ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើឱ្យ​ជន់​លិច​ស្ទឹង​មង្គល​បូរី តែ​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​
15/09/2021 1:30 pm បន្ទាយមានជ័យ
​ដោយ​៖ ប៉ូ សុភា 

​ភ្នំពេញ​៖ ភ្លៀង​ធ្លា​ក់នៅ​ថ្ងៃទី​១៤ ខែកញ្ញា ធ្វើឱ្យ​ទឹក​តាម​ដងស្ទឹង​មង្គលបុរី ក្នុង​ខេត្តបន្ទាយមានជ័យ​កើនឡើង​ជាង​កម្ពស់​ធម្ម​តា​បន្តិច ប៉ុន្តែ​មិន​បណ្ដាលឱ្យមាន​ផលប៉ះពាល់​ដល់​ដំណាំ ឬក៏​ជម្លៀស​ពលរដ្ឋ​ចេញពី​គេហដ្ឋាន​ឡើយ​។ លោក រ័ត្ន ដា​ស៊ី​ណង អភិបាលស្រុក​មង្គល​បូរី លើកឡើងថា នៅ​តំបន់​នេះ កាលណា​មាន​ភ្លៀង​ជន់​ខ្លាំង តែងមាន​ទឹក​ហូរ​ពី​ខេត្ត​ផ្សេងៗ ជាហេតុ​ធ្វើឱ្យ​ពលរដ្ឋ​រស់នៅ​តំបន់​មាត់​ស្ទឹង​មង្គល​បូរី តែង​ចួប​បញ្ហា​ទឹក​លិច​តិចតួច​ជា​រឿង​ធម្មតា​។


​ភ្លៀង​ធ្លា​ក់នៅ​ថ្ងៃទី​១៤ ខែកញ្ញា ធ្វើឱ្យ​ទឹកស្ទឹង​មង្គល​បូរី​ក្នុង​ខេត្តបន្ទាយមានជ័យ កើនឡើង​បន្តិច តែ​មិន​ប៉ះពាល់​ដល់​ពលរដ្ឋ រួមទាំង​ផលដំណាំ​ផ្សេងៗ នៅតាម​បណ្ដោយ​មាត់​ស្ទឹង​នេះឡើយ​។ លោក រ័ត្ន ដា​ស៊ី​ណង អភិបាលស្រុក​មង្គល​បូរី ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ឱ្យដឹងថា​៖«​ទឹក​ឡើង​តិច​បំផុត ដូច្នេះ​មិនមាន​បញ្ហា​អ្វីដែល​កើតឡើង​ទេ​។ ខ្ញុំ​និយាយ​ឱ្យ​ងាយ មកដល់​ម៉ោង​៩ កន្លះ​ព្រឹក​នេះ ស្រុក​មង្គល​បូរី​មិនទាន់មាន​បញ្ហា​អ្វី​ទេ​»​។ 

​អភិបាលស្រុក​មង្គល​បូរី​រូបនេះ បន្តថា ជាធម្មតា​នៅពេល​ទឹក​តាម​ស្ទឹង​ហូរ​ចាក់​មកពី​ប្រភព​ខាងលើ ស្របគ្នា​ជាមួយ​ទឹកភ្លៀង​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ស្រាប់ ទឹក​តែង​ចាល់ ហើយ​ជន់​មួយ​ភ្លែត តែ​មិន​បង្កឱ្យមាន​ផលប៉ះពាល់​អ្វី​ទេ​។ បើតាម​លោក រ័ត្ន ដា​ស៊ី​ណង នៅតាម​បណ្ដោយ​មាត់​ស្ទឹង​មង្គល​បូរី​ចំនួន​ប្រាំមួយ​ឃុំ មានទឹក​ហូរ​កាត់​ពេល​ទឹក​ចាល់ តែ​ពេលនេះ​គ្រប់យ៉ាង​ស្ថិតក្នុង​សភាព​ធម្មតា​។ 


រូបភាពពីហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត

​ជាមួយគ្នានេះ នៅ​ភូមិសាស្ត្រ​ខ្លះ​មានទឹក​ហូរ​កាត់ ដោយសារ​មាន​ការដ្ឋាន​សំណង់​។ លោក ដា​ស៊ី​ណង បន្ថែម​ដូច្នេះ ទីតាំង​សំណង់ ត្រូវ​បណ្ដោយឱ្យ​ទឹក​ហូរ​កាត់ ព្រោះ​ខ្លាច​បាក់ ឬ​រង​ការខូចខាត​ប្រសិនបើ​បិទ​ខ្ទប់​។ សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៥-២១ កញ្ញា បណ្ដា​ខេត្ត​មួយចំនួន នឹង​បន្ត​ធ្លាក់ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​នឹង​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១៤ កញ្ញា​៕ 

ព័ត៌មានទាក់ទង