ក្រសួងបរិស្ថាន ផ្ដល់​វិទ្យុទាក់ទង​ដល់​ឧ​ទ្យា​នុ​រក្ស​ខេត្តកំពត ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ភ្នំ​បូកគោ​
14/09/2021 12:00 pm កំពត
​ដោយ​៖ ស៊ុ​ល រ៉​វី 

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន ផ្ដល់​វិទ្យុទាក់ទង​ដល់​មន្ទីរ​បរិស្ថាន​ខេត្តកំពត ដែល​ការពារ និង​អភិរក្ស ក្នុង​តំបន់​ឧទ្យាន​ជាតិ ព្រះមុនីវង្ស​បូកគោ​។ ការណ៍​នេះ ក្នុង​គោលបំណង ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​។


​នៅ​ថ្ងៃទី​១៣ កញ្ញា លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានប្រគល់​វិទ្យុទាក់ទង​ចំនួន ៤០​គ្រឿង ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពត ដែល​កំពុង​ទទួលបន្ទុក​ការងារ អភិរក្ស និង​ការពារ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​។ ការផ្ដល់​វិទ្យុទាក់ទង​នេះ ដើម្បី​ជួយ​សម្រួល និង​បង្កើនល្បឿន​ដល់​ឧ​ទ្យា​នុ​រក្ស ក្នុងការ​ទំនាក់ទំនង​ពេល​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​។ 

​នាឱកាស​ប្រគល់​វិទ្យុ​ទំនាក់ទំនង ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពត លោក នេត្រ ភក្ត្រា លើកឡើងថា បច្ចេកវិទ្យា​ព័ត៌មាន និង​ឧបករណ៍​សម្រាប់​ទំនាក់​ទំនង​នានា ដើរតួ​នា​ទី​សំខាន់​ជំនួយ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​បង្កើនល្បឿន​ទំនាក់ទំនង ក្នុង​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​។ លោក នេត្រ ភក្ត្រា ក៏បាន​ជំរុញ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បន្ត​ការរៀនសូត្រ​បន្ថែម លើ​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​ការធ្វើ​ទំនើបកម្ម និង​ធ្វើ​បច្ចុប្បន្នភាព ដោយ​ខ្លួនឯង ស្របតាម​ដំណើរការ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​។ 

​ជុំវិញ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ លោក នេត្រ ភក្ត្រា ពន្យល់ថា​៖ «​កិច្ចការ​នេះ គឺជា​កិច្ចការងារ​ចាំបាច់​បំផុត​សម្រាប់​យើង​ពីព្រោះថា ប្រសិនបើ​យើង​មិនមាន​បច្ចេកវិទ្យា​ទំនើប ស្របទៅនឹង​ការរីកចម្រើន​បច្ចេកវិទ្យា​ពិភពលោក​ទេនោះ យើង​ប្រាកដជា​មិនអាច​ដើរ​តាម​ទាន់​ជនល្មើស​នោះទេ ពីព្រោះ​ជនល្មើស​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ផងដែរ ក្នុងការ​ផ្ដល់ព័ត៌មាន​ទៅវិញទៅមក ដើម្បី​គេចចេញ​ពី សំណាញ់​ច្បាប់​»​។​

​បើតាម លោក នេត្រ ភក្ត្រា បច្ចុប្បន្ន​កម្ពុជា មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១ ២០០​នាក់ ដែល​ការពារ និង​អភិរក្ស​លើ​ផ្ទៃដី​ប្រមាណ ៧,៣​លាន​ហិកតា ដោយ​ក្នុង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​ជា​មធ្យម ការពារ និង​អភិរក្ស​ផ្ទៃដី ៦​ពាន់​ហិកតា​។ ក្រៅពី​វិទ្យុទាក់ទង កន្លងមក​ក្រសួងបរិស្ថាន បានផ្ដល់​ដ្រូ​ន និង​សម្ភារ​មួយចំនួនទៀត​ផងដែរ ដល់​មន្ត្រី​ឧទ្យានុ​រក្ស​ផងដែរ​៕

ព័ត៌មានទាក់ទង