អ្នកស្រី លឹម វិ​រិ​យា​៖ ផលិតផល​ក្នុងស្រុក​អាច​រីកចម្រើន​បាន មានតែ​រដ្ឋាភិបាល​ទេ ដែលមាន​ឥទ្ធិពល​លើ​ការងារ​នេះ​
15/09/2021 10:15 am សៀមរាប
​ដោយ​៖ សុង សុធាវី  

​ភ្នំពេញ​៖ ការផលិត​ចំណីអាហារ និង​របស់​ប្រើប្រាស់ ដែលមាន​ធាតុ​ផ្សំ​ពី​វិស័យ​កសិកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។ តែ​វិស័យនេះ មិនបាន​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ និង​ផលិតករ​ក្នុងស្រុក​មាន​ជីវភាព​ល្អប្រសើរ​គ្រប់គ្នា​ឡើយ ដោយសារ​បញ្ហា​ទីផ្សារ​តូចចង្អៀត និង​មាន​ការហូរ​ទំនិញ​ពី​បរទេស​។ ការណ៍​នេះ បានធ្វើឱ្យ​សហគ្រិន​ក្នុងស្រុក ពិបាក​ប្រកួតប្រជែង ទាំង​តម្លៃ និង​គុណភាព​ជាមួយ​ប្រទេសជិតខាង​។

 
«​មានតែ​រាជរដ្ឋាភិបាល​ទេ ដែលមាន​ឥទ្ធិពល​លើ​កិច្ចការងារ​ទាំងនេះ ជួយ​រឹតបន្តឹង​ពន្ធ​នាំចូល​នូវ​ទំនិញ​គ្រប់​ប្រភេទ​ពី​បរទេស និង បន្ធូរបន្ថយ ឬ អនុគ្រោះ​ពន្ធ​ដល់​ផលិតករ​ក្នុងស្រុក​វិញ ទើប​យើង​អាចជួយ​ស្តារ​សេដ្ឋកិច្ចជាតិ និង​ការងារ​ដល់​ពលរដ្ឋ​យើង​បាន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី លឹម វិ​រិ​យា ភា​ទុ​និក នៃ​ក្រុមហ៊ុន អឹម អិ​ល លី​ម៉ា អង្គរ​ហ្វូ​ត ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​«​គំនិត​ថ្មី​» នៃ​សារព័ត៌មាន​ថ្មីៗ​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​លោក​អ្នកនាង​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី​គំនិត​ថ្មី និង​អ្នកស្រី លឹម វិ​រិ​យា ដូចតទៅ​៖
 
ការកែច្នៃ និងជំរុញផលិតផលក្នុងស្រុក

ការកែច្នៃ និងជំរុញផលិតផលក្នុងស្រុក ========== វិស័យកសិកម្មបានបំពេញនូវសេចក្តីត្រូវការជាច្រើនសម្រាប់មនុស្សជាតិ សឹងតែគ្រប់កាលៈទេសៈ។ ក្រុមហ៊ុន LM Lima Angkor food ដែលមានអាយុកាលជាង១០ឆ្នាំមកហើយ បានផលិតនំចំណីជាច្រើនមុខ ពីផលិតផលកសិកម្ម ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចជាតិ ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បាន ផលិត ប្រេងដូងត្រជាក់ ដើម្បីបំពេញតម្រូវការអតិថិជន និង ទប់ទល់សេដ្ឋកិច្ចក្រុមហ៊ុនផងដែរ។ តើការកែច្នៃត្រូវធ្វើបែបណា? ហើយធ្វើដូចម្ដេចដើម្បីជំរុញផលិតផលក្នុងស្រុកបាន? កម្មវិធី៖ គំនិតថ្មី នៃសារព័ត៌មានថ្មី បានអញ្ជើញ អ្នកស្រី លឹម វិរិយា ភាគទុននិកក្រុមហ៊ុន អឹល អឹម លីម៉ា អង្គរហ្វូត ធ្វើជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនានូវបទសម្ភាសន៍ រវាង វាគ្មិន លោកស្រី លឹម វិរិយា ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖

Posted by Thmey Thmey on Thursday, September 9, 2021


​អ្នកស្រី លឹម វិ​រិ​យា គឺជា​សហគ្រិន​ស្ត្រី​ដ៏​ឆ្នើម​មួយរូប​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​ទើបតែ​បញ្ចប់​អាណត្តិ​ខ្លួន ក្នុងនាម​ជាទី​ប្រឹក្សា​មួយរយៈ​មុន​។ ថ្មីៗ​នេះ អ្នកស្រី វិ​រិ​យា បាន​បង្កើត​ប្រេងដូង​ត្រជាក់​បន្ថែម​លើ​ផលិតផល​កសិកម្ម រាប់រយ​មុខ​របស់​ក្រុមហ៊ុន អឹម អិ​ល លី​ម៉ា អង្គរ​ហ្វូ​ត ដែលមាន​ទីតាំង​ផលិត​នៅ​ខេត្តសៀមរាប​។ 

​ការផលិត​ប្រេងដូងត្រជាក់នេះ អ្នកស្រី វិ​រិ​យា មានការ​លំបាក​មួយចំនួន ដោយ​ត្រូវ​បត់បែន​ជំនាញ​ផលិត​ភ្លាមៗ ដើម្បី​ដំណើរ​ការផលិត​។ ទន្ទឹមនឹងនេះ ផ្លែ​ដូងទុំ នៅក្នុង​ខេត្តសៀមរាប មិនទាន់​អាចបំពេញ​តម្រូវការ​រ​បស់​ក្រុមហ៊ុន​អ្នកស្រី នៅឡើយ​ទេ​។  ក្នុង​មួយថ្ងៃ អ្នកស្រី ត្រូវការ​ដូងទុំ​ជិត ៣​ពាន់ ផ្លែ​ឯណោះ សម្រាប់​កែច្នៃ ទោះបី​មិនមាន​លទ្ធភាព​ច្រើន​ក៏ដោយ​។ ទោះ​ជួប​ការលំបាក  ប៉ុន្តែ​សហគ្រិន​ស្ត្រី​រូបនេះ មើលឃើញ​ពី​សក្តានុពល​ប្រេងដូង​ត្រជាក់ ឬ​ផ្លែ​ដូង បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​ថែរក្សា​សម្រស់ បំប៉ន​សុខភាព ច្នៃ​ជាវ​ត្ថុ​អនុស្សាវរីយ៍ និង​កាកសំណល់ អាច​យកទៅ​ធ្វើជា​ជីកំប៉ុស​ទៀតផង​។ 



​អ្នកស្រី លឹម វិ​រិ​យា លើកឡើង​យ៉ាង​ដូច្នេះ​៖ «​រាល់​ការផលិត​បាន​ទាំងអស់ ចំពោះ​ការពន្យល់​ឱ្យ អតិថិជន​បានដឹង​ពី​គុណ​តម្លៃ​វា ជា​រឿង​លំបាក​ល្មម​ទេ តែ​បញ្ហា​ទីផ្សារ​ដ៏​តូចចង្អៀត និង​មាន​ការហូរចូល​ផលិតផល​កសិកម្ម​ពី​បរទេស​ដ៏​សម្បើម ទើប​ជា​រឿង​លំបាក​ខ្លាំង​សម្រាប់​ផលិតករ​ក្នុងស្រុក ព្រោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ហាក់​មិនមាន​ភាពយុត្តិធម៌ ចំពោះ​កម្ពុជា​។ រាជរដ្ឋាភិបាល គួរតែ​រឹតបន្តឹង​ពន្ធ​នាំចូល​មុខទំនិញ​កសិកម្ម​ពី​បរទេស តែ​សូម​បន្ធូរបន្ថយ ឬ​អនុគ្រោះ​ពន្ធ សម្រាប់​ផលិតករ​ក្នុងស្រុក ឱ្យ​គ្នា​ដកដង្ហើម​ស្រួល​ផង ដើម្បី​អាច​ពួកគាត់​ចូលរួម​ស្តារ​សេដ្ឋកិច្ចជាតិ​»​។​

​ក្នុងនាម​ជា​សហគ្រិន​ស្ត្រី​មួយរូប អ្នកស្រី បាន​កោតសរសើរ​នូវ​ស្មារតី ជាតិនិយម ពី​បណ្តា​ផលិតករ​ក្នុងស្រុក​ដែល​នៅតែ​តស៊ូ​យ៉ាង​លំបាក ពិសេស​ក្នុងស្ថានភាព​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នេះ​តែម្តង​។ តែ​អ្នកស្រី​ហាក់ តូច​ចិត្តនឹង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​មិនសូវមាន​ស្មារតី​ជាតិនិយម ខ្វះ​ការគាំទ្រ​ផលិតផល​ធ្វើ​ដោយ​ខ្មែរ ដោយ​គិតតែ​ពី​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ពេក​។ ដូចនេះ មានតែ​ការរួម​គ្នា​ជា​ធ្លុង​មួយ​ទេ ទើប​អាច​ជំរុញ​ផលិតផល​ក្នុងស្រុក​បាន​៕


 

ព័ត៌មានទាក់ទង