀង បានធ្វើឱ្យភ្ញៀងទេសចរតិចតួចទៅទស្សនាតំបន់នោះ។ លោក នួន សារ៉េត អនុប្រធានតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ បានបញ្ជាក់ថា រយៈពេលបីថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២១ សហគមន៍របស់លោកទទួលបានភ្ញៀវទេសចរក្នុងមួយថ្ងៃៗចន្លោះពី៣០០ ទៅ៥០០នាក់។ 

លោក នួន សារ៉េត អះអាងដូច្នេះ៖« ថ្ងៃបុណ្យពិត តែភ្ញៀវមិនកើនឡើងទេ។ ធម្មតាបើថ្ងៃសៅរ៍ អាទិត្យភ្ញៀវ មកមើលសត្វចន្លោះពី២០០ ទៅ៣០០ នាក់ដែរ។ បើនិយាយទៅចំនួនអ្នកមកទស្សនាសត្វនៅថ្ងៃបុណ្យដូចជា មិនសូវខុសពីថ្ងៃធម្មតាទេ»។ 

លោក នួន សារ៉េត ពន្យល់ថា ចំនួនភ្ញៀវទេសចរមកទស្សនាសត្វស្លាបធ្លាក់ចុះខ្លាំង អាចបណ្ដាលពីមូលកត្តាពីរយ៉ាងគឺ ទីមួយអាចបណ្ដាលមកពីទេសចរខ្លាចជំងឺកូវីដ-១៩។ កត្តាទី២ អាចបណ្ដាលមកពីទីតាំងនោះទឹកលិចដោយសារភ្លៀង ពិបាកដល់ការធ្វើដំណើរ។ 

តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍មានផ្ទៃដីទំហំ៣ ៥៥៧ហិកតា ដែលមានសត្វស្លាបចំនួន៥៣ប្រភេទ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ៕

 

ព័ត៌មានទាក់ទង